(ភ្នំពេញ)៖ អភិបាលរាជធានីភ្នំពេញ លោក ប៉ា សុជាតិវង្ស នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៦នេះ បានបញ្ជាក់តាមរយៈ Facebook Page ផ្លូវការរបស់លោកថា ក្រោយពីចូលឆ្នាំថ្មីរួច មានបញ្ហាជាច្រើន ដែលត្រូវបន្តដោះស្រាយ និងបម្រើជូនបងប្អូនប្រជាពលរដ្ឋ ហើយថានឹងខិតខំធ្វើយ៉ាងណា បម្រើសេវាជូនបងប្អូនឱ្យកាន់តែប្រសើរឡើង កាត់បន្ថយនូវការលំបាក របស់បងប្អូនជាបន្តបន្ទាប់។

លោក ប៉ា សុជាតិវង្ស បានសរសេរទៀតថា នៅរសៀលថ្ងៃទី១៨ ខែមេសានេះ រដ្ឋបាលរាជធានីភ្នំពេញ យើងបានរៀបចំកិច្ចប្រជុំគណៈអភិបាល ដើម្បីពិភាក្សាលើកិច្ចការសំខាន់ៗ ពីរចំណុចដូចខាងក្រោម៖

១-ពិនិត្យ និងពង្រឹងកិច្ចការកសាង ស្ថាបនា គ្រប់សំណង់ ហេដ្ឋារចនាសម្ព័ន្ធនានាឱ្យបានច្បាស់លាស់។

២-កំណត់ពេលវេលា នៃការផ្តល់សេវាសាធារណៈលើសេវាសុរិយោដី និងសំណង់នៅក្នុងរាជធានីភ្នំពេញ ឱ្យបានច្បាស់លាស់ជូនបងប្អូនប្រជាពលរដ្ឋ ព្រោះសេវានេះពិតជាមានបញ្ហាលំបាក របស់បងប្អូន ទាំងការងារលក់ផ្តាច់ ការផ្ទេរបន្ត ការបំបែកលក់ ឬការសុំសាងសង់ជាដើម៕