(ភ្នំពេញ)៖ ប្រតិភូអនុសាខាកាកបាទក្រហមខណ្ឌច្បារអំពៅ នៅព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៦នេះ បាននាំយកអំណោយជាគ្រឿងឧបភោគ បរិភោគ និងថវិកាផ្តល់ជូនប្រជាពលរដ្ឋទីទ័លក្រ ចាស់ជរា និងអ្នករស់នៅជាមួយមេរោគអេដស៍ចំនួន៤៥គ្រួសារ ស្ថិតនៅសង្កាត់ក្បាលកោះ ដើម្បីសម្រាលការលំបាកដល់ ជីវភាពរស់នៅ ប្រចាំថ្ងៃបានមួយរយៈពេល។ សកម្មភាពមនុស្សធម៌នាំយកអំណោយជូនប្រជាពលរដ្ឋក្រីក្រនេះ ដឹកនាំដោយលោក អ៊ាង ស៊ីផាន អភិបាលខណ្ឌច្បារអំពៅ និងលោក អ៊ំ ម៉ារ៉េត ប្រធានក្រុមប្រឹក្សាខណ្ឌ លោក ណុប ផា អភិបាលរងខណ្ឌ លោក ហោ វាសនា អភិបាលរងខណ្ឌ រួមនឹង ចៅសង្កាត់ និងយុវជនសង្កាត់ ជាច្រើននាក់ផងដែរ។

លោក ញ្ញាណ ចាន់សោភា នាយករងរដ្ឋបាល បានឲ្យដឹងថា អំណោយដែលកាកបាទក្រហម នាំយកមកចែកជូននាពេលនេះ រួមមាន៖ អង្ករ១ប៉ាវ មី១កេស, ទឹកស៊ីអ៊ីវ១យួរ ត្រីខ១យួរ , ទឹកត្រី ១យួរ , ទឹកសុទ ១កេស និងឃីត ១ឈុត ( មុង១ ភួយ១ សារុង១ ក្រមា១) និងថវិកា ៣មឺនរៀលផងដែរ។ ក្នុងនោះលោកអភិបាលខណ្ឌ បានជួយជាថវិកា ដល់គ្រួសារស្រ្តីមេម៉ាយ ឈ្មោះ ចំរើន ស្រីមុំ ដែលរស់នៅ ក្នុងភូមិក្បាលជ្រោយ ជាមួយកូនតូចម្នាក់ ដែលជំពាក់ថ្លៃធ្វើផ្ទះទំហំ៣គុណ៤ម៉ែត្រ ធ្វើពីសង្ក័សី ដើម្បីយកទៅសងផ្តាច់ផងដែរ។

អភិបាលខណ្ឌច្បារអំពៅ និងជាប្រធាន អនុសាខាកាកវាទក្រហមខណ្ឌ បានថ្លែងថា អនុវត្តតាមគោលការ របស់កាកបាទក្រហមកម្ពុជាដែលមានសម្តេចកិត្តិព្រិទ្ធបណ្ឌិតជាប្រធាន ជានិច្ចជាកាល អនុសាខាកាកបាទក្រហម ខណ្ឌបានយកចិត្តទុកដាក់ដល់ប្រជាពលរដ្ឋទីទ័លក្រអត់ទីពឹង ពលរដ្ឋងាយរងគ្រោះ ជនរងគ្រោះថ្នាក់ដោយធម្មជាតិ អ្នកផ្ទុកមេរោគអេដស៍ ដោយបានផ្តល់ជាអំណោយ សង្គ្រោះបន្តបន្ទាប់ទៅតាមលទ្ធភាព ហើយអំណោយដែលយកមកចែកជូននៅពេលនេះ មួយផ្នែកបានមកពីសប្បុរសជន និងមួយផ្នែកទៀតបានមកពីរួមចំណែក របស់គណៈអភិបាលខណ្ឌ ដែលតែងតែប្រកាន់ខ្ជាប់នូវវប្បធម៌ចែករំលែក។

ថ្វីត្បិតតែអំណោយទាំងនេះ មិនបានសមប្រកបទៅតាមការចង់បានរបស់បងប្អូនតែបានជួយសម្រាលការលំបាកក្នុងជីវភាពប្រចាំថ្ងៃ បានមួយរយៈពេល យ៉ាងណាក៏ដោយអាជ្ញាធរ ខណ្ឌក៏ជាអនុសាខាកាកបាទក្រហមខណ្ឌ និងខិតខំកៀងគរស្វែងរកជំនួយពីសប្បុរសជនបន្ថែមទៀត ដើម្បីជួយឧបត្ថម្ភសម្រាល ការលំបាកដល់បង ប្អូនដែលមាន ជីវភាពខ្វះខាតទីទ័លក្រ។

លោកអភិបាលខណ្ឌបានបន្តថា អ្វីដែលសំខាន់សូមបងប្អូនខិតខំរកស៊ីទទួលទានប្រចាំថ្ងៃ ទៅតាមអ្វីដែលអាចធ្វើបាន តែសូមកុំរកស៊ីមុខរបរណាដែលខុសច្បាប់ និងមិនត្រូវអស់សង្ឃឹមក្នុងជីវិតនោះឡើយ ដើម្បីទ្រទ្រង់ជីវភាពឲ្យ បានប្រសើរឡើង។ ជាមួយគ្នានេះដែរ លោកអភិបាលខណ្ឌ បានអំពាវនាវដល់ប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន សូមមានការ ប្រុងប្រយ័ត្នខ្ពស់ទៅលើសុវត្ថិភាពកូន-ចៅ ក្នុងការធ្វើដំណើរតាមដងផ្លូវ ដោយនាំគ្នាគោរពច្បាប់ចរាចរទាំងអស់គ្នា៕