(ភ្នំពេញ)៖ ក្រសួងសុខាភិបាលកម្ពុជា នៅយប់ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មានប្រកាសលុបចោលការហាមអ្នកដំណើរ ឬអ្នកដែលឆ្លងកាត់ប្រទេសតំបន់អាហ្វ្រិកចំនួន១០ ចូលកម្ពុជា។ នេះបើតាមសេចក្តីប្រកាសដែលបណ្តាញព័ត៌មាន Fresh News ទទួលបានមុននេះបន្តិច។
ក្រសួងសុខាភិបាលបានបញ្ជាក់ឲ្យដឹងថា «ដោយបានទទួលការឯកភាពពី សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ពាក់ព័ន្ធនឹងវីរុសបំប្លែងថ្មី អូមីក្រុង (B.1.1.529) ក្រសួងសុខាភិបាលសម្រេចលុបចោលការហាមឃាត់អ្នកដំណើរ ឬអ្នកដែលបានឆ្លងកាត់ប្រទេសចំនួន១០ នៅទ្វីបអាហ្វ្រិក (Botswana,
Eswatini, Lesotho, Mozambique, Namibia, South Africa, Zimbabwe, Malawi, Angola, និង Zambia) ឬមានប្រវត្តិធ្វើដំណើរទៅប្រទេសទាំង១០នោះ ក្នុងអំឡុងពេល៣សប្តាហ៍មុន ធ្វើដំណើរចូលប្រទេសកម្ពុជា»។
ក្រសួងបន្តថា ការលុបចោលវិធានការខាងលើ នឹងត្រូវដាក់ជំនួសមកវិញដោយការអនុវត្តនីតិវិធីបន្ថែម លើនីតិវិធីប្រតិបត្តិស្តង់ដារ (SOPs) ដើម្បីគ្រប់គ្រងអ្នកដំណើរមកដល់អាកាសយានដ្ឋានអន្តរជាតិនៅកម្ពុជា អនុលោមតាមការរស់នៅតាមគន្លងប្រក្រតីភាពថ្មី ក្នុងបរិបទនៃជំងឺកូវីដ-១៩ សម្រាប់អ្នកដំណើរ ឬអ្នកដែលបានឆ្លងកាត់ប្រទេសចំនួន១០ ខាងលើ ឬមានប្រវត្តិធ្វើដំណើរទៅប្រទេសទាំង១០នោះ ឬបណ្តាប្រទេសផ្សេងទៀតដែលត្រូវ
បានចាត់ទុកថាជា «ប្រទេសដែលមានការព្រួយបារម្ភ» អំឡុងពេល២សប្តាហ៍មុន ធ្វើដំណើរចូលប្រទេសកម្ពុជា ដូចខាងក្រោម៖
១៖ អ្នកដំណើរដែលបានចាក់វ៉ាក់សាំងកូវីដ១៩ ពេញលេញ ត្រូវបង្ហាញវិញ្ញាបនបត្របញ្ជាក់ថាគ្មានជំងឺកូវីដ-១៩ (តេស្ត PCR) ក្នុងរយៈពេល៧២ម៉ោង មុនពេលមកដល់កម្ពុជា ទទួលស្គាល់ដោយអាជ្ញាធរសុខាភិបាលនៃប្រទេសសាមី ឬប្រទេសសំណាក់ចុងក្រោយមុនចាកចេញមកកាន់កម្ពុជា៖
ក៖ ត្រូវធ្វើតេស្តរហ័សរកអង់ទីហ្សែនកូវីដ-១៩ នៅពេលមកដល់
* ក្នុងករណីទទួលបានលទ្ធផលតេស្តរហ័សរកអង់ទីហ្សែនកូវីដ-១៩ វិជ្ជមាន ត្រូវយកសំណាកធ្វើតេស្ត PCR បញ្ជាក់ និងត្រូវធ្វើចត្តាឡីស័កដាច់ ដោយឡែកនៅទីកន្លែងដែលកំណត់ដោយក្រសួងសុខាភិបាល ឬអាជ្ញាធរមានសមត្ថកិច្ច
- ក្នុងករណីទទួលបានលទ្ធផលតេស្ត PCR វិជ្ជមាន ត្រូវធ្វើការព្យាបាល
- ក្នុងករណីទទួលបានលទ្ធផលតេស្ត PCR អវិជ្ជមាន ត្រូវបន្តធ្វើចត្តាឡីស័កដាច់ដោយឡែក រយៈពេល៧ថ្ងៃ និងធ្វើតេស្ត PCR នៅថ្ងៃទី៦ នៃការធ្វើចត្តាឡីស័ក។
- ក្នុងករណីទទួលបានលទ្ធផលតេស្តរហ័សរកអង់ទីហ្សែនកូវីដ-១៩ អវិជ្ជមាន ត្រូវធ្វើចត្តាឡីស័ករយៈពេល៧ថ្ងៃ និងធ្វើតេស្ត PCR នៅថ្ងៃទី៦ នៃការធ្វើចត្តាឡីស័ក។
ខ៖ អ្នកដំណើរជាជនបរទេស ត្រូវកក់សណ្ឋាគារសម្រាប់ការធ្វើចត្តាឡីស័ករយៈពេល៧ថ្ងៃ។ ក្នុងករណី អ្នកដំណើរមិនបានកក់សណ្ឋាគារ ត្រូវទៅកាន់បញ្ជរធនាគារ ដើម្បីតម្កល់ប្រាក់១០០០ (មួយពាន់) ដុល្លារអាម៉រិក សម្រាប់ធានាចំណាយទាំងអស់ពាក់ព័ន្ធនឹងការធ្វើចត្តាឡីស័ក ក្នុងអំឡុងពេលធ្វើចត្តាឡីស័ករយៈពេល៧ថ្ងៃ នៅទីកន្លែងដែលកំណត់ដោយក្រសួងសុខាភិបាល ឬអាជ្ញាធរមូលដ្ឋាន។
២៖ អ្នកដំណើរដែលពុំទាន់បានចាក់វ៉ាក់សាំងកូវីដ-១៩ ពេញលេញ ត្រូវបង្ហាញវិញ្ញាបនបត្របញ្ជាក់ថា គ្មានជំងឺកូវីដ-១៩ (តេស្ត PCR) ក្នុងរយៈពេល ៧២ម៉ោង មុនពេលមកដល់កម្ពុជា ទទួលស្គាល់ដោយអាជ្ញាធរសុខាភិបាលនៃប្រទេសសាមី ឬប្រទេសសំណាក់ចុងក្រោយមុនចាកចេញមកកាន់កម្ពុជា។
អ្នកដំណើរដែលពុំទាន់បានចាក់វ៉ាក់សាំងកូវីដ-១៩ ពេញលេញត្រូវធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ ដោយអនុវត្តតាមនីតិវិធីប្រតិបត្តិស្តង់ដារ (SOPs) ដើម្បីគ្រប់គ្រងអ្នកដំណើរមកដល់ អាកាសយានដ្ឋានអន្តរជាតិនៅកម្ពុជា អនុលោមតាមការរស់នៅតាមគន្លងប្រក្រតីភាពថ្មី ក្នុងបរិបទនៃជំងឺកូវីដ-១៩។
៣៖ អ្នកដំណើរជាជនបរទេស ត្រូវបានលើកទឹកចិត្តឱ្យមានបណ្ណសន្យារ៉ាប់រងសុខភាព សម្រាប់ព្យាបាលជំងឺកូវីដ-១៩ (COVID-19 Health Insurance Policy) ដែលនៅកម្ពុជាអាចទិញពីការធានារ៉ាប់រងរួមគ្នា (Insurance Consortium) តំណាងដោយក្រុមហ៊ុនធានារ៉ាប់រងហ្វតតេ តាមរយៈគេហទំព័រ https://www.foreinsurance.com/covid-19-insurance/៕