(ភ្នំពេញ)៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ក្របខ័ណ្ឌទូទាំងប្រទេស បានលើកឡើងថា វ៉ាក់សាំងកូវីដ១៩ អាចនឹងត្រូវចាក់ជាបន្ដបន្ទាប់ មិនទាន់បញ្ចប់ត្រឹមដូសទី៣ ឬទី៤នោះទេ ប៉ុន្ដែត្រូវមានការសិក្សាច្បាស់លាស់ដើម្បីកំណត់ពីការរក្សាគម្លាតពីដូសមួយ ទៅដូសមួយ ចន្លោះ៦ខែ ឬមួយឆ្នាំ។

ក្នុងបទសម្ភាសន៍រួមគ្នានៅក្រសួងសុខាភិបាល បង្ហាញពីបច្ចុប្បន្នជំងឺកូវីដ១៩ ប្រភេទបំប្លែងថ្មី «អូមីក្រុង» នារសៀលថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២១នេះ លោកស្រី ឱ វណ្ណឌីន បានបន្ថែមថា យោងទៅលើការវិវឌ្ឍន៍នៃជំងឺកូវីដ១៩ ដែលចេះតែបំប្លែងខ្លួនជាបន្ដបន្ទាប់នោះ សម្រាប់ការចាក់ដូសទី៤ នៅកម្ពុជាអាចនឹងត្រូវចាប់ផ្ដើមនៅឆ្នាំ២០២២ខាងមុខ ចំពោះអ្នកដែលបានចាក់ដូសទី៣រួចរាល់ ហើយបានរយៈពេល៦ខែឡើង។

លោកស្រី ឱ វណ្ណឌីន បានបញ្ជាក់បែបនេះថា «អាចពី៦ខែ ទៅមួយឆ្នាំ ដែលយើងត្រូវចាក់ដូសទី៤នេះជាបន្ដទៀត តែចំណុចនេះត្រូវឲ្យមានភាពច្បាស់លាស់នៅពេលណាដែលមានការបកស្រាយ ឬការសិក្សាបន្ថែមទៀត ដែលនេះគ្រាន់តែជាការសង្ស័យរបស់យើង។ តែចំណុចដែលខ្ញុំគិតថាប្រាកដ ដូសទី៤នេះ គឺត្រូវតែចាក់តែមិនទាន់ចាក់ថ្ងៃណា ហើយក្រោយពីដូសទី៤ទៅ ដូសទី៥នឹងមាន»

បើតាមលោកស្រី ឱ វណ្ណឌីន ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ អាចនឹងត្រូវចាក់ដូសវ៉ាក់សាំងផ្ដាសាយ ពោលត្រូវចាក់ជាបន្ដបន្ទាប់ តែត្រូវរង់ចាំការសិក្សាច្បាស់លាស់អំពីរយៈពេលក្នុងការចាក់។

ពាក់ព័ន្ធការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩នេះ លោកស្រី ឱ វណ្ណឌីន បានគូសបញ្ជាក់ផងដែរ រាជរដ្ឋាភិបាលក៏បានផ្ដល់សិទ្ធិឲ្យវិស័យឯកជន អាចនាំចូល និងចាក់ជូនប្រជាពលរដ្ឋបានដូចគ្នាផងដែរ ដែលប្រៀបដូចជាការផ្ដល់នូវជម្រើសស្វែងរកសេវាចាក់វ៉ាក់សាំងកូវីដ១៩ នៅពេលណាដែលវិស័យឯកជនចាប់ផ្ដើមអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ក្នុងការរក្សាទុកវ៉ាក់សាំងនេះបានត្រឹមត្រូវតាមក្បួនបច្ចេកទេស។

សូមជម្រាបថា គិតត្រឹមយប់ថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២១ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ១៩ ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេសសរុបចំនួន ១៤,១៨៩,៦៤៣នាក់។ ក្នុងរួមមាន៖

១៖ ចាប់ពីអាយុ១៨ឆ្នាំឡើង ១០,១១២,៨៣៧នាក់
២៖ ចាប់ពីអាយុ១២ដល់១៨ឆ្នាំ ១,៨០៦,៦៨៩នាក់
៣៖ ចាប់ពីអាយុ០៦ដល់១២ឆ្នាំ ១,៩៨៧,៣៦១នាក់
៤៖ អាយុ៥ឆ្នាំ ២៨២,៧៥៦នាក់៕