(កណ្ដាល)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២១នេះ បានប្រសិទ្ធមានអាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មីថា «អាកាសយានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅ»

ជាមួយគ្នានេះ សម្តេចតេជោ បានពន្យល់លម្អិត អំពីការកំណត់យកឈ្មោះ អាកាសយានដ្ឋានអន្តរជាតិថ្មីថា «តេជោក្រុងតាខ្មៅ»។ សម្តេចថា ដោយសារតែតំបន់ដែលសាងសង់ព្រលានយន្ដហោះថ្មីនេះ ជាតំបន់តេជោទាំងជំនាន់មុន (តេជោមាស និងតេជោយ៉ត) និងជំនាន់បច្ចុប្បន្ន ធ្វើសកម្មភាពការងារជូនមហាក្សត្រ ហើយការប្រើពាក្យ «តេជោ» ក៏ជាការបញ្ជាក់ពីរបបរាជានិយមផងដែរ។

ការបញ្ជាក់របស់សម្ដេចតេជោ ហ៊ុន សែន ធ្វើឡើងក្នុងឱកាស អញ្ជើញចូលរួមអញ្ជើញចុះត្រួតពិនិត្យ ការដ្ឋានសាងសង់ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី ស្ថិតនៅឃុំព្រែកស្លែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល នៅព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២១។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា ទីតាំងដែលអាកាសយានដ្ឋានអន្ដរជាតិថ្មីនេះ មានប្រវត្តិសាស្ត្រទាំងអស់ កន្លែងព្រះបាទស្រីសុរិយោពណ៌ បានដាក់រាជបញ្ជាឲ្យតេជោជំនាន់មុន ដែលមានតេជោមាស និងតេជោយ៉ត ធ្វើសម្មភាពតាមការប្រគល់ភារកិច្ចរបស់មហាក្សត្រ ហើយក៏ជាកន្លែងដែលតេជោ បច្ចុប្បន្នធ្វើសកម្មភាពការងារផងដែរ។

សម្ដេចតេជោនាយករដ្ឋមន្រ្ដីបានបញ្ជាក់ថា «ខ្ញុំចង់បង្ហាញថា ប្រទេសនេះជាប្រទេសរាជានិយម ព្រោះគោរមងារតេជោ មានតែព្រះមហាក្សត្រទេ ដែលមាន មានតែរបបរាជានិយមទេ ដែលមានគោរមងារតេជោ ហើយគោរមងាររតេជោនេះទៀតសោត មានតែព្រះមហាក្សត្រ ដែលមានព្រះរាជសិទ្ធិ ព្រះរាជទានគោរមងារតេជោ ដូចជា ខ្លួនខ្ញុំត្រូវបានព្រះករុណា ព្រះមហាក្សត្របច្ចុប្បន្ន ព្រះអង្គព្រះរាជទានងារតេជោនេះ ប៉ុន្ដែសម័យដើមយើងមិនបានដឹងថា តេជោមាស ត្រូវបានទទួលគោរមងារ ពីក្សត្រអង្គណានោះទេ ប៉ុន្ដែយើងបានដឹងថា ទំនាក់ទំនងនៅពេលដែលប្រទាន ព្រះរាជបញ្ជាក្នុងស្រុកស្អាងនេះ ពេលនោះតេជោយ៉ត មិនទាន់ក្លាយជាតេជោនោះទេ តេជោយ៉ត ក្លាយជាតេជោក្រោយពេល តេជោមាសទទួលមរណភាព។ ដូច្នេះខ្ញុំសូមបញ្ជាក់អត្ថន័យត្រង់កន្លែងនេះបន្ដិតថា ពាក្យថា តេជោ គឺគ្មានភា្ជប់ ហ៊ុន សែន នៅពីក្រោយទេ គឺមានន័យថា ចរិកទូលំទូលាយដែលខ្ញុំចង់សំដៅថា ប្រទេសនេះមានប្រវត្តិជារាជានិយម ព្រោះមានតែរាជានិយមទេ ដែលមានគោរមងារជាតេជោ, មានគោរមងារជាសម្ដេច, មានគោរមងារជាអ្នកឧកញ៉ា, មានគោរមងារជាឧកញ៉ា»

សម្ដេចតេជោនាយករដ្ឋមន្ត្រីបានឲ្យដឹងថា ក្នុងទីក្រុងភ្នំពេញ មានព្រលានយន្ដហោះអន្ដរជាតិភ្នំពេញ ចំណែកនៅទីនេះខេត្តកណ្តាលនេះ មានអាកាសយានដ្ឋានអន្ដរជាតិតេជោក្រុងតាខ្មៅ។

គិតមកដល់បច្ចុប្បន្ននេះ «អាកាសយានដ្ឋានអន្ដរជាតិតេជោក្រុងតាខ្មៅ» សាងសង់សម្រេចបាន២៧ភាគរយហើយ នៃគម្រោងទាំងមូល ដែលថវិកាចំណាយស្មើនឹង៣៧៥លានដុល្លារ ខណៈគម្រោងទាំងមូលត្រូវចំណាយសាងសង់១៥០០លានដុល្លារ។ ព្រលានយន្តហោះថ្មីនេះ ជាដីស្ថិតនៅក្នុងក្រុងតាខ្មៅ និងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ហើយអាចប៉ះតំបន់មួយចំនួនក្នុងស្រុកបាទី ខេត្តតាកែវ គ្រោងនឹងដាក់ឲ្យប្រើប្រាស់នៅឆ្នាំ២០២៣ ដែលអាចទទួលភ្ញៀវទេសចរបាន១៣លាននាក់៕