(ភ្នំពេញ)៖ កម្មវិធីកូវ៉ាក់ (COVAX) របស់អង្គការសុខភាពពិភពលោក (WHO) បានផ្តល់វ៉ាក់សាំង អាស្ត្រាហ្សេណេកា (Astra Zeneca) ចំនួន២៩០,៤០០ដូសថែមទៀតដល់កម្ពុជា នាព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១។

ប្រទេសកម្ពុជា ធ្លាប់ជាប្រទេសមួយស្ថិតក្នុងចំណោមប្រទេសដំបូងគេ ដែលទទួលបានវ៉ាក់សាំងកូវីដ១៩ ពីអង្គការសុខភាពពិភពលោក (WHO) តាមរយៈកម្មវិធីកូវ៉ាក់ (COVAX)។ ការទទួលបានវ៉ាក់សាំងលើកទី១នោះ ក៏ជាប្រភេទអាស្ត្រាហ្សេណេកាផងដែរ ដែលត្រូវបានដឹកមកដល់កម្ពុជាកាលពីថ្ងៃទី០២ ខែមីនា ឆ្នាំ២០២១ ដែលមានចំនួន ៣២៤,០០០ដូស។

ប្រទេសកម្ពុជា ក៏ជាប្រទេសមួយ ដែលត្រូវបានមជ្ឈមណ្ឌលកូវ៉ាក់កំណត់ជាប្រទេសត្រូវផ្តល់នូវជំនួយវ៉ាក់សាំង ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ផងដែរ។ មជ្ឈមណ្ឌលកូវ៉ាក់ បានកំណត់ផ្តល់វ៉ាក់សាំងបង្កាជំងឺកូវីដ១៩ ប្រមាណ៦.៦លានដូសមកដល់ប្រទេសកម្ពុជាក្នុងជំហានដំបូង។

មជ្ឈមណ្ឌលកូវ៉ាក់ គឺជាយន្តការអន្តរជាតិមួយ ត្រូវបានបង្កើតឡើងក្រោមកិច្ចសហប្រតិបត្តិការរវាងអង្គការសុខភាពពិភពលោក និងអង្គការអភិវឌ្ឍន៍អន្តរជាតិនានា ដើម្បីស្វះស្វែងរកវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូនដល់ប្រទេសក្រីក្រ និងប្រទេសអភិវឌ្ឍន៍តិចតួច។

មកដល់ពេលនេះវ៉ាក់សាំងប្រមាណជិត ៣លានដូសហើយ ដែលកូវ៉ាក់ បានបញ្ជូនមកដល់ប្រទេសប្រទេសកម្ពុជា៕