(រតនគិរី)៖ លោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី និងជាប្រធានអនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្ត ដោយមានការចូលរួមពីលោក សាយ សាមាន ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត មេបញ្ជាការកងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ ប្រធានមន្ទីរ និងអង្គភាពពាក់ព័ន្ធច្រើន នៅព្រឹកថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២១នេះ បានរៀបចំប្រារព្វពិធីអប់រំផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ និងចែកមួកសុវត្ថិភាព ជូនពលរដ្ឋក្នុងក្រុងបានលុង ដើម្បីបញ្ញាក់ស្មារតីដល់ពួកគាត់ដែលជាអ្នកប្រើប្រាស់ផ្លូវទាំងអស់។

លោក សាយ សាមាន បានបញ្ជាក់ថា គោលបំណងអប់រំផ្សព្វផ្សាយ ណែនាំដល់អ្នកបើកបរយានយន្ត ទោចក្រយានយន្តឲ្យចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោក,បើកបរឲ្យមានការប្រុងប្រយ័ត្នខ្ពស់ មិនត្រូវបើកបរក្នុងស្ថានភាពស្រវឹង ត្រូវចេះគោរពសិទ្ធជាអាទិភាពប្រកាន់ស្តាំនិងមានការអធ្យាស្រ័យខ្ពស់ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ដោយបានចែកជូននូវឯកសារពាក់ព័ន្ធនិងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក។

ក្នុងឱកាសនេះលោក ញ៉ែម សំអឿន បានថ្លែងថា ដោយសារប្រទេសជាតិមានសន្តិភាពបណ្តាញផ្លូវជាតិ មានភាពល្អប្រសើរនោះអ្នកបើកបរត្រូវមានការប្រុងប្រយ័ត្នគឺកុំបើកលឿនពេកបច្ចុប្បន្នដោយសារប្រទេសជាតិ បើកសេដ្ឋកិច្ចឡើងវិញផ្លូវថ្នល់ក៏ចាប់ផ្តើមមមាញឹកចរាចរណ៍ឡើងវិញហើយដើម្បីចូលរួមកាត់បន្ថយគ្រោះថ្នាក់នោះត្រូវគោរពច្បាប់ទាំងអស់គ្នា។

លោកអភិបាលខេត្ត ក៏បានបន្តថា សូមឲ្យមន្ត្រីនគរបាលចរណ៍ឈរជើងតាមគោលដៅធ្វើការណែនាំពួកគាត់ឲ្យបាន ច្រើន ថែមទៀត គឺកាត់បន្ថយការផាកពិន័យពេលខ្លះគាត់ជិះម៉ូតូដឹកអ្នកជំងឺមកមន្ទីរពេទ្យលើសចាប់ពី២នាក់ឡើង បើអាចអនុគ្រោះបានក៏អនុគ្រោះចុះ។

ជាមួយគ្នានេះលោក ញ៉ែម សំអឿន ក៏បានសំណូមពរឲ្យបងប្អូនប្រជាពលរដ្ឋ ដែលបានមកចូលរួមថ្ងៃនេះ ពេលត្រឡប់ទៅលំនៅដ្ឋានវិញ ត្រូវណែនាំបន្តស្តីពីច្បាប់ចរាចរណ៍ផ្លូវគោកឲ្យបានយល់ជ្រាបទាំងអស់គ្នា។

បន្ថែមពីលើនេះទៀតលោក ញ៉ែម សំអឿន បានណែនាំឲ្យគ្រួសារខ្លះដែលមានចាស់ជរាក្នុងបន្ទុកត្រូវទិញអាវរងាឲ្យ ពួកគាត់ពាក់ពីព្រោះរដូវរងាធាតុអាកាសត្រជាក់ខ្លាំងនិងជម្រុញឲ្យពួកគាត់ដែលដល់វេលាកំណត់ចាក់ដូសទី៣(ដូសជម្រុញ) ត្រូវទៅទទួលវ៉ាក់សាំងឲ្យបានគ្រប់ៗគ្នាផងដែរ៕