(បន្ទាយមានជ័យ)៖​ ប្រជាពលរដ្ឋរាប់រយគ្រួសារ រស់នៅក្នុងឃុំគោកល្មៀត ស្រុកថ្មពួក​ ខេត្តបន្ទាយមានជ័យ បាននិង កំពុងខ្វះទឹកប្រើប្រាស់​ ហើយកំពុងប្រឈមនិងមាន​ជម្ងឺ​គ្រួស​តម្រង់​នោម​ទៀតផង ពីព្រោះបច្ចុប្បន្ននេះ​ គ្មានទឹកស្អាត​ និងគ្មានប្រព័ន្ធទឹកឡើយ​ សូម្បីតែពួកគាត់​ជីកអណ្តូង​​ប្រភេទណា​ក៏មិនចេញទឹកឡើយ​ ។ ដូច្នេះ​ពួគគាត់សូមសំណូមពរ​ដល់អាជ្ញាធរ​មូលដ្ឋាន​ ជាពិសេសនោះលោក​អភិបាលខេត្ត​ជួយរកវិធានការណ៌ជូនពួកគាត់ជាបន្ទាន់​មិនដូច្នោះ​ទេពួកគាត់ ព្រមទាំងកូនៗ​នឹងមានជម្ងឺជាមិនខានឡើយ។  

​ស្រ្តីម្នាក់ឈ្មោះ ​ហាក់​ ឡៃអៀង​ អាយុ៤០ឆ្នាំ រស់នៅភូមិ​ឃុំខាងលើ​បានឲ្យដឹងថា គាត់រស់នៅទីនេះជាច្រើនឆ្នាំហើយ ​តែមិនដែលឃើញ​មានអាជ្ញាធរ មានវិធានការណ៍​ និងជួយដោះស្រាយជូនពួកគាត់​ក្នុងឃុំឡើយ​ ហើយបច្ចុប្បន្ននេះ​​ភូមិឃុំគាត់ក្តៅ​ហែង​យ៉ាងខ្លាំង។ គាត់បន្តថា​ កាលពីមុន​អ្នករស់នៅភូមិគាត់​បានទៅទិញទឹក​ពីព្រំដែនថៃយកមក​ប្រើប្រាស់​ និងបរិភោគ​​ ដូច្នេះ​ហើយគាត់សូមឲ្យ អាជ្ញាធរ​មេត្តា​សហការ ជាមួយភាគីថៃ​ ដើម្បីមានការតបណ្តាញទឹកស្អាតមកប្រើប្រាស់ផង​។

​លោក សុខ​ វ៉ាន់នី​ បានឲ្យដឹងផងដែរថា​ ៥ថ្ងៃ​គាត់ចំណាយ​ថវិកា​ប្រមាណ​ជា ៥០,០០០រៀល ​ដើម្បីទិញទឹកស្រះ​គេ ដែលដឹកមកលក់​ដល់គេហដ្ឋានតែម្តង​ ។ លោកបន្តថា «ប្រសិនជាខ្ញុំ​មានលុយ​ដូចគេឯង ខ្ញុំនឹងទៅរកជំរកថ្មីជាមិនខាន​ មិនទ្រាំរស់នៅបែបនេះឡើយ»

លោក ប្លែក​ វ៉ារី​ អភិបាលស្រុក​ថ្មពួក​ បានប្រាប់ Fresh News នៅព្រឹកថ្ងៃទី១៩​​ ខែមេសា​ ឆ្នាំ២០១៦នេះថា «ក្នុងអំឡុង​ខែ​នេះ គឺ​ខាងក្រុមហ៊ុន​ទឹកស្អាត​​បានបូម​ទឹកពីដី​ តែវាមិនគ្រប់គ្រាន់ ហើយ​មួយណា​អាកាសធាតុនេះវា​ប្រែប្រួល​​ ​និងឥឡូវនេះ​ ខាងអាជ្ញាធរយើងកំពុងខិតខំប្រឹងប្រែង​ជួយពួកគាត់ណាស់​»។ លោកបន្តថា​ «បច្ចុប្បន្ននេះ​ទាំងស្រះ​ ទាំងអណ្តូង​ក្នុងស្រុកយើង​វារីងស្ងួតស្ទើរចង់អស់​​ ចំណែកបឹងធំ​២​ គឺបឹងអាំងស្រែល្អ​​ និងបឹង​អាំងគោកព្រិច​​ ដែលមាន​ចំងាយពីទីប្រជុំជន​ ប្រមាណជា​៣គីឡូម៉ែត្រ​ តែឥឡូវនេះ​គឺយើង​ឲ្យខាងអាជីវករ​ដឹក​ទឹកយកទៅលក់​ឲ្យពលរដ្ឋយើង​​ហើ​យ​ ​តែវាមិនសូវស្អាតបន្តិច​​ ប៉ុន្តែពលរដ្ឋយើងមុន​នឹងប្រើប្រាស់​ គឺ​ត្រូវដាំទឹកឲ្យពុះជាមុនសិន ដើម្បី​បញ្ជៀសការឆ្លងជម្ងឺផ្សេងៗ»