(បន្ទាយមានជ័យ)៖ ពលករចំនួន១២នាក់ ដែលលួចឆ្លងដែនខុសច្បាប់ចូលទៅប្រទេសថៃ ត្រូវបានកម្លាំងកងពលតូចថ្មើរជើងលេខ៥១ ឃាត់ខ្លួននៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២១នេះ ត្រង់ភូមិសាស្ត្រភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្ដបន្ទាយមានជ័យ។

លោកវរសេនីយ៍ទោ ប៉ែន សុគន្ធ មេបញ្ជាការវរសេនាតូចថ្មើរជើងលេខ៥១៤ បានឲ្យដឹងថា ខណៈលោកដឹកនាំកម្លាំងល្បាត ដោយសហការជាមួយកម្លាំងចម្រុះ ដើម្បីទប់ស្កាត់ពលករលួចឆ្លងដែនខុសច្បាប់ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ មិនឲ្យចូលទៅក្នុងសហគមន៍នោះ ស្រាប់តែប្រទះឃើញពលករទាំងនេះ ក៏ឈានដល់ការឃាត់ខ្លួនតែម្តង។

សូមបញ្ជាក់ដែរថា ក្រោយពីឃាត់ខ្លួន លោកមេបញ្ជាការ បានណែនាំពួកគាត់ កុំឲ្យបន្តចាញ់បោកមេខ្យល់ ដែលតែងតែបញ្ចុះបញ្ចូលនាំពលករឆ្លងដែនដោយយកលុយ រួចហើយចាត់ការតាមនីតីវិធីបន្តទៀត៕