(ភ្នំពេញ)៖ អស្ចារ្យមែន! អគារទីស្តីការថ្មីរបស់ក្រសួងការពារជាតិដែលសាងសង់រួចរាល់ស្ទើរទាំងស្រុងហើយនោះ បានសាងសង់កន្លែងសម្រាប់ចុះចតឧទ្ធម្ភាគចក្រនៅលើដំបូលអគារ។

នៅថ្ងៃទី០៨ ខែធ្នូ នេះ ក៏មានការសាកល្បងឱ្យឧទ្ធម្ភាគចក្រប្រភេទ Z-9 ចុះចត ហើយក៏ទទួលបានជោគជ័យផងដែរ។ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានសម្តែងនូចមោទនភាព និងរីករាយចំពោះជោគជ័យនៃការចុះចតឧទ្ធម្ភាគចក្រនេះ។

សម្តេចពិជ័យសេនា ទៀ បាញ់ នៅលើទំព័រហ្វេសប៊ុកយ៉ាងដូច្នេះថា៖ «នៅរសៀលថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២១ ខ្ញុំពិតជាមានមោទនភាព និងសប្បាយរីករាយរួមជាមួយថ្នាក់ដឹកនាំក្រសួងការពារជាតិ អគ្គបញ្ជាការ ព្រមទាំងនាយទាហានជំនាញ បានចុះពិនិត្យការចុះចតយន្តហោះឧទ្ធម្ភាគចក្រប្រភេទ Z-9 លើដំបូលអគារទីស្តីការក្រសួងការពារជាតិថ្មី ប្រកបដោយជោគជ័យ និងសុវត្ថិភាព»

បើតាមមន្ត្រីក្រសួងការពារជាតិ បានបង្ហើបប្រាប់បណ្តាញព័ត៌មាន Fresh News នៅយប់ថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២១នេះថា សម្រាប់ទីតាំងចុះចតយន្តហោះឧទ្ធម្ភាគចក្រប្រភេទ Z-9 នេះ ក៏អាចមានលទ្ធចុះចតឧទ្ធម្ភាគចក្រប្រភេទ MI8 ឬ MI17 នៅពេលមានការងារចាំបាច់ផងដែរ។

សូមជម្រាបថា អគារទីស្តីការក្រសួងការពារជាតិថ្មី ត្រូវបានសាងសង់រួចរាល់ និងគ្រោងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី២៩ ខែធ្នូ ដែលជាខួប២៣ឆ្នាំ នៃការបិទបញ្ចប់ភ្លើងសង្គ្រាមស៊ីវិលនៅកម្ពុជា ក្រោមនយោបាយឈ្នះឈ្នះ។

អគាររដ្ឋបាល និងសាលប្រជុំទីស្តីការក្រសួងការពារជាតិថ្មី បានបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៨ ក្រោមអធិបតីភាព សម្តេចពិជ័យសេនា ទៀ បាញ់។

ទីស្តីការថ្មីរបស់ក្រសួងការពារជាតិនេះ មានអគាររដ្ឋបាល និងសាលប្រជុំ។ អគារទីស្ដីការក្រសួងការពារជាតិថ្មី ដែលបានសាងសង់នេះ មានទទឹងប្រវែង២៨ម៉ែត្រ បណ្ដោយ ប្រវែង១៩១ម៉ែត្រ កម្ពស់៣២ម៉ែត្រ និងមានចំណតរថយន្ត នៅជាន់ក្រោមដីមួយជាន់ ដែលអាចចតរថយន្តបានចំនួន១៥០គ្រឿង។

ក្នុងអគារទីស្តីការក្រសួងការពារជាតិថ្មីនេះ អាចរៀបចំទទួលបដិសណ្ឋារកិច្ចបណ្តាប្រតិភូថ្នាក់ជាតិ និងអន្តរជាតិ ធ្វើពិធីត្រួតពល កងកិត្តិយស កងត្រែទ័ព នៅក្នុងអគារពេលមានភ្លៀងធ្លាក់ថែមទៀតផង។

អគារទីស្តីការថ្មីនេះ មានរៀបចំជាបន្ទប់ប្រជុំតូច-ធំ រៀបចំជាបន្ទប់សវនាការតូច-ធំ រៀបចំទីធ្លាសន្និសីទកាសែត និងសាលប្រជុំធំមួយ ដែលមានសមត្ថភាពអាចទទួលអ្នកចូលរួមប្រជុំបាន១,០០០នាក់ សម្រាប់ការប្រជុំថ្នាក់ជាតិ និងអន្តរជាតិផងដែរ៕