(សៀមរាប)៖ រដ្ឋបាលខេត្តសៀមរាប តំណាងដោយ លោក ទៀ សីហា អភិបាលខេត្តសៀមរាប និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (ចៃកា) តំណាងដោយ លោកស្រី កាមេយ ហារូកុ ប្រធានតំណាងការិយាល័យចៃកាប្រចាំប្រទេសកម្ពុជា នៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២១ បានចុះកិច្ចព្រមព្រៀងដាក់ឱ្យដំណើរការជាផ្លូវការនូវគម្រោងសហប្រតិបត្តិការបច្ចេកទេសស្តីពី «គម្រោងអនុវត្តន៍វិធីសាស្រ្តទីក្រុងឆ្លាតវៃដើម្បីដោះស្រាយបញ្ហាប្រឈមក្នុងខេត្តសៀមរាប»

សេចក្តីប្រកាសព័ត៌មានរួមគ្នាបញ្ជាក់ថា គម្រោងនេះ មានរយៈពេល ៣ឆ្នាំ និងគ្រោងនឹងចាប់ផ្តើមអនុវត្តនាដើម ឆ្នាំ២០២២ខាងមុខនេះ។

ទីភ្នាក់ងារចៃកា បាននិងកំពុងអនុវត្តនូវការសិក្សាប្រមូលទិន្ន័យមួយស្តីពី «ការធ្វើឱ្យប្រសើរឡើងនូវបរិស្ថានទីក្រុងក្នុងខេត្តសៀមរាប (ការសិក្សាប្រមូលទិន្ន័យមូលដ្ឋាន)» ចាប់តាំងពីឆ្នាំ២០២០មក។ ការសិក្សាប្រមូលទិន្ន័យនោះបង្ហាញឱ្យឃើញថាសក្តានុពលនៃការសម្រេចឱ្យបានជាទីក្រុងឆ្លាតវៃ ពោលគឺការផ្គុំចូលគ្នានូវវិធីសាស្រ្តចម្រុះជាច្រើន រួមមានដូចជា ការប្រើប្រាស់បច្ចេកវិទ្យាឆ្លាតវៃជាដើម នឹងរួមចំណែកក្នុងការដោះស្រាយនូវរាល់បញ្ហាប្រឈមរបស់ទីក្រុង។

ផ្អែកលើលទ្ធផលដែលបានពីការសិក្សាខាងលើនេះ បូករួមនឹងសំណើផ្លូវការពីសំណាក់រដ្ឋបាលខេត្តសៀមរាប ទើបគម្រោងជំនួយសហប្រតិបត្តិការបច្ចេកទេសមួយនេះ ត្រូវដាក់ឱ្យអនុវត្តឡើង ដើម្បីដោះស្រាយបញ្ហាប្រឈមនានារបស់ទីក្រុងសៀមរាប តាមរយៈការជំរុញឱ្យប្រើប្រាស់នូវវិធីសាស្រ្តទីក្រុងឆ្លាតវៃ។ តាមរយៈការអនុវត្តនូវគម្រោងនេះ គេរំពឹងថា សមត្ថភាពមន្ត្រីរបស់រដ្ឋបាលខេត្តសៀមរាបនឹងត្រូវបានពង្រឹង ហើយបច្ចេកវិទ្យាឆ្លាតវៃនានា នឹងត្រូវបានធ្វើការផ្ទៀងផ្ទាត់ តាមរយៈការអនុវត្តនូវគម្រោងសាកល្បងទាំងឡាយ ដែលបានកំណត់រួចនៅក្នុងការសិក្សាប្រមូលទិន្ន័យមូលដ្ឋានរបស់ទីភ្នាក់ងារចៃកា ដែលបានលើកឡើងខាងលើ។

ភាគីទាំងពីរសង្ឃឹមយ៉ាងមុតមាំថា ការអភិវឌ្ឍសមត្ថភាពប្រកបដោយប្រសិទ្ធភាពតាមរយៈគម្រោង រួមជាមួយនឹងប្រព័ន្ធបច្ចេកវិទ្យា និងការគ្រប់គ្រងបែបឆ្លាតវៃ នឹងរួមចំណែកធ្វើឱ្យប្រសើរឡើងនូវបរិស្ថានទីក្រុងសៀមរាប៕