(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងពាណិជ្ជកម្ម បានដាក់តម្កល់លិខិតុបករណ៍ចូលជាភាគីអនុសញ្ញាទីក្រុងប៊ែន ដើម្បីការពារស្នាដៃអក្សរសាស្ត្រ និងសិល្បៈ ទៅកាន់អង្គការកម្មសិទ្ធិបញ្ញាពិភពលោក។ ក្រៅពីដាក់តម្កល់លិខិតុបករណ៍នេះ ក្រសួងពាណិជ្ជកម្ម ក៏បានចុះអនុស្សរណៈនៃការយោគយល់គ្នារវាង គណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញារបស់កម្ពុជា និងអង្គការកម្មសិទ្ធិបញ្ញាពិភពលោក ស្តីពីការអនុវត្តផែនការរបស់កម្ពុជា សម្រាប់កិច្ចសហប្រតិបត្តិការបច្ចេកទេស។

ពិធីខាងលើនេះត្រូវបានធ្វើឡើងតាមប្រព័ន្ធវីដេអូ នាព្រឹកថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២១នេះ។ ថ្លែងក្នុងពិធីខាងលើនេះ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីពាណិជ្ជកម្ម បានគូសបញ្ជាក់ថា ការចូលជាភាគីនៃអនុសញ្ញាទីក្រុងប៊ែនស្តីពីកិច្ចការពារស្នាដៃអក្សរសាស្ត្រ និងសិល្បៈ ធ្វើឡើងស្របតាមផែនការយុទ្ធសាស្ត្រសមាហរណកម្មពាណិជ្ជកម្ម២០១៩-២០២៣ និងគោលនយោបាយជាតិកម្មសិទ្ធិបញ្ញា ដើម្បីទាញយកប្រយោជន៍ជាអតិបរមាពីកិច្ចការពារស្នាដៃអក្សរសាស្ត្រ និងសិល្បៈ ព្រមទាំងលើកតម្កើងវប្បធម៌របស់ព្រះរាជាណាចក្រកម្ពុជា ក្នុងក្របខណ្ឌអន្តរជាតិ តាមរយៈគោលការណ៍បដិការនៃកិច្ចការពារជាមួយប្រទេសចំនួន១៧៩ ដែលជាភាគីនៃអនុញ្ញាទីក្រុងប៊ែន។

ក្នុងនាមជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា លោក ប៉ាន សូរស័ក្តិ បានលើកឡើងថា សមិទ្ធិផលនេះជាសក្ខីភាពមួយ ដែលបង្ហាញពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការចូលរួមពង្រឹងប្រព័ន្ធកម្មសិទ្ធិបញ្ញា និងអនុវត្តកាតព្វកិច្ចរបស់ប្រទេសកម្ពុជា ក្រោមក្របខណ្ឌអន្តរជាតិ សំដៅដល់ការចូលរួមក្នុងសកលភាវូបនីយកម្ម និងពហុភាគីនិយមបន្ថែមទៀត។

លោករដ្ឋមន្ត្រីបន្ដថា «ការចូលជាភាគីអនុសញ្ញាទីក្រុងប៊ែននេះ គឺជាកាលានុវត្តភាពសម្រាប់ ម្ចាស់ស្នាដៃ សិទ្ធិអ្នកនិពន្ធ និងសិទ្ធិប្រហាក់ប្រហែលរបស់ព្រះរាជាណាចក្រកម្ពុជា ក្នុងការទទួលបានសិទ្ធិបេតិកភណ្ឌ និងសិទ្ធិសីលធម៌ ក្នុងក្របខណ្ឌអន្តរជាតិ ហើយបន្ថែមពីនេះព្រះរាជាណាចក្រកម្ពុជានឹងទទួលបានការប្រើប្រាស់ការបោះពុម្ពស្នាដៃរបស់បរទេស សម្រាប់លើកកម្ពស់ការអប់រំ ការស្រាវជ្រាវ និងការអភិវឌ្ឍ ដែលជាកត្តាមួយក្នុងការចូលរួមអភិវឌ្ឍធនធានមនុស្ស អភិវឌ្ឍន៍ និងអភិរក្ស វិស័យវប្បធម៌ឱ្យក្លាយជាសមាសធាតុមួយក្នុងការអភិវឌ្ឍ សេដ្ឋកិច្ច តាមរយៈការអភិវឌ្ឍឧស្សាហកម្មច្នៃប្រឌិតលើ អក្សរសាស្ត្រ តូរ្យតន្ត្រី សោតទស្សន៍ ភាពយន្ត ចម្លាក់ គំនូរ សិល្បៈសូនរូប និងសិល្បៈផ្សេងៗទៀត ព្រមទាំងការអភិវឌ្ឍវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និង អភិវឌ្ឍន៍ និងបង្កើនជំនឿទុកចិត្តដល់អ្នកវិនិយោគ»។

ភ្ជាប់ជាមួយកម្មវិធីដាក់លិខិតុបករណ៍ដើម្បីការពារស្នាដៃអក្សរសាស្ត្រ និងសិល្បៈនេះ លោក ប៉ាន សូរស័ក្តិ និងលោក Daren Tang អគ្គនាយកអង្គការកម្មសិទ្ធិបញ្ញាពិភពលោក បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា រវាង គណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញានៃព្រះរាជាណាចក្រកម្ពុជា និងអង្គការកម្មសិទ្ធិបញ្ញាពិភពលោក ស្តីពី ការអនុវត្តផែនការរបស់ព្រះរាជាណាចក្រកម្ពុជា សម្រាប់កិច្ចសហប្រតិបត្តិការបច្ចេកទេសផងដែរ។

អនុស្សរណៈនេះនឹងក្លាយជាឧបករណ៍ដ៏សំខាន់មួយសម្រាប់កម្ពុជា ដើម្បីទទួលបានជំនួយបច្ចេកទេសពីអង្គការកម្មសិទ្ធិបញ្ញាពិភពលោកចាប់ពីឆ្នាំ២០២២ ដល់២០២៦ លើកិច្ចការអទិភាពខាងក្រោម៖
លទ្ធផលផ្នែកទី១៖ កម្រិតជាតិ-កសាងក្របខណ្ឌ
* អនុវត្តផែនការសកម្មភាពនៃគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា ចាប់ពីឆ្នាំ២០២១ ដល់ ២០២៣។
* គម្រោង៖ ការរៀបចំ និងអនុវត្តន៍គោលនយោបាយជាតិកម្មសិទ្ធិបញ្ញានៃព្រះរាជាណាចក្រកម្ពុជា។
* ផ្តល់ជំនួយសម្រាប់ការចូលជាភាគីនៃសន្ធិសញ្ញា។
* ផ្តល់មគ្គុទេ្ទសក៍ និងការប្រឹក្សាយោបល់លើច្បាប់ និងលិខិតបទដ្ឋានគតិយុត្តទាក់ទងនឹងកម្មសិទ្ធិបញ្ញា។

លទ្ធផលផ្នែកទី២៖ កម្រិតស្ថាប័ន-ធ្វើទំនើបកម្មស្ថាប័នកម្មសិទ្ធិបញ្ញា
* គម្រោង៖ ការវិនិច្ឆ័យចំពោះការគ្រប់គ្រងនិងធនធានសម្រាប់អង្គភាពកម្មសិទ្ធិបញ្ញាជាតិ។
* គម្រោង៖ ប្រព័ន្ធគ្រប់គ្រងការរៀន និងការបណ្តុះបណ្តាលបុគ្គល និងផ្អែកលើសមត្ថភាព សម្រាប់អ្នកត្រួតពិនិត្យប្រកាសនីយបត្រតក្កកម្ម។
* គម្រោង៖ ប្រព័ន្ធគ្រប់គ្រងការរៀន និងការបណ្តុះបណ្តាលបុគ្គល និងផ្អែកលើសមត្ថភាព សម្រាប់អ្នកត្រួតពិនិត្យម៉ាក។
* ផ្តល់ជំនួយស្វ័យប្រវត្តកម្មសម្រាប់រដ្ឋបាលកម្មសិទ្ធិបញ្ញា។

លទ្ធផលផ្នែកទី៣៖ កម្រិតសហគមន៍-សង្គមដែលបង្កលទ្ធភាព
* គម្រោង៖ ការបង្កើតបរិយាកាសនវានុវត្តន៍ដែលបង្កលទ្ធភាពពង្រឹងភាពប្រកួតប្រជែងធុរកិច្ច តាមរយៈការកសាងកេរ្តិ៍ឈ្មោះម៉ាក និងគំនូរឧស្សាហកម្ម។
* គម្រោង៖ បង្កើនសមត្ថភាពសម្រាប់ផ្តល់ការគាំទ្រនវានុវត្តន៍ បច្ចេកវិទ្យា។
* គម្រោង៖ សិក្ខាសាលាវិលជុំកម្មសិទ្ធិបញ្ញាពាក់ព័ន្ធបរិយាកាសនវានុវត្តន៍ ដើម្បីបង្កលទ្ធភាពក្នុងការបង្កើននូវការប្រើប្រាស់ប្រព័ន្ធកម្មសិទ្ធិបញ្ញាជាសាកល (សិក្ខាសាលាកម្មសិទ្ធិបញ្ញាវិលជុំ) (ការចុះបញ្ជីម៉ាកជាលក្ខណៈអន្តរជាតិតាមប្រព័ន្ធម៉ាឌ្រីដ និងសន្ធិសញ្ញាសហប្រតិបត្តិការប្រកាសនីយបត្រតក្កកម្ម)។
* គម្រោង៖ បរិយាកាសនវានុវត្តន៍ ដើម្បីបង្កលទ្ធភាពក្នុងការបង្កើនសមត្ថភាពសម្រាប់គាំទ្របច្ចេកវិទ្យា។
* ផ្តល់ជំនួយសម្រាប់មជ្ឈមណ្ឌលគាំទ្របច្ចេកវិទ្យា និងនវានុវត្តន៍ (TISCs)។

លោករដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ បានបង្ហាញជំនឿយ៉ាងមុតមាំថា តាមរយៈអនុស្សារណៈនៃការយោគយល់គ្នានេះនឹងចូលរួមពង្រឹង និងអភិវឌ្ឍន៍ប្រព័ន្ធកម្មសិទ្ធិបញ្ញានៅកម្ពុជាឱ្យក្លាយទៅជាកម្លាំងចលករក្នុងការអភិវឌ្ឍសេដ្ឋកិច្ច ពាណិជ្ជកម្ម ឧស្សាហកម្ម វប្បធម៌ ទេសចរណ៍ និងកសិកម្ម តាមរយៈការលើកកម្ពស់ កិច្ចការពារកម្មសិទ្ធិបញ្ញា កេរ្តិ៍ឈ្មោះម៉ាក និងផលិតផលរបស់កម្ពុជា ការបង្កើតស្នាដៃវប្បធម៌ តក្កកម្ម ធនធានពន្ធុ ចំណេះដឹងជាប្រពៃណី និងវិញ្ញាត្តិវប្បធម៌ ជំរុញការប្រើប្រាស់កម្មសិទ្ធិបញ្ញា ដើម្បីលើកកម្ពស់ការស្រាវជ្រាវ និងអភិវឌ្ឍន៍ ក្នុងការបង្កើតផលិតផលបច្ចេកវិទ្យា និងជំរុញគំនិតច្នៃប្រឌិត និងការបង្កើតថ្មី ព្រមទាំងឧស្សាហកម្មវប្បធម៌ ឱ្យឆ្លើយតបទៅនឹងបរិបទសេដ្ឋកិច្ច និងសង្គមឌីជីថល និងបដិវត្តឧស្សាហកម្មជំនាន់ទី៤ ហើយចូលរួមចំណែកក្នុងការសម្រេចបាននូវចក្ខុវិស័យនៃព្រះរាជាណាចក្រកម្ពុជាឆ្នាំ២០៥០ និងជាមូលដ្ឋានកសាងបរិយាកាសវិនិយោគប្រកបដោយទំនុកចិត្ត និងសង្គមដែលពោរពេញនវានុត្តភាព៕