(​កា​ប៊ុល​)៖ ក្រសួង​សុខាភិបាល​នៃ​ប្រទេស​អា​ហ្វ​ហ្គានី​ស្ថាន បាន​ប្រកាស​ឲ្យដឹង​នៅ​មុន​នេះ​បន្ដិច​ថា មាន​មនុស្ស ៧​នាក់​បាន​ស្លាប់ និង​អ្នក​របួស​មាន​ចំនួន ៣២៧​នាក់ នៅក្នុង​ករណី​បំផ្ទុះ​គ្រាប់បែក​អត្តឃាត ដែល​ជា​ទង្វើ​របស់​ក្រុម​ឧទ្ទាម​តា​លី​បង់ នេះ​បើ​យោងតាម​ការចេញផ្សាយ Update របស់​សារព័ត៌មាន Reuters ចេញផ្សាយ​នៅ​រសៀល​ថ្ងៃទី​១៩ ខែ​មេសា​។​

​ការវាយប្រហារ​នេះ​ត្រូវបាន​ធ្វើឡើង​នៅ​ក្បែរ​ស្ថានទូត​អាមេរិក និង​ទីតាំង​ក្រសួង​មួយចំនួន ជាពិសេស​គឺ​ជិត​ទីតាំង​ស្នាក់ការ​ទីភ្នាក់ងារ​សន្តិសុខ​ជាតិ​របស់​អា​ហ្វ​ហ្គានី​ស្ថាន តែម្ដង​។ សាក្សី​មួយ​ចំនួន​បាន​រាយការណ៍​ថា​ការផ្ទុះ​នេះ ជា​ការវាយប្រហារ​ដោយ​បំផ្ទុះ​គ្រាប់បែក​អត្តឃាត ប៉ុន្តែ​មក​ដល់ពេលនេះ អាជ្ញាធរ​អា​ហ្វ​ហ្គានី​ស្ថាន នៅ​មិន​ទាន់​បញ្ជាក់​ជា​ផ្លូវ​នោះទេ​៕​