(ភ្នំពេញ)៖ រយៈពេលជិត២ខែ គិតចាប់ពីថ្ងៃទី១៨ ខែតុលា បន្ទាប់ពីមានការអនុញ្ញាតឱ្យដោះលែងយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ២០% ពីសំណាក់ប្រមុខរាជ រដ្ឋាភិបាល រហូតដល់ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២១ ក្រសួងសាធារណការ និងដឹកជញ្ជូន បន្តឆ្មក់ត្រួតពិនិត្យ និងរកឃើញយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ដែលត្រូវ ឃាត់ទុកមួយឆ្នាំ បានចំនួន ៤៨គ្រឿងបន្ថែមទៀត។

នេះបើយោងតាមរបាយការណ៍នៃកិច្ចប្រជុំបូកសរុបលទ្ធផលការងារត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ដែលសម្រេចបានក្នុងរយៈពេល ១១ខែ ក្នុងឆ្នាំ២០២១ និងលើកទិសដៅបន្ត ដែលបានធ្វើឡើងនាថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២១នេះ ដែលដឹកនាំដោយលោក សេង ឈួន រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានគណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់
ដែលមានការចូលរួមពី ថ្នាក់ដឹកនាំសមាជិក សមាជិកាលេខាធិការដ្ឋាន និងប្រធាន អនុប្រធានស្ថានីយជញ្ជីង និងមន្ត្រីតំណាងរដ្ឋបាលរាជធានី-ខេត្តទាំង ៣៣ស្ថានីយ។

សូមជម្រាបដែរថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ បានអនុញ្ញាតឱ្យក្រសួងសាធារណការ និងដឹកជញ្ជូន ដោះលែងយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ចំនួន ២២៩គ្រឿង មុនកាលកំណត់ ដែលយានយន្តទាំងនោះត្រូវបានឃាត់ទុកនៅតាមស្ថានីយជញ្ជីង និងមន្ទីរសាធារណការ និងដឹកជញ្ជូនតាមបណ្តារាជធានី-ខេត្តមួយចំនួន។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ថ្វីត្បិតតែរាជរដ្ឋាភិបាលកម្ពុជា អនុញ្ញាតឱ្យមានការដោះលែង និងបន្ធូរបន្ថយក្នុងឱកាសបុណ្យភ្ជុំបិណ្ឌក៏ពិតមែន ប៉ុន្តែសូម ម្ចាស់យានយន្ត ម្ចាស់អាជីវកម្មដឹកជញ្ជូនទាំងឡាយគោរព និងអនុវត្តតាមច្បាប់ស្តីពីផ្លូវថ្នល់ មាត្រា៦០ និងសេចក្ដីជូនដំណឹង លេខ០៤៩ សជណ សក. គតលទ ស្តីពីការពង្រឹងវិធានការយ៉ាងតឹងរ៉ឹងបន្ថែមចំពោះយានយន្តដឹកជញ្ជូនធុនធ្ងន់ ដែលបើកបរលើបណ្តាញផ្លូវថ្នល់ ហើយសូមឱ្យក្រសួងសាធារណការ និងដឹកជញ្ជូន ត្រូវតែបន្តអនុវត្តយ៉ាងតឹងរ៉ឹងចំពោះយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ដោយច្បាប់ ដោយមិនមានការលើកលែងជាលើកទី២ ទៀតទេ។ ជាងនេះទៀត ក្រសួង ត្រូវខិតខំធ្វើការផ្សព្វផ្សាយជូនដំណឹងឱ្យបានទូលំទូលាយបន្ថែមទៀតអំពីច្បាប់និងលិខិតបទដ្ឋានគតិយុត្តនានាដល់សាធារណជនទូទៅ ឱ្យបានយល់ដឹង និងជ្រួតជ្រាបកាន់តែច្បាស់។

យោងតាមរបាយការណ៍នៅក្នុងកិច្ចប្រជុំខាងលើនេះ បានឱ្យដឹងដែរថា ការអនុវត្តការងារក្នុងរយៈពេល ១១ខែ ឆ្នាំ២០២១ បានត្រួតពិនិត្យយានយន្តសរុប ចំនួន ២ ៣៣៤ ៣៧១ គ្រឿង យានយន្តលើសទម្ងន់កម្រិតកំណត់ចំនួន ៧៣៩ ៥៣៨ គ្រឿង ស្មើនឹង ៣១.៦៨% ក្នុងនោះ យានយន្តផ្ទុក លើស ក្នុងកម្រិតអនុគ្រោះ ចំនួន ៧៣៦ ៧៣៥ គ្រឿង និងយានយន្តលើសទម្ងន់កម្រិតកំណត់ដែលបានពិន័យមានចំនួន ២ ៨០៣គ្រឿង។

ក្នុងនោះចាប់ពីថ្ងៃទី១៨ ខែតុលា រហូតដល់ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២១ ក្រុមការងារបន្តឃាត់យានយន្តដឹកលើសទម្ងន់កម្រិតកំណត់លើសពី២០% ដែលឃាត់ទុកមួយឆ្នាំ មានចំនួន ៤៨គ្រឿង បន្ទាប់ពីគោរពតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន ដែលបានអនុញ្ញាតដោះលែងយានយន្តចំនួន ២២៩គ្រឿង កាលពីខែកញ្ញា ឆ្នាំ២០២១ កន្លងទៅ។

ក្រុមមន្ត្រីជំនាញនឹងបន្តផ្សព្វផ្សាយ ពន្យល់ណែនាំដល់ម្ចាស់យានយន្ត ម្ចាស់អាជីវកម្មដឹកជញ្ជូន ការដ្ឋានអាជីវកម្មកិនថ្ម ដេប៉ូខ្សាច់ រណ្តៅដី និងសាធារណជនទាំងអស់ ឱ្យបានជ្រាបកាន់តែទូលំទូលាយ អំពីបទដ្ឋានច្បាប់នានាដែលពាក់ព័ន្ធការដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ជាពិសេសច្បាប់ស្តីពីផ្លូវថ្នល់ មាត្រា២៦ និងមាត្រា៦០ និងសេចក្ដីជូនដំណឹង លេខ០៤៩ សជណ សក. គតលទ ស្តីពីការពង្រឹងវិធានការយ៉ាងតឹងរ៉ឹងបន្ថែមចំពោះយានយន្តដឹកជញ្ជូនធុនធ្ងន់ ដែលបើកបរលើបណ្តាញ ផ្លូវថ្នល់នៅទូទាំងប្រទេស។

ជាងនេះទៅទៀត ក្រុមការងារនឹងបន្តអនុវត្តច្បាប់ និងទប់ស្កាត់ការដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់យ៉ាងតឹងរ៉ឹងបំផុតដោយមិនមានការលើកលែងឡើយ ហើយនឹងបន្ត ដំឡើងកាមេរ៉ាសុវត្ថិភាព (CCTV Camera) និងជញ្ជីងស្វ័យប្រវត្តិ (AI and Weigh in Motion Sensor) នៅតាមស្ថានីយមួយចំនួន ដើម្បីតាមដាន និងត្រួតពិនិត្យលើការ អនុវត្តការងាររបស់មន្រ្តីប្រចាំការនៅតាមស្ថានីយជញ្ជីង។

ជាមួយគ្នានោះ គណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ នឹងរៀបចំដាក់ឱ្យប្រើប្រាស់ស្ថានីយជញ្ជីងថ្មី ចំនួន ០២ គឺនៅតាមបណ្តោយផ្លូវជាតិលេខ ៣៣ ក្នុងខេត្តកែប និងផ្លូវជាតិលេខ៦២ ក្នុងខេត្តព្រះវិហារ ព្រមទាំងគ្រោងសាងសង់ស្ថានីយជញ្ជីងថ្មីបន្ថែមទៀត នៅខេត្តមណ្ឌលគិរី និងខេត្តកោះកុង ក្នុងផែនការឆ្នាំ២០២២ ខាងមុខនេះ ផងដែរ៕