(ភ្នំពេញ)៖ លោក ញឹក ប៊ុនឆៃ ប្រធានគណបក្សខ្មែររួបរួមជាតិ បានលើកឡើងថា លោកបណ្ឌិត ហ៊ុន ម៉ាណែត លក្ខណៈសម្បត្តិគ្រប់គ្រាន់ទាំងសមត្ថភាព ចំណេះដឹង និងសីលធម៌សម្រាប់ជាបេក្ខភាពនាយករដ្ឋមន្ត្រីនាពេលអនាគត ហើយអាទទួលការងារពីថ្នាក់ដឹកនាំចាស់ៗបាន។

ថ្លែងប្រាប់អ្នកសារព័ត៌មាននៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២១នេះ លោក ញឹក ប៊ុនឆៃ ដែលគេគ្រប់គ្នាស្គាល់ថា ជាអតីតមេទ័ពខ្លាំងម្នាក់របស់គណបក្សហ្វ៊ុនស៊ិនប៉ិច បញ្ជាក់ថា «ខ្ញុំយល់ឃើញថា នេះរលកថ្មី ដែលមកបន្តមនុស្សចាស់ ហើយជាធម្មតា មានក្រុមអ្នកបន្តវេនជាបន្តបន្ទាប់ ខ្ញុំមើលឃើញថា គុណសម្បត្តិរបស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ពិតជាមានលក្ខណៈ និងគុណសម្បត្តិគ្រប់គ្រាន់ ទាំងការចេះដឹងរបស់គាត់ ទាំងសីលធម៌ ទាំងអត្តចរឹក របស់គាត់ទាំងប៉ុន្មានហ្នឹង ខ្ញុំដាមដានឃើញថា គាត់មានលក្ខណៈគ្រប់គ្រាន់ ដែលអាចទទួលការងារបន្តវេនពីថ្នាក់ដឹកនាំចាស់ៗបាន»

លោក ហ៊ុន ម៉ាណែត ត្រូវបានឪពុករបស់លោក គឺសម្តេចតេជោ ហ៊ុន សែន ប្រកាសចេញពីខេត្តព្រះសីហនុ កាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២១ ដោយគាំទ្រយ៉ាងពេញទំហឹងឱ្យ ធ្វើជាបេក្ខភាពនាយករដ្ឋមន្រ្តីម្នាក់ ក្នុងចំណោមបេក្ខភាពមួយចំនួនទៀតនៅថ្ងៃអនាគត ហើយសម្តេចបានអះអាងថា ទោះជាយ៉ាងនេះក្តី លោក ហ៊ុន ម៉ាណែត ត្រូវឆ្លងកាត់ការបោះឆ្នោត។

លោកបណ្ឌិត ហ៊ុន ម៉ាណែត វ័យប្រមាណ៤៤ឆ្នាំ គឺជាអគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោករបស់កម្ពុជា។ លោកបញ្ចប់ការសិក្សានៅសាលាបណ្ឌិត្យយោធារបស់អាមេរិក West Point។ សម្រាប់កិច្ចការងារនយោបាយ លោកក៏ជាប្រធានយុវជនថ្នាក់កណ្តាល គណបក្សប្រជាជនកម្ពុជាផងដែរ។

នៅក្នុងញតិ្តគាំទ្រដែលចេញផ្សាយយ៉ាងព្រោងព្រាតរយៈពេលប៉ុន្មានថ្ងៃនេះ បានលើកឡើងថា បណ្ឌិត ហ៊ុន ម៉ាណែត គឺជាយុវជនជំនាន់ថ្មី និងជាឥស្សរជនថ្នាក់ដឹកនាំខ្មែរដ៏ឆ្នើមមួយរូបរបស់កម្ពុជា ពោរពេញដោយសមត្ថភាព និងទេពកោសល្យខ្ពស់ ព្រមទាំងមានគុណធម៌ និងសីលធម៌ដ៏ល្អ ដែលទទួលបានការកោតសរសើរ ការគោរព និងការស្រលាញ់ពីសំណាក់ប្រជាជនទូទៅ មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ ហើយបាននឹងកំពុង រួមចំណែកដឹកនាំ និងចូលរួមយ៉ាងសកម្មក្នុងបេសកកម្ម ដើម្បីបុព្វហេតុជាតិ មាតុភូមិ និងប្រជាជនកម្ពុជា។

ក្នុងញត្តិ បានបង្ហាញជំនឿយ៉ាងមុតមាំលើកូនខ្មែរម្នាក់នេះពិតជា «អាចធ្វើបាន» និងជាឥស្សរជនដែលស័ក្ដិសមជាអនាគត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីបន្តវេនដឹកនាំការពារបូរណភាពទឹកដី សុខសន្តិភាព និងស្ថិរភាពសង្គម ការលើកកម្ពស់កិត្យានុភាពជាតិ និងការអភិវឌ្ឍជាតិឱ្យកាន់តែមានការរីកចម្រើនលើគ្រប់វិស័យ ដើម្បីវិបុលភាព សេចក្តីសុខនិងសុភមង្គលរបស់ប្រជាជនកម្ពុជា៕