(ខេត្តព្រៃវែង)៖ សពស្រីក្រមុំដែលជាកូនរបស់អ្នកស្រុកព្រះស្ដេច ខេត្តព្រៃវែងម្នាក់ត្រូវបានឪពុកម្ដាយ សាច់ញាតិនាំគ្នាគាស់ផ្នូរអោយព្រះសង្ឃ ធ្វើពិធីសូត្រមន្តប្រោះព្រំ ដោយសង្ឃឹមថាកូនស្រីខ្លួន នឹងរស់ឡើងវិញ បន្ទាប់ពីស្លាប់ និងបញ្ចុះសពនៅក្បែរផ្ទះបាន២យប់រួចមក តែអ្វីៗវាមិនដូចការគិត និងភាពអាឡោះអាល័យរបស់ឪពុកម្ដាយ និងសាច់ញាតិនោះទេ គឺក្រោយគាស់ឡើងសពមានសភាពហើម និងធុំក្លិនស្អុយទៅហើយ។

ហេតុការណ៍ភ្ញាក់ផ្អើល​នេះ​បាន​កើតឡើង​កាលពី​ វេលា​ម៉ោង​៧​ព្រឹក​ថ្ងៃទី​១៧ ខែមេសា ឆ្នាំ២០១៦កន្លងទៅនេះនៅផ្ទះ​ស្ត្រី​ឈ្មោះ​ជួន ហ៊ាន អាយុ​៣៧​ឆ្នាំ ដែល​ស្ថិត​ក្នុងភូមិ​ចំការ​តា​ម៉ូយ ឃុំ​អង្គរ​រាជ្យ ស្រុក​ព្រះស្តេច ខេត្តព្រៃវែង។​

តាមការរៀបរាប់របស់អ្នកស្រុករាប់រយនាក់ដែលនាំគ្នា​ផ្អើល​ ទៅ​ចោមរោម​មើល​យ៉ាង​កកកុញ​នោះបាន​និយាយ​ដូចៗគ្នា​ថា ពួកគាត់​មក​រង់​ចាំមើល ព្រោះ​ឮ​តៗ​ថា ស្ត្រី​ឈ្មោះ ជួន ហ៊ាន បានគាស់​ផ្នូរ​រ​កូនស្រី​របស់គាត់យក​សព​មកវិញ ហើយ​បាន​និមន្ត​ព្រះសង្ឃ​១​អង្គ​ព្រះនាម ភារ​ម្យ គង់នៅ​វត្ត​កែវ​ម៉ូ​លី ក្នុង​ខេត្តកណ្តាល មក​ធ្វើ​ពិធី​ប្រោះព្រំ​ឱ្យ​សព​រស់​ឡើងវិញនោះ ទើប​អ្នកស្រុក​នាំគ្នាភ្លូកទឹកភ្លូកដី​ ទៅ​​ចោមរោម​មើល​ចង់ឃើញ ចង់ដឹងថា តើ​អ្នក​ដែល​ស្លាប់​២-៣​ថ្ងៃ​មកហើយ​នោះ អាច​រស់​ឡើងវិញ​ដូច​គេ​ថា​ឬ​អត់?

ស្ត្រី​ឈ្មោះ ជួន ហ៊ាន ដែលជាម្ដាយសពបាន​ប្រាប់​ឱ្យដឹងថា កូនស្រី​របស់គាត់​ឈ្មោះ បួន គង់ អាយុ​១៨​ឆ្នាំ បាន​ស្លាប់​កាលពី​រសៀល​ថ្ងៃទី​១៤ ខែមេសា ឆ្នាំ២០១៦ គឺជាថ្ងៃចូលឆ្នាំដំបូង ដោយ​ពុំមាន​ជំងឺ​អ្វី​ទាំងអស់គឺនៅ​សុខៗ​ក៏​ទន់ដៃ ទន់ជើង​ទៅ ហើយ​ស្លាប់បាត់​បង់ជីវិតភ្លាមៗ​តែម្តង។ លុះ​ស្អែក​ឡើង​ថ្ងៃ​បន្ទាប់ត្រូវថ្ងៃទី​១៥ ខែមេសា ឆ្នាំ២០១៦ គាត់​និង​ក្រុមគ្រួសារ ក៏​ធ្វើ​ពិធី​បញ្ចុះសព​កូនស្រី គឺ​បញ្ចុះ​នៅជាប់​នឹង​ផ្ទះ​តែម្តង ដោយ​ផ្នូរ​ធ្វើ​ពី​ថ្ម​បេតុង​គ្រប​យ៉ាង​ស្អាត និង​សរសេរ​ឈ្មោះ​យ៉ាង​ត្រឹមត្រូវ​ទៀតផង។

លុះ​ចូលមកដល់​ថ្ងៃទី​១៦ ខែមេសា ស្រាប់តែ​មិត្តភក្តិ​ប្តី​របស់គាត់​ម្នាក់ឈ្មោះ​គា នៅ​ឃុំ​រការ​ជួរ បាន​ទូរ​សព្ទ័​មក​ប្រាប់ថា កូនស្រី​របស់គាត់​បាន​ទៅ​ពន្យល់​ស​ប្តិ​គាត់​ប្រាប់ថា គេ​មិនទាន់​ស្លាប់​ទេ ឱ្យជួយ​គាស់​ផ្នូរ​យក​គេ​ចេញមក​វិញ​ផង។ ​​ពេលឮ​បែបនេះ គួបផ្សំ​នឹង​រូបគាត់​មិនទាន់​អស់​អាល័យ​ពី​កូនស្រី​ផង ក៏​ជឿ​តាម ហើយ​ចៃដន្យ​ពេលនោះ ក៏បាន​ជួប​ព្រះសង្ឃ​ព្រះនាម ភារ​ម្យ អះអាងថា អាចជួយ​ប្រោះព្រំ​ឱ្យ​រស់​ឡើង​វិញទៀត ក៏​សម្រេចចិត្ត​នាំគ្នា​គាស់​ផ្នូរ​កូនស្រី​តែម្តង​។

ប៉ុន្តែ​ព័ត៌មាន​នេះ គាត់​និង​ក្រុមគ្រួសារ​មិនបាន​ប្រាប់​ទៅ​អ្នកជិត​ខាងអោយដឹងទេ តែមិនដឹង​ជា​យ៉ាងម៉េច ស្រាប់​តែមាន​អ្នកស្រុក​ផ្អើល​ភ្លូកទឹកភ្លូកដី ​មក​មើល​បែបនេះ​តែម្ដង។ ​មូលហេតុ​ដែល​គាត់​ជឿថា កូនស្រី​គាត់​អាច​រស់​ឡើងវិញនោះ គឺ​ដោយសារតែ​កូនស្រី​គាត់ មាន​លក្ខណៈ សម្បត្តិ​អស្ចារ្យ​ខុសពី​គេឯង គឺ​តាំងពី​ដឹងក្តី​មក កូន​គាត់​មិនដែល​ហូប​អាហារ​មានសាច់​ទេ គឺ​ហូប​តែ​អាហារ​បួស ពេល​អាយុ​បាន​៨​ឆ្នាំ ក៏​ចេះ​មើល​ព្យាបាល​ជំងឺ​ ឱ្យ​អ្នកស្រុកតាមអរូបុិយ​បាន​ធូរស្បើយ​គ្រប់ៗ​គ្នា រហូត​អ្នកស្រុក​ឱ្យ​ឈ្មោះថា ព្រះ​នាង ទៀតផង។

គាត់​រៀបរាប់បន្ត​ទៀតថា មួយ​រយៈចុងក្រោយមុនកូនស្រីគាត់​ស្លាប់ កូន​គាត់​មិន​ហូប​អាហារ​ទេ គឺ​ហូប​តែ​ផ្កា​៧​យប់​៧​ថ្ងៃ ទើប​ហូបបាយ​ម្តង គឺជា​ហេតុចំឡែក​ដ៏​អស្ចារ្យមិនដែល​បានឃើញ ទើប​ធ្វើឱ្យ​គាត់​ជា​ម្តាយ​ជឿជាក់ថា កូនស្រី​អាច​រស់​ឡើងវិញ​បាន។ ​​ទោះជា​យ៉ាងណាក៏ដោយ នៅវេលា​ម៉ោង​២ និង​៣០​នាទី​រសៀល​ថ្ងៃទី​១៧ ខែមេសា ឆ្នាំ២០១៦ ពេលនាំគ្នា​គាស់​គំរប​ផ្នូរ​ចេញ គេ​បានឃើញ​សព​នាង បួន គង់ នៅ​ស្ដូកស្ដឹង​ក្នុង​មឈូស ដែលមាន​សភាព​ហើម និង​មាន​ជះក្លិន​ស្អុយ​ទៅហើយ​៕