(ភ្នំពេញ)៖ តបតាមការអញ្ជើញពី លោក Yaqut Cholil Qoumas រដ្ឋមន្រ្តីក្រសួងកិច្ចការសាសនាឥណ្ឌូនេស៊ី នៅព្រឹកថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២១នេះ លោក អូស្មាន ហាស្សាន់ ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស បានចូលរួមប្រជុំប្រចាំឆ្នាំក្រៅផ្លូវការតាមរយៈប្រព័ន្ធ Zoom រួមជាមួយគណៈប្រតិភូ ប្រទេសប្រ៊ុយណេដឹកនាំដោយ លោក Dato’ Paduka Seri Setia Ustaz Hj Awg Badaruddin រដ្ឋមន្រ្តីកិច្ចការសាសនា, លោក Senator Tuan Haji Idris Haji Ahmad រដ្ឋមន្រ្តីទីស្តីការគណៈរដ្ឋមន្រ្តីម៉ាឡេស៊ី ទទួលបន្ទុកកិច្ចការសាសនាឥស្លាម, លោក YB Masagos Zulkifli Masagos Mohamad រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍សង្គម និងគ្រួសារ រដ្ឋមន្រ្តីសុខាភិបាលទី២ និងជារដ្ឋមន្រ្តីទទួលបន្ទុកកិច្ចការសាសនាឥស្លាមសិង្ហបុរី។

នៅក្នុងកិច្ចប្រជុំនេះ ខាងភាគីកម្ពុជាក៏មានវត្តមាន លោក យោប អះស្ការី រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា ទទួលបន្ទុកពាហិរសាសនាផ្នែកឥស្លាម, លោក នោ ម៉ាត់សាត អនុរដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា, លោក ឡស់ រ៉ហ្សាក់ អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ព្រមទាំងតំណាងគណៈដឹកនាំជាន់ខ្ពស់ នៃសាសនាឥស្លាមកម្ពុជាផងដែរ។

ជំនួបប្រចាំឆ្នាំក្រៅផ្លូវការលើកទី១៩ ថ្នាក់រដ្ឋមន្រ្តីទទួលបន្ទុកកិច្ចការសាសនា នៃប្រទេសប្រ៊ុយណេ ឥណ្ឌូនេស៊ី ម៉ាឡេស៊ី សិង្ហបុរី ហៅថាកាត់ MABIMS ត្រូវបានបង្កើតឡើងនៅថ្ងៃទី៧ សីហា ១៩៨៩ នៅប្រទេសប្រ៊ុយណេ មាន៣ ប្រទេសគឺប្រ៊ុយណេ ឥណ្ឌូនេស៊ី និងម៉ាឡេស៊ី ហើយសិង្ហបុរី បានស្នើសុំចូលឆ្នាំ ១៩៩២។

គោលបំណង MABIMS គឺដើម្បីពង្រឹងទំនាក់ទំនងសាមគ្គីភាពសុខដុមនីយកម្មសាសនា សុខុមាលភាព ផ្លាស់ប្តូរបទពិសោធន៍ រវាងបណ្តារដ្ឋមន្រ្តីទទួលបន្ទុកកិច្ចការសាសនាឥស្លាម ដោះស្រាយបញ្ហាទូទៅនៃកិច្ចការសាសនា និងផលប្រយោជន៍កិច្ចសហប្រតិបត្តិការ ការងារមនុស្សធម៌ជាដើម ដោយមិនជ្រៀតជ្រែតកិច្ចការងារនយោបាយប្រទេសជាសមាជិក។

កិច្ចប្រជុំនេះធ្វើឡើងដោយផ្លាស់ប្តូរ ប្រធានសម្របសម្រួល មានអាណត្តិ ២ឆ្នាំម្តង ដែលសម្រាប់ឆ្នាំ ២០២១-២០២២ ប្រទេសឥណ្ឌូនេស៊ីជាប្រធាន។ ថ្នាក់ដឹកនាំជាអ្នកនិយាយភាសាម៉ាឡាយូ មាន៣រូប សម្រាប់ប្រទេសនីមួយៗ។ ជាមួយគ្នានេះ MABIMS បានបង្កើតឧត្តមជាន់ខ្ពស់លេខាធិការដ្ឋាន (SOM) ដែលមាន៤រូប សម្រាប់ប្រទេសនីមួយៗ ជាលេខាធិការក្រសួងទទួលបន្ទុកកិច្ចការសាសនា ឬស្ថាប័នជាន់ខ្ពស់ឥស្លាម ដោយកិច្ចប្រជុំរៀងរាល់មួយឆ្នាំម្តង។

ក្នុងជំនួបនេះ ទេសរដ្ឋមន្រ្តី អូស្មាន ហាស្សាន់ បានធ្វើបទបង្ហាញដល់បណ្តារដ្ឋមន្រ្តីទទួលបន្ទុកកិច្ចការសាសនាឥស្លាម ពីសុខដុមនីយកម្មសាសនា សេរីភាពយ៉ាងពេញលេញខាងជំនឿសាសនា គ្មានការរើសអើងជាតិសាសន៍ និងសាសនា ព្រមទាំងការពារសុខសន្តិភាពជូនប្រជាពលរដ្ឋទូទៅ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា ដែលសម្តេចតេជោ និងថ្នាក់ដឹកនាំកំពូលៗ ពុំមែនជាអ្នកកាន់សាសនាឥស្លាម តែបានគោរពផ្តល់សិទ្ធិសេរីភាពគ្រប់បែបយ៉ាងដល់គ្រប់សាសនា រួមនឹងសហគមន៍ឥស្លាមកម្ពុជា។

លោកបន្ថែមថា ជាពិសេសអនុញ្ញាតឲ្យមានតំណាងសហគមន៍ខ្មែរឥស្លាម បានក្លាយជាថ្នាក់ដឹកនាំក្នុងស្ថាប័ន ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល ជាទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តី ថ្នាក់ដឹកនាំនៅតាមក្រសួងស្ថាប័ននានា មន្ត្រីការទូតជាន់ខ្ពស់ ថ្នាក់ក្រោមជាតិ ដើម្បីចូលរួមការពារសុខសន្តិភាព និងអភិវឌ្ឍលើគ្រប់វិស័យ ដែលត្រូវបានគោរពកោតសរសើរស្រលាញ់ពេញចិត្តចំពោះរាជរដ្ឋាភិបាលក្រោមការដឹកនាំប្រទេសរបស់ សម្តេចតេជោ ពីមេដឹកនាំ MABIMS ដោយសន្យាបន្តសហប្រតិបត្តិការលើវិស័យសិក្សាធិការឥស្លាម វិស័យហ្សាកាត់(ការបរិច្ចាគទ្រព្យ) វិស័យវ៉ាហ្គហ្វ (ទាយជ្ជទាន) ហាជ្ជី (មូលនិធិធម្មយាត្រា) និងពង្រឹងការងារមនុស្សធម៌ជាមួយគ្នា៕