(កំពង់ស្ពឺ)៖ លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២១នេះ បាននាំយកភួយចំនួន៤៦១ភួយ ព្រមទាំងបច្ច័យមួយចំនួនជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ទៅប្រគេនដល់ព្រះសង្ឃ និងចែកជូនដល់យាយជី តាជី លោកយាយ លោកតា នៅក្នុងស្រុកឱរ៉ាល់ និងស្រុកថ្ពង។

នាឱកាសនោះលោក វ៉ី សំណាង បានអំពាវនាវដល់ព្រះសង្ឃ លោកយាយ លោកតា ព្រមទាំងប្រជាពលរដ្ឋមេត្តាថែរក្សាសុខភាពរបបស់ខ្លួនបានឱ្យល្អប្រសើរ ព្រោះរដូវនេះ ជារដូវរងា ដូច្នេះ វានឹងបង្កឱ្យជួបជំងឺផ្សេងៗជាដើម។ល។ បើតាមការជូនដំណឹងរបស់ក្រសួងធនធានទឹក អាកាសធាតុនឹងចុះត្រជាក់ខ្លាំងក្នុងពេលខាងមុខមុខនេះ។ ដូច្នេះអ្នកដែលប្រឈមជាងគេ គឺលោកយាយ លោកតា យាយជី តាជី និងព្រះសង្ឃដែលមានជន្មាយុច្រើន។

អភិបាលខេត្ត បានផ្ដាំផ្ញើសួរសុខទុក្ខ និងក្ដីនឹករលឹក អាណិតអាសូរក្រៃលែងពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តែងតែគិតគូពីសុខទុក្ខរបស់ប្រជាពលរដ្ឋងាយរងគ្រោះ និងរងគ្រោះ ដោយគ្រោះមហន្តរាយ និងឧបទ្ទវហេតុផ្សេងៗ នៅទូទាំងប្រទេសគ្រប់ពេលវេលា ដោយមិនមានការរើសអើងវណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការ នយោបាយអ្វីឡើយ ជាពិសេសមិនបណ្តោយឱ្យពលរដ្ឋណាម្នាក់ ស្លាប់ដោយអត់បាយ មិនបានដឹង និងមិនបានជួយដោះស្រាយនោះឡើយ។

លោក វ៉ី សំណាង បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋទាំងអស់ សូមយកចិត្តទុកដាក់ទៅលើបញ្ហាសុខភាព ដោយត្រូវរក្សាអនាម័យក្នុងការរស់នៅជាប្រចាំដូចជា៖ លាងដៃនឹងសាប៊ូ ហូបទឹកឆ្អិន និងដេក ក្នុងមុងជានិច្ច ដើម្បីចៀសវាងការកើតមានជំងឺតម្កាត់ផ្សេងៗ ជាពិសេសជំងឺកូវីដ១៩ ដែលត្រូវរួមគ្នាប្រយុទ្ធប្រឆាំង បង្ការទប់ស្កាត់ ការពារការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ នៅក្នុងសហគមន៍ ហើយត្រូវរួមគ្នាអនុវត្តឱ្យបានម៉ឺងម៉ាត់ នូវវិធានការការពាររបស់សម្តេចតេជោ ហ៊ុន សែន គឺ «៣ការពារ និង៣កុំ» ក្នុងនោះបើបងប្អូនមានបញ្ហាសុខភាព ឬករណីសង្ស័យ សូមប្រញាប់ប្រញាល់ រាយការណ៍មកអាជ្ញាធរមូលដ្ឋាន ដើម្បីឱ្យក្រុមគ្រូពេទ្យជំនាញ ធ្វើការពិនិត្យសុខភាព ឬធ្វើសំណាក និងទទួលការព្យាបាលបានទាន់ពេលវេលា៕