(ភ្នំពេញ)៖ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្តិ បានលើកឡើងថា សេដ្ឋកិច្ចឌីជីថល ឬពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក បាននិងកំពុងក្លាយជាទិដ្ឋភាពដ៏សំខាន់សម្រាប់ការរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។

លោករដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ បានគូសបញ្ជាក់បែបនេះក្នុងឱកាសថ្លែងសុន្ទរកថាបើកសិក្ខាសាលា ស្តីពី «ការប្រែក្លាយអាស៊ានទៅជាសហគមន៍ឌីជីថលឈានមុខ៖ ការត្រួតពិនិត្យលើផែនការការងារស្តីពីការអនុវត្តកិច្ចព្រមព្រៀងអាស៊ានស្តីពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក» ធ្វើឡើងតាមប្រព័ន្ធវីដេអូ នៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២១នេះ។ សិក្ខាសាលានេះ រៀបចំឡើងដោយមជ្ឈមណ្ឌលពាណិជ្ជកម្មអាស៊ី (Asian Trade Centre-ATC) និងក្រុមហ៊ុនផ្តល់ប្រឹក្សាយោបល់ពាណិជ្ជកម្ម និងវិយោគ TradeWorthy ដោយមានការអញ្ជើញចូលរួមពីមន្ត្រីជាន់ខ្ពស់មកពីបណ្តារដ្ឋសមាជិកអាស៊ាន តំណាងមកពីអង្គការ និងវិស័យឯកជននានាជាច្រើនរូប។

ក្នុងសុន្ទរកថាបើកសិក្ខាសាលានេះ លោករដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ បានថ្លែងអំណរគុណមជ្ឈមណ្ឌលពាណិជ្ជកម្មអាស៊ី (ATC) និងក្រុមហ៊ុនផ្តល់ប្រឹក្សាយោបល់ពាណិជ្ជកម្ម និងវិយោគ TradeWorthy ដែលបានរៀបចំសិក្ខាសាលាដ៏មានសារៈសំខាន់នេះឡើង។ លោករដ្ឋមន្ត្រី បានលើកឡើងថា សិក្ខាសាលានេះធ្វើឡើងក្នុងគោលបំណងបង្ហាញជូនភាគីពាក់ព័ន្ធទាំងអស់អំពីផែនការការងារលើកិច្ចព្រមព្រៀងអាស៊ាន ស្តីពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក និងប្រសិទ្ធភាពនៃការអនុវត្តផែនការនេះ ដែលនឹងជួយដោះស្រាយនូវគំលាតទាំងឡាយទាក់ទងនឹងបទប្បញ្ញត្តិ និងលើកកម្ពស់ក្របខ័ណ្ឌគោលនយោបាយរួមសម្រាប់ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកក្នុងតំបន់ ក៏ដូចជាដោះស្រាយបញ្ហាទូទៅចំពោះការចូលរួមរបស់សហគ្រាសមីក្រូ ធុនតូច និងមធ្យមក្នុងវិស័យសេដ្ឋកិច្ចឌីជីថល ព្រមទាំងគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងនាមជាប្រធានអាស៊ានក្នុងការជំរុញសមាហរណកម្មតំបន់នៃសេដ្ឋកិច្ចឌីជីថលជាដើម។

លោករដ្ឋមន្ត្រីបន្តថា សេដ្ឋកិច្ចឌីជីថល ឬពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក បាននិងកំពុងក្លាយជាទិដ្ឋភាពដ៏សំខាន់សម្រាប់ការរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។ ដោយសារតែកំណើននៃពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកមានការកើនឡើងនៅគ្រប់បណ្តារដ្ឋក្នុងតំបន់អាស៊ាន ដូច្នេះហើយអាស៊ានបានរួមគ្នាចរចារបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មស្តីពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ដែលជាកិច្ចព្រមព្រៀងតំបន់ដ៏មានសារៈសំខាន់ និងត្រូវបានចុះហត្ថលេខាដោយបណ្តារដ្ឋសមាជិកអាស៊ាន កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០១៩ នៅរដ្ឋធានីហាណូយ ប្រទេសវៀតណាម ដែលកិច្ចព្រមព្រៀងនេះ មានគោលបំណងបីសំខាន់ៗ រួមមាន ៖ ដើម្បីសម្រួលពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកឆ្លងកាត់ព្រំដែន ដើម្បីបង្កើតបរិយាកាសនៃការជឿជាក់ និងទំនុកចិត្តក្នុងតំបន់ និងជំរុញកំណើនប្រកបដោយបរិយាបន្ននិងកាត់បន្ថយគម្លាតនៃការអភិវឌ្ឍក្នុងតំបន់អាស៊ាន។

លោក ប៉ាន សូរស័ក្តិ បានបញ្ជាក់ទៀតថា កម្ពុជាបានខិតខំប្រឹងប្រែងយ៉ាងយកចិត្តទុកដាក់ក្នុងការអភិវឌ្ឍវិស័យពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក និងបានប្តេជ្ញាចិត្តក្នុងការអនុវត្តតាមកិច្ចព្រមព្រៀងអាស៊ានស្ពីពីពាណិជ្ជកម្មកម្ពុជាតាមប្រព័ន្ធអេឡិចត្រូនិក ជាក់ស្ដែងកម្ពុជាបានប្រកាសឱ្យប្រើប្រាស់ច្បាប់ស្តីពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក កាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៩ និងបានផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងអាស៊ានស្ពីពីពាណិជ្ជកម្មកម្ពុជាតាមប្រព័ន្ធអេឡិចត្រូនិក កាលពីថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៩។ បន្ថែមពីនេះ កាលពីខែវិច្ឆិកា ឆ្នាំ២០២០ កន្លងទៅ កម្ពុជាបានដាក់ឱ្យដំណើរការជាផ្លូវការនូវយុទ្ធសាស្ត្រពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ដែលឯកសារនេះត្រូវបានប្រើប្រាស់ជាឯកសារយុទ្ធសាស្ត្រក្នុងការបន្តបង្កើតគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថល ២០២១-២០២៥។

លោករដ្ឋមន្ត្រី ក៏បានលើកទឹកចិត្តឱ្យអ្នកចូលរួមទាំងអស់ ចូលរួមស្តាប់នូវការធ្វើបទបង្ហាញ ដោយយកចិត្តទុកដាក់ពីវាគ្មិនសំខាន់ៗដែលនឹងផ្លាស់ប្តូរយោបល់ ទស្សនៈលើប្រធានបទ «ការប្រែក្លាយអាស៊ានទៅជាសហគមន៍ឌីជីថលឈានមុខ៖ ការត្រួតពិនិត្យលើផែនការការងារស្តីពីការអនុវត្តកិច្ចព្រមព្រៀងអាស៊ានស្តីពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក» ព្រមទាំងជូនពរឱ្យអង្គសិក្ខាសាលានេះប្រព្រឹត្តទៅប្រកបដោយជោគជ័យ៕