(ភ្នំពេញ)៖ រយៈពេល៣ថ្ងៃហើយ ក្រោយពេលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានប្រកាសគាំទ្រលោក ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីបន្ទាប់ពីសម្តេចនោះ ចរន្តនៃការគាំទ្រពីថ្នាក់ដឹកនាំ សមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា ថ្នាក់ដឹកនាំមន្ត្រីរាជការតាមក្រសួងស្ថាប័ននានា ក៏ដូចជាប្រជាពលរដ្ឋទូទៅនៅតែបន្តធ្លាក់មកជាហូរហែ និងចែកចាយតាមបណ្តាញសង្គមយ៉ាងព្រោងព្រាត។

នៅថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២១នេះ អង្គភាពព័ត៌មាន Fresh News បន្តទទួលបានកម្រងរូបភាព និងសារគាំទ្រលោក ហ៊ុន ម៉ាណែត ចំនួន៩សន្លឹក ដែលរៀបចំ និងរចនាឡើងដោយអ្នកគោរពស្រឡាញ់លោក ហ៊ុន ម៉ាណែត។

រូបភាព៩សន្លឹកនេះ បានបង្ហាញភាពម៉ឺងម៉ាត់ ស្វាហាប់ និងស្នាមញញឹម ហើយបានភ្ជាប់ជាមួយសារថា «ខ្ញុំស្រឡាញ់ និងគាំទ្របេក្ខភាព ឯកឧត្តម ហ៊ុន ម៉ាណែត ជាអនាគតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា», «ខ្ញុំស្រឡាញ់គាំទ្របងណែត», «ខ្ញុំចូលចិត្តឯកឧត្តម ហ៊ុន ម៉ាណែត», «ខ្ញុំគាំទ្រការសម្រេចចិត្តរបស់សម្តេច», «ខ្ញុំពេញចិត្ត និងគាំទ្របងណែត», «ឯកឧត្តម ហ៊ុន ម៉ាណែត ជាយុវជនដែលពោរពេញដោយសក្តានុពល», «ឯកឧត្តម ហ៊ុន ម៉ាណែត ជាកុលបុត្រដ៏ឆ្នើមនៃកម្ពុជា», «ខ្ញុំគាំទ្របង ហ៊ុន ម៉ាណែត ជាអនាគតនាយករដ្ឋមន្ត្រីនៃកម្ពុជា»។

សូមបញ្ជាក់ថា កាលពីថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២១ ចំខួប៤៣ឆ្នាំនៃការបង្កើតរណសិរ្សសាមគ្គីសង្គ្រោះជាតិ ដែលជាចលនារំដោះជាតិចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត នោះ សម្តេចតេជោ ហ៊ុន សែន បានប្រកាសជាសាធារណៈគាំត្រលោក ហ៊ុន ម៉ាណែត កូនច្បងរបស់សម្តេច ជាបេក្ខភាពនាយករដ្ឋមន្ត្រី។

លោកបណ្ឌិត ហ៊ុន ម៉ាណែត វ័យប្រមាណ៤៤ឆ្នាំ គឺជាអគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោករបស់កម្ពុជា។

លោក ហ៊ុន ម៉ាណែត ជាកុលបុត្រខ្មែរដំបូងគេ ដែលបានបញ្ចប់ការសិក្សានៅសាលាបណ្ឌិត្យយោធាអាមេរិក West Point, ទទួលបានសញ្ញាបត្រថ្នាក់អនុបណ្ឌិតសេដ្ឋកិច្ច នៅសាកលវិទ្យាល័យ New York សហរដ្ឋអាមេរិក និងទទួលបានសញ្ញាបត្រថ្នាក់បណ្ឌិតសេដ្ឋកិច្ច នៅសាកលវិទ្យាល័យ Bristol នៃចក្រភពអង់គ្លេស។

សម្រាប់កិច្ចការងារនយោបាយ លោក ហ៊ុន ម៉ាណែត ជាសមាជិកគណៈអចិន្ត្រៃយ៍ នៃគណបក្សប្រជាជនកម្ពុជា ដែលមានវ័យក្មេងជាងគេ ហើយលោកក៏ជាប្រធានយុវជនថ្នាក់កណ្តាលគណបក្សប្រជាជនកម្ពុជាផងដែរ៕