(ស្វាយរៀង)៖ លោក ជុំ ហាត ប្រធានក្រុមប្រឹក្សាខេត្តស្វាយរៀង, លោក ម៉ែន វិបុល អភិបាលខេត្ត, លោក ញ៉ែម វ៉ាលី អនុប្រធានអចិន្រ្តយ៍ និងជាអគ្គលេខាធិការក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា និងលោកវរសេនីយ៍ឯក ង្វៀន ថាញ់ជិញ ប្រធានការិយាល័យសេនានុព័ន្ធយោធាវៀតណាមប្រចាំនៅកម្ពុជា ព្រមទាំងមន្រ្តីពាក់ព័ន្ធជាច្រើនរូប នៅព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២១ បានរៀបចំពិធីក្រុងពាលីបើកការដ្ឋានសាងសង់ ស្តូបមិត្តភាពកម្ពុជា-វៀតណាម ស្ថិតនៅភូមិថ្មី សង្កាត់សង្ឃ័រ ក្រុងស្វាយរៀង ខេត្តស្វាយរៀង។

ពិធីនេះក៏មានការចូលរួមពីអភិបាលរងខេត្ត អនុប្រធានអចិន្ត្រៃយ៍ គណៈកម្មការធិការរណសិរ្សខេត្ត សមាជិកក្រុមប្រឹក្សាខេត្ត មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ស្នងការនគរបាលខេត្ត មេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងខេត្ត លោកប្រធានមន្ទីរ-អង្គភាពនានា លោកអភិបាល អភិបាលក្រុង ចៅសង្កាត់ និងមន្រ្តីពាក់ព័ន្ធមួយចំនួន។

សូមបញ្ជាក់ថា ស្ដូបមិត្តភាពកម្ពុជា-វៀតណាម គឺជានិមិត្តរូប នៃការរម្លឹកគុណដល់ការធ្វើពលីកម្មអាយុជីវិតរបស់វរជនកម្ពុជា និងវរជនស្ម័គ្រចិត្តវៀតណាម ដែលបានបូជាសាច់ស្រស់ឈាមស្រស់ក្នុងបុព្វហេតុរំដោះប្រទេសជាតិកម្ពុជា ឱ្យរួចផុតពីរបបប្រល័យពូជសាសន៍ប៉ុលពត នាថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ និងដើម្បីបញ្ជាក់អំពីចំណងមិត្តភាពរបស់ប្រទេសទាំងពីរកម្ពុជា-វៀតណាម៕