(ភ្នំពេញ)៖ លោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខ នៅព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២១ បានដឹកនាំក្រុមការងារយកគ្រឿងចក្រចុះទៅស្ថាបនាផ្លូវបេតុង១ខ្សែ ប្រវែង៤៦០ម៉ែត្រ ទទឹង៧ម៉ែត្រ ស្ថិតក្នុងភូមិវិមានទ្រង់ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

អភិបាលខណ្ឌសែនសុខ បានជម្រាបជូនបងប្អូនប្រជាពលរដ្ឋ ស្ថិតក្នុងភូមិវិមានទ្រង់ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខថា បន្ទាប់ពីផ្លូវមួយខ្សែនេះស្ថាបនារួចរាល់ហើយ បងប្អូនត្រូវនាំគ្នាចូលរួមថែទាំទាំងអស់គ្នាព្រោះជា ទ្រព្យសម្បត្តិកេរ្តិ៍ដំណែលតកូនតចៅ ជំនាន់ក្រោយៗទៀត។

លោក ម៉ូវ ម៉ានិត បានបញ្ជាក់ថា ការនាំយកគ្រឿងចក្រ ចុះទៅស្ថាបនាផ្លូវបេតុង១ខ្សែប្រវែង៤៦០ម៉ែត្រ ទទឹង៧ម៉ែត្រ ក្នុងគោលបំណង ដើម្បីជួយរំដោះការកកស្ទះចរាចរណ៍ក្នុងមូលដ្ឋានដែលកន្លងមកបានកកស្ទះ នាំឲ្យបងប្អូនបាត់បង់ពេលវេលាប្រកបកិច្ចការ។ លោកបានបញ្ជាក់ទៀតថា ការងារស្ថាបនាផ្លូវនេះ នឹងត្រូវធ្វើឡើងជាបន្ត តាមកំណត់ដូចដែលមានតាមកម្មវិធី៕