(ភ្នំពេញ)៖ វគ្គបណ្តុះបណ្តាលអំពីការសរសេរព័ត៌មាន នៃមជ្ឈមណ្ឌលបណ្ដុះបណ្ដាល Fresh News រហូតមកដល់ថ្ងៃនេះ មានរយៈពេល៧សប្តាហ៍មកហើយ ដោយនៅក្នុងសប្ដាហ៍ទី៧នេះ យើងសិក្សាអំពីការសរសេរ News Update ឬ News Developing។

លោក ម៉ារ យ៉ារិទ្ធ ប្រធានមជ្ឈមណ្ឌលបណ្ដុះបណ្ដាល Fresh News បានលេីកឡេីងថា News Update ឬ News Developing ជាផ្នែកមួយនៃ Spot News ដែលគេប្រើប្រាស់នៅពេលដែលមានព្រឹត្តិការណ៍ធំមួយកើតឡើង ហើយព្រឹត្តិការណ៍នោះ ចេះតែបន្តវិវឌ្ឍជាបន្តបន្ទាប់នៅពេលក្រោយៗមកទៀត ដែលអ្នកព័ត៌មានត្រូវបន្តសរសេរតាមការវិវិឌ្ឍនោះ ដើម្បីផ្តល់ជាដំណឹងបន្តបន្ទាប់ជូនអ្នកអាន ឬអ្នកទស្សនា។

«អ្នកសារព័ត៌មានត្រូវចេះតាមដានចំពោះព្រឹត្តិការណ៍ធំៗទាំងនោះ ហើយសរសេរ Update រហូតដល់ព្រឹត្តិការណ៍ត្រូវបានបញ្ចប់ទាំងស្រុង»។ នេះជាការបញ្ជាក់របស់ លោកប្រធាន FTC ហើយលោកបន្តថា៖ «យើងជាអ្នកសារព័ត៌មាន ត្រូវខិតខំរកប្រភពពាក់ព័ន្ធ ដើម្បីផ្តល់ព័ត៌មានអំពីការវិវឌ្ឍនៃព្រឹត្តិការណ៍នេះ កុំចាំឱ្យព័ត៌មានធ្លាក់មកពីលើមេឃ»។

ការសិក្សាអំពី ការធ្វើបច្ចុប្បន្នភពព័ត៌មាន (News Update ឬ News Developing) បានធ្វើឡើងបន្តពី៦សប្ដាហ៍កន្លងទៅ ដែលថ្នាក់សិក្សានៃ FTC បានរៀនអំពីការសរសេរ Spot News ឬព័ត៌មានក្ដៅ។ រយៈពេល៦សប្តាហ៍នៃការសរសេរ Spot News មានសិក្សាលម្អិតអំពីទ្រឹស្ដី News Value, ការថ្លឹង 5wh’s ក្នុងការសរសេរប្រាប់តម្រុយព័ត៌មាន(Lead), ការសរសេរផ្នែកលម្អិតនៃព័ត៌មាន (Body) និង ការសរសេរផ្នែកចុងក្រោយនៃព័ត៌មាន Conclusion ជាដើម។ ដោយការសិក្សានេះ ទទួលការបណ្ដុះបណ្ដាលដោយផ្ទាល់ពីលោក ម៉ារ យ៉ារិទ្ធ ដែលជាអ្នកជំនាញផ្នែកវិស័យសាព័ត៌មាន ទាំងថ្នាក់ជាតិ និងថ្នាក់អន្តរជាតិអស់រយៈពេលជាង៣ទសវត្សរ៍មកហើយ។

បច្ចុប្បន្នលោក ម៉ារ យ៉ារិទ្ធ គឺជាប្រធាននៃមជ្ឈមណ្ឌលបណ្ដុះបណ្ដាល Fresh News (FTC)។ លោកធ្លាប់ជាភ្នាក់ងារសារព័ត៌មានបរទេសល្បីៗជាច្រើនដូចជា UPI, AP និង VOA ជាដើម។ ក្រៅពីនោះព្រឹទ្ធាចារ្យដែលមានរហ័សនាមជា «អាត់ជួង» នៅកម្ពុជាក្នុងវិស័យសារព័ត៌មានរូបនេះ គឺជាអ្នកចូលរួមក្នុងការបង្កើតស្ថាប័នព័ត៌មាន និងដឹកនាំ ស្ថាប័នសារព័ត៌មាន ជាច្រើននៅកម្ពុជា។ លោក ម៉ារ យ៉ារិទ្ធ គឺជានិស្សិតខ្មែរដែលបានសិក្សាវិស័យវិជ្ជាជីវៈសារព័ត៌មានក្នុង សកលវិទ្យាល័យមីឈីហ្គែន University of Michigan និងសកលវិទ្យាល័យមែរីលែន University of Maryland ក្នុង សហរដ្ឋអាមេរិក។

សូមបញ្ជាក់ដែរថា មជ្ឈមណ្ឌលបណ្តុះបណ្តាល Fresh News (Fresh News Training Center) ហៅកាត់ថា «FTC» ជាផ្នែកមួយរបស់អង្គភាពព័ត៌មាន Fresh News។ FTC ត្រូវបានបង្កើតឡើងនៅខែកញ្ញា ឆ្នាំ២០២១ ក្រោមគំនិតផ្ដួចផ្ដើមរបស់ លោក លឹម ជាវុត្ថា ដែលស្ថាបនិក និងជាអគ្គនាយកនៃអង្គភាពព័ត៌មាន Fresh News ដើម្បីចូលរួមចែករំលែកចំណេះដឹង និងបទពិសោធន៍ផ្នែកព័ត៌មាន ក៏ដូចជាចូលរួមបណ្តុះបណ្តាលយុវជនជំនាន់ក្រោយក្នុងវិស័យព័ត៌មានជាដើម។

វគ្គសិក្សាដំបូងនេះធ្វើឡើងរយៈពេល៣ខែ មានសិក្ខាកាមជាបុគ្គលិកនៃអង្គភាពព័ត៌មាន Fresh News ចូលរួមប្រមាណ៣០នាក់។ ក្រោយបញ្ចប់ការសិក្សាសិក្ខាកាមទាំងអស់ នឹងទទួលបានវិញ្ញាបនបត្របញ្ជាក់ការសិក្សា ដែលចេញដោយអង្គភាពព័ត៌មាន Fresh News និងគ្រូបង្គោលផងដែរ។ សម្រាប់វគ្គបន្ទាប់ FTC នឹងអនុញ្ញាតឱ្យសិស្ស-និស្សិត និងយុវជនដទៃទៀត ដែលមិនមែនជាបុគ្គលិក Fresh News ចូលរៀនថែមទៀត៕

សម្រាប់ព័ត៌មានបន្ថែមពាក់ព័ន្ធនឹងការសិក្សា សូមទំនាក់ទំនង៖

១៖ លោក ពេជ្រ ប៊ុនសាយ អគ្គនាយករងអង្គភាពព័ត៌មាន Fresh News និងជាអនុប្រធានប្រចាំការ FTC ទូរស័ព្ទ និង Telegram លេខ៖ 089 960 090

២៖ កញ្ញា ថាន រស្មី ប្រធានផ្នែកទំនាក់ទំនងសាធារណៈតាមរយៈលេខទូរស័ព្ទ ឬតេឡេក្រាម៖ 092 322 334