(ភ្នំពេញ)៖ ស្ថិតក្នុងវ័យ២៥ឆ្នាំ កញ្ញា ដេង គន្ធា គឺជាស្រ្តីខ្មែរដំបូង ដែលបានបន្តការសិក្សានៅសហរដ្ឋអាមេរិក ជំនាញខាងវិស្វកម្មគីមី ឯកទេសថាមពល និងបរិស្ថាន រួមជាមួយ Minor ខាងវិស្វកម្មវិទ្យាសាស្ត្រសម្ភារៈ។

ជាកូនអ្នកភ្នំពេញ ដែលមានឪពុកម្តាយជាអ្នកជំនួញ កញ្ញា ដេង គន្ធា គឺជាកូនទី២ ក្នុងគ្រួសារ ដែលមានបងប្អូន៤នាក់។ នៅឆ្នាំ២០១២ កញ្ញា ដេង គន្ធា បានទៅបន្តការសិក្សាថ្នាក់វិទ្យាល័យនៅសហរដ្ឋអាមេរិក។ ក្រោយបញ្ចប់ថ្នាក់វិទ្យាល័យ នៅឆ្នាំ២០១៤ នាងបានចូលរៀននៅ East Los Angeles College។

ដោយមានចំណង់ចំណូល ចិត្តស្រលាញ់ខាងមុខវិជ្ជាគីមីវិទ្យា តាំងពីនៅវិទ្យាល័យ និងជាសិស្សពូកែមួយរូបខាងមុខវិជ្ជានេះ យុវតីរូបនេះបានចាប់ជំនាញខាង វិស្វកម្មគីមីឯកទេសថាមពល និងបរិស្ថាន ដែលពេលនោះដែរ គឺនាងមិនទាន់ជឿជាក់ថា នាងជាសិស្សខ្មែរមួយរូបអាចធ្វើបានទេ។

ប៉ុន្តែនៅពេលដែលនាងចប់ឆ្នាំទី១ នាងបានដាក់ពាក្យធ្វើជាគ្រូជួយបង្វឹកសិស្សក្រៅម៉ោង និងបានធ្វើការជាមួយសាស្រ្តាចារ្យ ដើម្បីរកវិធីប្លែកៗ មកបង្រៀនសិស្សមហាវិទ្យាល័យ និងសិស្សវិទ្យាល័យខាងមុខវិជ្ជាគីមី រូប និងគណិតវិទ្យា ដែលបានជំរុញឱ្យកញ្ញាកាន់តែមានកំលាំងចិត្តថានឹងអាចរៀនមុខវិទ្យានេះបាន។ បន្ទាប់មកឆ្នាំទី ៣ គន្ធា បានផ្ទេរចូលសាកលវិទ្យាល័យ University of California Irvine។

ក្រោយពីបញ្ចប់ថ្នាក់បរិញ្ញាបត្រនៅឆ្នាំ កញ្ញាបានបន្តការសិក្សាផ្នែកវិស្វកម្ម វិទ្យាសាស្រ្តសំភារៈ ជាមុខជំនាញថ្មីជាងគេក្នុងចំណោម ជំនាញវិស្វកម្ម ទាំងអស់។

ស្របពេលវិស័យសំណង់នៅកម្ពុជាកំពុងរីកចម្រើន កញ្ញារំពឹងថា នឹងមានឱកាសត្រលប់មកជួយប្រទេសជាតិវិញ ព្រោះជំនាញដែលកញ្ញាបានសិក្សា ពីបៀបមើលលក្ខណៈសម្ភារៈ គឺជាកត្តាចំបងនៃការស្រាវជ្រាវ ដើម្បីពង្រឹងគុណភាពសម្ភារៈ និងរកវិធីដម្បីកាត់បន្ថយតំលៃសម្ភារៈ ព្រមជាមួយគ្នានេះ ក៏អាចឈានទៅផលិតដែកដោយខ្លួនឯង នៅក្នុងស្រុកបានផងដែរ៕