(ភ្នំពេញ)៖ កំពូលតារាចម្រៀងប្រចាំផលិតកម្ម Galaxy Navatra គឺលោក ព្រាប សុវត្ថិ និងក្រុមគ្រួសារ បានប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការប្រកាសគាំទ្រ ឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្រ្តី នាពេលអនាគត។

លោកបានថ្លែងសារលើ Facebook នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២១នេះ យ៉ាងដូច្នេះថា៖ «ខ្ញុំបាទ ព្រាប សុវត្ថិ និង ក្រុមគ្រួសារ សូមប្រកាសគាំទ្រយ៉ាងពេញទំហឹង ចំពោះប្រសាសន៍ប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានថ្លែងនៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២១ នៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ៣៧ខ្សែ ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ និងសមិទ្ធផលនានាក្នុងខេត្តព្រះសីហនុ ប្រកាសគាំទ្រចំពោះឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រី នាពេលអនាគត»

ឯកឧត្តម ហ៊ុន ម៉ាណែត គឺជាយុវជនជំនាន់ថ្មី និងជាឥស្សរជនថ្នាក់ដឹកនាំខ្មែរដ៏ឆ្នើមមួយរូបរបស់កម្ពុជា ពោរពេញដោយសមត្ថភាព និងទេពកោសល្យខ្ពស់ ព្រមទាំងមានគុណធម៌ និងសីលធម៌ដ៏ល្អ ដែលទទួលបានការកោតសរសើរ, ការគោរព និងការស្រឡាញ់ពីសំណាក់ប្រជាជនទូទៅ, មន្រ្តីរាជការ និងកងកម្លាំងប្រដាប់អាវុធ ហើយបាន និងកំពុងរួមចំណែកដឹកនាំ និងចូលរួមយ៉ាងសកម្មក្នុងបេសកកម្មដើម្បីបុព្វហេតុជាតិ មាតុភូមិ និងប្រជាជនកម្ពុជា។

ខ្ញុំមានជំនឿយ៉ាងមុតមាំថា ឯកឧត្តម ហ៊ុន ម៉ាណែត ពិតជាឥស្សរជនដែលស័ក្តិសមជាអនាគតនាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីបន្តវេនដឹកនាំការពារបូរណភាពទឹកដី សុខសន្តិភាព និងស្ថិរភាពសង្គម, ការលើកកម្ពស់កិត្យានុភាពជាតិ និងការអភិវឌ្ឍជាតិឱ្យកាន់តែមានភាពរីកចម្រើនលើគ្រប់វិស័យ ដើម្បីវិបុលភាព សេចក្តីសុខ និងសុភមង្គលរបស់ប្រជាជនកម្ពុជា៕