(​អូស្ត្រាលី​)៖ បំណែក​មួយ​បន្ទះ សង្ស័យ​ជា​របស់​យន្តហោះ​ម៉ាឡេស៊ី MH370 ដែល​បាន​បាត់​ខ្លួន​ជាង​ពីរ​ឆ្នាំ​កន្លងមកនេះ ត្រូវបាន​គេ​រៀបចំ​បញ្ជូន​ទៅកាន់​ប្រទេស​ម៉ាឡេស៊ី​ហើយ​នៅក្នុង​សប្តាហ៍​នេះ ក្រោយពី ការិយាល័យ​សុវត្ថិភាព​ដឹកជញ្ជូន​អូស្ត្រាលី បាន​ធ្វើ​ការត្រួតពិនិត្យ​រួចរាល់​។ នេះ​បើ​តាម​ការចេញផ្សាយ មុន​នេះ​បន្តិច ដោយ​ទីភ្នាក់ងារ​ព័ត៌មាន​ចិន​ស៊ិន​ហួរ នៅ​ព្រឹក​ថ្ងៃ​អង្គារ ទី​១៩ ខែ​មេសា ឆ្នាំ​២០១៦​។​

​បំណែក​ខាងលើនេះ ត្រូវបាន​រកឃើញ​នៅ​ឆ្នេរសមុទ្រ​នៃ​ប្រទេស​ម៉ូ​ហ្សាំ​ប៊ិក (Mozambique) នៃ​តំបន់​អាហ្វ្រិក​ខាងត្បូង កាលពី​ខែ​មីនា ហើយ​ក្រោយមក​ត្រូវបាន​ក្រុម​ត្រួតពិនិត្យ​អូស្ត្រាលី (ATSB) យកមក​ធ្វើការ​ត្រួតពិនិត្យ និង ត្រៀម​ធ្វើការ​សន្និដ្ឋាន​ចុងក្រោយ នៅ​ពេល​បញ្ជូន​មកកាន់​ប្រទេស​ម៉ាឡេស៊ី​។​

​គួរបញ្ជាក់​ថា យន្តហោះ​ម៉ាឡេស៊ី ដែល​មាន​ជើងហោះហើរ MH370 បាន​បាត់ស្រមោល​ទៅ​កាលពី​ថ្ងៃ ទី​០៨ ខែ​មីនា ឆ្នាំ​២០១៤ ជាមួយនឹង​មនុស្ស​ជិត ៣០០​នាក់​។ វា​ជា​ប្រភេទ​យន្តហោះ Boeing 777 ហើយ​បំណែក​ដែល​ត្រូវបាន​រកឃើញ​នោះ​មាន ស្លាក​សញ្ញា Rolls Royce ដែល​វា​ទំនងជា​ស្ថិតនៅ សន្ទះ​គ្រប​ម៉ាស៊ីន​របស់​យន្តហោះ​តែម្តង​។ យ៉ាងណា​ក៏​ដោយ​ការពិត​នឹង​ត្រូវ​លាតត្រដាង​ក្រោយ បំណែក​នោះ​បញ្ជូន​ទៅ​ដល់​ម៉ាឡេស៊ី​៕​