(​អេក្វាទ័​រ​)៖ ចំនួន​អ្នក​ស្លាប់​ដោយសារ​គ្រោះធម្មជាតិ​រញ្ជួយ​ដី​កម្រិត ៧,៨​រ៉ិ​ចទ័​រ បាន​កើនឡើង​ដល់៤១៣​នាក់ ដោយ​ក្នុង​នោះ​ក្រុម​ជួយសង្គ្រោះ​បាន​អះអាងថា ចំនួន​អ្នក​ស្លាប់​អាច​នឹង​បន្ដ​កើនឡើង​ទៀត ព្រោះ​មាន​អ្នក​របួសធ្ងន់​ជា​ច្រើន​នាក់ នេះ​បើ​យោងតាម​ការចេញផ្សាយរ​បស់​ទីភ្នាក់ងារ​ព័ត៌មាន CNN ចេញផ្សាយ Update នៅ​ព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៦នេះ។​

ប្រទេសជាច្រើនរួមមាន៖ ម៉ិចស៊ីកូ អេស្បាញ កូឡំប៊ី ឈីលី វេណេស៊ូអេឡា ពេរ៉ូ បានបញ្ជូនកងទ័ពជាច្រើនទៅធ្វើការជួយសង្គ្រោះ។ ចំណែកសហភាពអឺរ៉ុបបានលើកឡើងថា នឹងផ្តល់ប្រាក់​១លានដុល្លារ សម្រាប់ជួយសង្គ្រោះដល់ប្រទេសអេក្វាទ័រ។

​គួរ​បញ្ជាក់​ផង​ដែរ​ថា កងទ័ព និង​កងកម្លាំង​ប៉ូលិស​សរុប១៤,០០០​នាក់ ត្រូវបាន​ដាក់ពង្រាយ ទៅ​តំបន់​នានា​ដែល​បានទទួល​រងគ្រោះ​រញ្ជួយ​ដី ដែល​បាន​កើតមានឡើង​កាលពី​ថ្ងៃ​សៅរ៍ សប្តាហ៍​មុន​នេះ​នៅ​ប្រទេស​អេក្វាទ័​រ ដែល​ស្ថិតនៅ​តំបន់​អាមេរិក​ខាងត្បូង ជាប់​នឹង​មហាសាគរ​ប៉ាស៊ីហ្វិក​ដែរនោះ​។ បច្ចុប្បន្ន​ខេត្ត​ចំនួន០៦ នៅ​ក្បែរ​តំបន់​ដែល​បាន​រងគ្រោះ​រញ្ជួយ​ដី នៅតែ​ស្ថិត​ក្នុង​ការប្រកាសអាសន្ន​នៅឡើយ ហើយ​មនុស្សជាង២៥០០នាក់ កំពុង​សម្រាក​ព្យាបាល​របួស​នៅ​ឯ​មន្ទីរពេទ្យ​៕​