(កណ្ដាល)៖ លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកណ្ដាល និងក្រុមការងារ នៅព្រឹកថ្ងៃទី៨ ខែឆ្នូ ឆ្នាំ២០២១នេះ បានជួបសំណេះសំណាលជាមួយ ប្រជាពលរដ្ឋ ជនចាស់ជរា ចំនួន៣៩៨នាក់ ដែលមានជីវភាពខ្វះខាត និងអំណោយជា អាវរងារ ភួយ និងស្បៀងអាហារ ដែលមកពីសង្កាត់ទាំង៦ ក្នុងក្រុងតាខ្មៅ។

ថ្លែងក្នុងពិធីនេះលោក គង់ សោភ័ណ្ឌ បានបញ្ជាក់ថា ការចែកអំណោយនេះ ធ្វើឡើងដើម្បីឆ្លើយតបតាមការអំពាវនាវរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ដែលបានអំពាវនាឱ្យអាជ្ញាធរ ត្រូវយកចិត្តទុកដាក់ ចំពោះជនងាយរងគ្រោះ ក្នុងពេលមានធាតុអាកាសត្រជាក់ចូល មកដល់ ដើម្បីរក្សាភាពកក់ក្តៅ និងសុវត្ថិភាពក្នុងពេលអាកាសធាតុចុះត្រជាក់។

លោកបានបញ្ជាក់បន្ថែមថា ការចែកអំណោយជាអាវរងា ភួយ និងស្បៀងអាហារនេះ នឹងបន្តចែកជូនប្រជាពលរដ្ឋ នៅក្នុងខេត្តកណ្ដាលជាបន្តបន្ទាប់ទៀត ដើម្បីជួយសម្រាលទុកលំបាកប្រជាពលរដ្ឋក្នុងមូលដ្ឋាន មិនទុកឱ្យប្រជាពលរដ្ឋមានការលំបាកឡើយ។

នាឱកាសនោះដែរ លោកបានផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដោយក្តីនឹករលឹកបំផុត និងបានថ្លែងនូវការកោតសរសើរ និងថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅចំពោះទឹកចិត្តដ៏សប្បុរសប្រកបដោយព្រហ្មវិហារធម៌ របស់សប្បុរសជនទាំងអស់ ដែលបានបរិច្ចាគធនធាន ពេលវេលា កម្លាំងកាយចិត្ត ចេញពីបេះដូងមនុស្សធម៌សុទ្ធសាធក្នុងការចូលរួមចំណែកជួយដល់ជនរងគ្រោះ និងជនងាយរងគ្រោះបំផុត នៅក្នុងខេត្តកណ្ដាល។

ក្រៅពីនេះ លោកក៏បានណែនាំឱ្យមនុស្សវ័យចំណាស់ទាំងអស់បន្តថែទាំសុខភាព ទោះបីជាប្រមុខរាជរដ្ឋាភិបាល បានសម្រេចឱ្យបើកប្រទេសឡើងវិញក៏ដោយ និងបានសំណូមពរឱ្យប្រជាពលរដ្ឋទាំងអស់ថែរក្សាសុខភាពរបស់ខ្លួន ឱ្យបានល្អ តាមការណែនាំរបស់ក្រសួងសុខាភិបាលពិសេសក្នុងកាលៈទេសៈដែលកម្ពុជាមិនទាន់បានបញ្ចប់ជំងឺកូវីដ-១៩ នៅឡើយ។

ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា អាកាសធាតុត្រជាក់នឹងបន្តរហូតដល់ខែកុម្ភៈឆ្នាំ២០២២ ហើយអាកាសធាតុត្រជាក់ត្រូវបានគេរំពឹងថា នឹងធ្វើឱ្យសីតុណ្ហភាព នៅតំបន់នានា ក្នុងប្រទេសធ្លាក់ចុះមកនៅត្រឹម ១៥អង្សារសេ។

សូមបញ្ជាក់ផងដែរថា ប្រជាពលរដ្ឋចាស់ជរាទាំង ៣៩៨នាក់ បានទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទ ក្រហមកម្ពុជាខេត្តកណ្ដាល ដោយក្នុងម្នាក់ទទួលបានរួមមាន៖ ភួយ១, អាវរងា១, មី ១កេស, ត្រីខ ១យួរ, ជែលលាងដៃ ១ដប, សាប៊ូ ១ដុំ និងម៉ាស់ ១០បន្ទះ៕