(កំពង់ឆ្នាំង)៖ អណ្ដូងស្នប់ចំនួន៩៦៤អណ្ដូង និងស្រះទឹកសហគមន៍ចំនួន៥៤ស្រះ ស្ថិតនៅក្នុងខេត្តគោលដៅទាំង១០ នៃគម្រោងត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ ជាផ្លូវការ នាថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២១ នៅភូមិអណ្ដូងរវៀង ឃុំអញ្ចាញរូង ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង ក្រោមអធិបតីភាពលោកបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ។

លោកបណ្ឌិត ចាន់ ដារ៉ុង រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និងជានាយកគម្រោង បានបញ្ជាក់ថា គម្រោងផ្គត់ផ្គង់ទឹកជនបទ ជំហាន២ ក្រោមហិរញ្ញប្បទាន ឥតសំណង របស់រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន មានថវិកាសរុប ៩០ ០១៨ ៨៨៨ RMB ស្មើនឹងប្រមាណ១៤លានដុល្លារអាមេរិក សម្រាប់ដំណើរការ សាងសង់អណ្ដូងស្នប់ និងស្រះសហគមន៍ នៅក្នុងខេត្តគោលដៅទាំង១០ ដោយចាប់ផ្ដើមពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៩ ដល់ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១។

ជាលទ្ធផលសម្រេចខួងអណ្ដូងបំពាក់ស្នប់ដៃម៉ាកអាហ្វ្រីដេវ (Afridev) ដែលមានជម្រៅពី៥០ម៉ែត្រ ទៅ៨០ម៉ែត្រ បានចំនួន៩៥៨អណ្តូង, អណ្តូងខួងបំពាក់ដោយម៉ូទ័រ បូម ដែលមានជម្រៅពី១២០ម៉ែត្រ ទៅ១៨០ម៉ែត្រ បានចំនួន៦អណ្តូង, សាងសង់ស្រះទឹកសហគមន៍ធម្មតា មានដាំស្មៅការពារជើងទេរ ដែលមានទំហំ ៥០ម៉ែត្រ គុណ៥០ម៉ែត្រ ជម្រៅ៤ម៉ែត្រ បានចំនួន១២ស្រះ, ស្រះទឹកសហគមន៍មានរៀបថ្ម និងបេតុង មានទំហំ៥០ម៉ែត្រ គុណ៥០ម៉ែត្រ ជម្រៅ៤ម៉ែត្រ បានចំនួន៤២ ស្រះ។

លោកបណ្ឌិត ចាន់ ដារ៉ុង បានបន្តថា នៅក្នុងខេត្តគោលដៅទាំង១០ នៃគម្រោងមាន៖ ខេត្តកំពង់ឆ្នាំងទទួលបាន អណ្ដូងខួង៨០អណ្ដូង ស្រះចំនួន៥ស្រះ, ស្វាយរៀង ១០០អណ្ដូង ស្រះ៤, ព្រៃវែង១០០អណ្ដូង ស្រះ៤, កំពត១០៤អណ្ដូង ស្រះ៤, កំពង់ស្ពឺ៨០អណ្ដូង ស្រះ៥, ពោធិ៍សាត់១០០អណ្ដូង ស្រះ៧, បន្ទាយមានជ័យ១០០ អណ្ដូង ស្រះ៧, កំពង់ចាម១០០អណ្ដូង ស្រះ៤, សៀមរាប១០០អណ្ដូង ស្រះ៧ , និងខេត្តបាត់ដំបងទទួលបាន១០០អណ្ដូង និងស្រះចំនួន៧ស្រះ។

លោក វូ គូឈន ទីប្រឹក្សាសេដ្ឋកិច្ច និងពាណិជ្ជកម្ម របស់ស្ថានទូតចិនប្រចាំកម្ពុជា បានសម្ដែងការអបអរសាទរចំពោះសមិទ្ធផលថ្មី ក្នុងកិច្ចខិតខំប្រឹងប្រែង របស់មន្រ្ដីអនុវត្តគម្រោង និងបានបញ្ជាក់ពីកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសទាំងពីរ ដែលបាននឹងកំពុងអនុវត្តគម្រោងនានាជាច្រើនក្នុងវិស័យផ្គត់ផ្គង់ទឹកស្អាត ដើម្បីរួមចំណែកកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋកម្ពុជា ហើយសមិទ្ធផលទាំងនេះជាចំណងមិត្តភាពនៃប្រទេសទាំងពីរផងដែរ ។
បណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន បានថ្លែងថា រដ្ឋាភិបាលចិន បានផ្តល់ហិរញ្ញប្បទានសម្បទាន ក៏ដូចជាជំនួយឥតសំណងដ៏ច្រើន និងទាន់ពេលវេលា តាមតម្រូវការជាក់ស្តែង ដោយពុំមានលក្ខខណ្ឌស្មុគស្មាញនោះទេ ដើម្បីរួមចំណែកស្តារ និងអភិវឌ្ឍន៍ប្រទេសកម្ពុជាលើគ្រប់វិស័យ ពិសេសថ្មីៗនេះ មិត្តដែកថែបរបស់កម្ពុជា បានផ្តល់និងប្ដេជ្ញា ផ្តល់បន្ថែមទៀតនូវវ៉ាក់ សាំងការពាជំងឺកូវីដ-១៩ ដល់កម្ពុជាថែមទៀតផង។ នេះគឺជាការរួមចំណែកដ៏សំខាន់ជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍសង្គម ក្នុងខណៈពេលដែលកម្ពុជាទើបបានឆ្លងផុតពីសង្រ្គាម និងកំពុងមានតម្រូវការចាំបាច់ក្នុងការស្តារ និងអភិវឌ្ឍន៍ប្រទេសជាតិ។

បណ្ឌិតសភាចារ្យ បានបន្តថា អណ្ដូងស្នប់ចំនួន៩៦៤អណ្ដូង និងស្រះទឹកសហគមន៍ចំនួន៥៤ស្រះ ដែលត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនាពេលនេះ បានធ្វើឲ្យប្រជាជនដែលជាអ្នកទទួលផលនៅក្នុងតំបន់ របស់គម្រោងទាំងអស់ នឹងពុំមានក្តីកង្វល់ច្រើនទៀត អំពីការខ្វះខាតទឹកស្អាត សម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃ ទោះបីនៅក្នុងរដូវប្រាំង និងពេលដែលមានគ្រោះរាំងស្ងួតទៀតហើយ។

ហើយជាការរួមចំណែកយ៉ាងសំខាន់ ដល់រដ្ឋាភិបាលកម្ពុជាលើវិស័យផ្គត់ផ្គង់ទឹក ក្នុងគោលដៅបង្កើនការផ្គត់ផ្គង់ទឹកស្អាតនៅជនបទ ដើម្បីចូលរួមការកែលម្អលក្ខខណ្ឌ រស់នៅរបស់សហគមន៍ជនបទ និងអាច ឆ្លើយតបបានតាមទស្សនវិស័យរបស់រាជរដ្ឋាភិបាលដែលបានកំណត់ថា «ត្រឹមឆ្នាំ ២០២៥ ប្រជាជនគ្រប់រូប នៅសហគមន៍ជនបទ ត្រូវមានសេវាផ្គត់ផ្គង់ទឹកស្អាត និងអនាម័យគ្រប់គ្រាន់ ព្រមទាំងរស់នៅក្នុងបរិស្ថានដែលមានអនាម័យ ប្រកបដោយនិរន្តរភាព»៕