(បន្ទាយមានជ័យ)៖ ឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ បានអំពាវនាវ និងផ្តាំផ្ញើបែបនេះ ក្នុងឱកាសជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋវ័យចាស់នៅក្រុងប៉ោយប៉េត ខេត្តបន្ទាយមានជ័យ នៅល្ងាចថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២១ ដែលមានអ្នកចូលរួម៤០០នាក់។

ក្នុងឱកាសនោះ ឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន បានថ្លែងពាំនាំនូវការសួរសុខទុក្ខ និងជូនពរជ័យពី សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្ដេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានកិត្តិយសគណៈកម្មាធិការជាតិកម្ពុជា ដើម្បីមនុស្សចាស់ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា ថ្វាយប្រគេន និងជូនចំពោះព្រះសង្ឃ ប្រជាពលរដ្ឋទាំងអស់ ក្នុងខេត្តបន្ទាយមានជ័យទាំងអស់។

ក្នុងនាមក្រុមការងារនាឱកាសនោះដែរ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានថ្លែងដោយសេចក្តីរីករាយ និងសូមកោតសរសើដោយស្មោះជូនចំពោះថ្នាក់ដឹកនាំខេត្ត ព្រមទាំងមន្រ្តីរាជការទាំងអស់ទូទាំងខេត្ត ក្រុមការងារ គ្រប់ថ្នាក់ សប្បុរសជននានា វិស័យឯកជនទាំងអស់ ដែលបានចូលរួមសាមគ្គីគ្នា ក្នុងការរួមចំណែកជួយមនុស្សចាស់ឱ្យទទួលបាននូវការផ្គត់ផ្គង់ ការហូបចុក សំលៀកបំពាក់ ការថែទាំ សុខភាព និងទទួលបាននូវភាពកក់ក្តៅពីសង្គមជាតិ និងបង្កលក្ខណៈគ្រប់គ្រាន់ដល់មនុស្សចាស់ សម្រាប់ការអភិវឌ្ឍសង្គមជាតិយើងស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា។

ជាមួយគ្នានេះ ឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន បានអំពាវនាវ និងផ្តាំផ្ញើឱ្យអាជ្ញាធរពាក់ព័ន្ធបង្កើនការយកចិត្តទុកដាក់គាំទ្រគ្រប់មធ្យោបាយ លើកស្ទួយសុខុមាលភាពមនុស្សវ័យចាស់ឱ្យកាន់តែល្អប្រសើរថែមទៀត ពិសេសការឧបត្ថម្ភគាំទ្រដល់ជនចាស់ជរា ពិការភាពនៅតាមមូលដ្ឋានសហគមន៍ បន្តជួយគាំទ្រដល់សមាគមមូលនិធិមនុស្សចាស់ និងសមាគមមនុស្សចាស់នៅតាមសហគមន៍ ឃុំ-សង្កាត់ នៅក្នុងក្រុង-ស្រុកនានានៅក្នុង ខេត្តបន្ទាយមានជ័យ ក្នុងស្មារតីសាមគ្គីភាព ជួយគ្នាទៅវិញទៅមក ជាពិសេសមនុស្សចាស់ជរាពិការមនុស្សចាស់ជរា មានជំងឺ និងគ្មានទីពឹង។ អប់រំសីលធម៌ ទំនៀមទំលាប់ល្អ ដល់សិស្ស-និស្សិតឱ្យចេះគោរព និងស្គាល់ គុណតម្លៃមនុស្សវ័យចាស់ លើកទឹកចិត្តចំពោះមនុស្សក្មេងឱ្យស្ម័គ្រចិត្តជួយដល់មនុស្សចាស់ និងរៀបចំឱ្យមនុស្សគ្រប់វ័យទាំងអស់ធ្វើការជាមួយគ្នា និងការចែករំលែកបទពិសោធ និងចំណេះដឹងគ្នាទៅវិញទៅមក។

ជាមួយគ្នានេះ ឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន បាននាំអំណោយចែកជូនមនុស្សវ័យចាស់ ស្ថិតនៅក្រុងប៉ោយប៉ែត ប្រជាពលចូលរួមក្នុងម្នាក់ៗទទួលបានរួមមាន៖ អាវរងា១ ភួយ១ ក្រម៉ា១ ប្រេងកូឡា១ តែ១កព្ចាប់ ស្កសរ ១គីឡូក្រាម អំបិល១កព្ចាប់ ទឹកដោះគោ ១កប៉ុង និងថវិកា២ម៉ឺនរៀល។

នៅរសៀលថ្ងៃដដែលនេះដែរ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន និងក្រុមការងារ បានចុះពិនិត្យសមិទ្ធិផលរីកចម្រើននានា នៃវិទ្យាល័យនិម្មិត និងបានផ្តល់អំណោយជាថវិកាដល់លោកគ្រូ អ្នកគ្រូ ២៨នាក់ ម្នាក់ៗទទួលបានថវិកា២ម៉ឺនរៀល និងផ្តល់ឧបការណ៍សម្រាប់លាងដៃ។

នៅល្ងាចថ្ងៃដដែលនេះ ឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន បានជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន២១២នាក់ ស្ថិតនៅក្រុងប៉ោយប៉ែត និងបាននាំអំណោយចែកជូនក្នុងម្នាក់ៗទទួលបាន អាវរងា១ ភួយ ១ ក្រម៉ា១ ប្រេងកូឡា១ តែ១កព្ចាប់ ស្កសរ១គីឡូក្រាម អំបិល១កព្ចាប់ ទឹកដោះគោ១កប៉ុង អង្ករ២៥គីឡូក្រាម ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ១យួរ មី១កេស និងថវិកា២ម៉ឺនរៀលផងដែរ៕