(បន្ទាយមានជ័យ)៖ ឧបនាយករដ្ឋមន្ដ្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ នៅរសៀលថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២១នេះ បានអញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋវ័យចាស់ នៅក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

ក្នុងឱកាសនោះ ឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន បានថ្លែងនាំនូវការសាកសួរសុខទុក្ខ និងជូនពរជ័យពី សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា, សម្ដេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា, សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា និងជាប្រធានកិត្តិយសគណៈកម្មាធិការជាតិកម្ពុជា ដើម្បីមនុស្សចាស់ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា ថ្វាយប្រគេន និងជូនចំពោះព្រះសង្ឃ ប្រជាពលរដ្ឋទាំងអស់ក្នុងខេត្តបន្ទាយមានជ័យ។

ឧបនាយករដ្ឋមន្រ្ដី កែ គឹមយ៉ាន បានគូសបញ្ជាក់ថា មនុស្សចាស់ជាបុព្វការីជន ដែលបានបង្កើតធនធានដ៏មានសារៈប្រយោជន៍ និងមានតួនាទីសំខាន់ណាស់ ក្នុងការកសាងគ្រួសារ សហគមន៍ ការអប់រំ ការផ្ដល់នូវចំណេះដឹង ចំណេះធ្វើ វប្បធម៌ ប្រពៃណី សាសនា ទំនៀមទម្លាប់ និងបទពិសោធន៍យ៉ាងច្រើន ឥតគណនាសម្រាប់មនុស្សជំនាន់ក្រោយ។

ឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន បានថ្លែងអំពាវនាវ និងផ្តាំផ្ញេីដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់នៅតាមមូលដ្ឋាន ក្រុមគ្រួសារជួយដល់មនុស្សចាស់ និងរៀបចំឲ្យមនុស្សគ្រប់វ័យទាំងអស់ធ្វើការជាមួយគ្នា និងការចែករំលែកបទពិសោធ និងចំណេះដឹងគ្នាទៅវិញទៅមក និងផ្សាភ្ជាប់ទៅនឹងមនសិការទទួលខុសត្រូវរបស់មនុស្សចាស់ និងការថែទាំពីកូនចៅពេញវ័យ នៅក្នងក្រុមគ្រួសារ ដូចមានចែងនៅក្នុងរដ្ឋធម្មនុញកម្ពុជាយើង «មាតា-បីតា មានកាតព្វកិច្ចចិញ្ចឹម ថែរក្សា និងអប់រំកូនឲ្យក្លាយជាពលរដ្ឋល្អ ជួយសង្គមដោយមិនពាក់ព័ន្ធនឹងគ្រឿងញៀនគ្រប់ប្រភេទ»

ជាមួយគ្នានេះដែរ ឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន និងលោកស្រី ម៉ៅ ម៉ាល័យ បាននាំអំណោយចែកជូនមនុស្សវ័យចាស់ ស្ថិតនៅក្រុងសិរីសោភ័ណ្ឌ ប្រជាពលចូលរួមក្នុងម្នាក់ៗ ទទួលបាន អាវរងា១ ភួយ១ ក្រម៉ា១ ប្រេងកូឡា១ តែ១កព្ចាប់ ស្កសរ១គីឡូក្រាម អំបិល១កព្ចាប់ ទឹកដោះគោ១កំប៉ុង និងថវិកា២មុឺនរៀល។

គួរជម្រាបថា នៅល្ងាចថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២១នេះ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានបន្តដំណេីរទស្សនាសមិទ្ធផលរីកចម្រេីននានាក្នុងខេត្ត ដែលជាផ្លែផ្កានៃសន្តិភាពដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងបានផ្តល់អំណោយឧបករណ៍អនាម័យលាងដៃ អំណោយជាថវិកាដល់លោកគ្រូ អ្នកគ្រូ ចំនួន៦០នាក់ម្នាក់ៗទទួលបានថវិកា២មុឺនរៀល និងជួយចាក់សាបទីលានកីឡាដល់សាលាបឋមសិក្សាសុភី ផងដែរ៕