(កណ្តាល)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២១នេះ បានអំពាវនាវដល់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុនានា ទាំងក្នុង និងក្រៅប្រទេស ឲ្យជួយទិញសញ្ញាបណ្ណ (មូលបត្របំណុល-Bond) របស់ក្រុមហ៊ុនខេមបូឌា អ៊ែរផត អ៉ិនវេសមិន (CAIC) ដែលសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ ក្រុងតាខ្មៅ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ក្រុមហ៊ុនសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅ មានតម្រូវការពង្រីកទុនរបស់ខ្លួន ដែលមានទឹកប្រាក់ ៣០០លានដុល្លារបន្ថែម ដូច្នេះទើបត្រូវបោះលក់មូលបត្របំណុល ដែលមានការប្រាក់ ៥.៥%ភាគរយ។

ថ្លែងក្នុងឱកាសចុះពិនិត្យការដ្ឋានសាងសង់ព្រលានយន្តហោះអន្តរជាតិតេជោតាខ្មៅ នៅព្រឹកថ្ងៃទី៩ ខែធ្នូនេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «ខ្ញុំសូមយកឱកាសនេះ អំពាវនាវចំពោះគ្រឹះស្ថានធនាគារ [គ្រឹះស្ថានហិរញ្ញវត្ថុ] សូមឲ្យចូលរួមក្នុងការទិញ នូវសញ្ញាបណ្ណនៃក្រុមហ៊ុនសាងសង់អាកាសយានដ្ឋានអន្តរជាតិនេះ»។

សម្តេចតេជោនាយករដ្ឋមន្ត្រីបញ្ជាក់ថា ការចូលរួមទិញសញ្ញាបណ្ណនេះ គឺជាការចូលដល់ការអភិវឌ្ឍន៍ព្រលានយន្តហោះថ្មី ដែលកាត់បន្ថយនូវការប្រើប្រាស់ទុនពីក្រៅប្រទេស ហើយការគ្រឹះស្ថានហិរញ្ញវត្ថុទាំងនោះ ក៏ទទួលបានផលចំណេញពីអត្រាការប្រាក់ ដោយទទួលបានការធានាផ្នែកហានិភ័យស្មើសូន្យពីរាជរដ្ឋាភិបាលផងដែរ។

សម្តេចតេជោ ហ៊ុន សែន បានណែនាំឲ្យអ្នកឧកញ៉ា ពង់ ឃាវសែ ផ្សព្វផ្សាយនូវការលក់សញ្ញាបណ្ណនេះ ឲ្យបានកាន់តែទូលំទូលាយថែមទៀត ដើម្បីកៀរគរធនធានបន្ថែម សម្រាប់ការអភិវឌ្ឍន៍អាកាសយានដ្ឋានអន្តរជាតិថ្មីនេះ។

អ្នកឧកញ៉ា ពង់ ឃាវសែ ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុនខេមបូឌា អ៊ែរផត អ៉ិនវេសមិន (CAIC) បានថ្លែងថា ការបោះលក់សញ្ញាបណ្ណនេះ គឺប្រើប្រាស់វិធីសាស្ត្រ «យកស្លឹកត្នោត ខ្ទប់ស្កត្នោត» ស្របតាមប្រសាសន៍របស់សម្តេចតេជោនាយករដ្ឋមន្ត្រី ដែលមានន័យថា ប្រើប្រាស់ធនធាន ដែលមានស្រាប់ធ្វើការគាំទ្រ ដល់គម្រោងដែលមានស្រាប់។

អ្នកឧកញ៉ាបន្តថា សញ្ញាបណ្ណដែលបានបោះផ្សាយដោយក្រុមហ៊ុនសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោតាខ្មៅ ទទួលបានការគាំទ្រ ដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រួមទាំងលិខិតអនុញ្ញាតផ្តល់ការថ្លឹងហានិភ័យស្មើសូន្យភាគរយ ពីធនាគារជាតិ នៃកម្ពុជា ទើបក្រុមហ៊ុនបានធ្វើការ បោះផ្សាយសញ្ញាប័ណ្ណ (Bond) ចំនួន ៣០០លានដុល្លារអាមេរិក ហើយទទួលបានការគាំទ្រយ៉ាងកុះករពីស្ថាប័នរដ្ឋ គ្រឹះស្ថានហិរញ្ញវត្ថុ និងក្រុមហ៊ុនធានារ៉ាប់ក្នុងស្រុក។

ស្ថាប័នរដ្ឋ គ្រឹះស្ថានហិរញ្ញវត្ថុ និងក្រុមហ៊ុនធានារ៉ាប់ ក្នុងស្រុកទាំងនោះមានដូចជា៖ ធនាគារពាណិជ្ជកម្មក្រៅប្រទេសនៃកម្ពុជា (FTB), ធនាគារព្រីនស៍ (Prince Bank), ធនាគារ Asia Pacific Development (APD Bank), ធនាគារ ប្រៃសណីយ៍កម្ពុជា (Cambodia PostBank), ធនាគារវីង (Wing Bank), ធនាគារ ជីប ម៉ុង (Chip Mong Bank), ធនាគារពាណិជ្ជ អាល់ហ្វា (Alpha Commercial Bank), AIA (Cambodia) Life Insurance, Prudential (Cambodia) Life Assurance, សាជីវកម្មធានាឥណទានកម្ពុជា(CCC), បេឡាជាតិសន្តិសុខសង្គម (NSSF) ដែលបានទិញសញ្ញាប័ណ្ណ (Bond) សរុបចំនួន៨២ លានដុល្លារអាមេរិក ដើម្បីប្រើប្រាស់មូលធុនក្នុងស្រុក គាំទ្រដល់ការអភិវឌ្ឍន៍នៃគម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី។

អ្នកឧកញ៉ា ពង់ ឃាវសែ បានបញ្ជាក់ថា រហូតមកដល់បច្ចុប្បន្នះ ការសាងសង់ព្រលានយន្តហោះភ្នំពេញថ្មី សម្រេចបាន២៧ភាគរយហើយ នៃគម្រោងទាំងមូល សម្រាប់ថវិកាចំណាយស្មើនឹង៣៧៥លានដុល្លារ ដោយទុនវិនិយោគបច្ចុប្បន្ននេះ គឺអាស្រ័យទាំងស្រុងលើទុនរបស់ក្រុមហ៊ុនខេមបូឌា អ៊ែរផត អ៉ិនវេសមិន (CAIC) ។ ក្នុងឆ្នាំ២០២២ ខាងមុនេះ គម្រោងនឹងចំណាយថវិកាបន្ថែមចំនួន ៤៦៧លានដុល្លារ ដែលត្រូវចំណាយជាមធ្យម ១.២៨លានដុល្លារក្នុង១ថ្ងៃ។ គម្រោងទាំងមូលនឹងត្រូវចំណាយទឹកប្រាក់សរុប ១៥០០លានដុល្លារ មិនបូកបញ្ចូលតម្លៃដី។

អាកាសយានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅ សម្រាប់ដំណាក់កាលទី១ គ្រោងនឹងដាក់ឲ្យប្រើប្រាស់នៅឆ្នាំ២០២៣ ដែលអាចទទួលភ្ញៀវទេសចរបាន១៣លាននាក់៕