(ពោធិ៍សាត់)៖ ប្រជាពលរដ្ឋចំនួន៧គ្រួសារ ដែលជួបបញ្ហាដោយសារខ្យល់កន្ត្រាក់ បណ្តាលឲ្យរលំផ្ទះ និងរបើកដំបូលស័ង្កសីមួយចំនួន ស្ថិតក្នុងភូមិក្បាលឈើពុក ឃុំស្យា ស្រុកកណ្តៀង ខេត្ត​ពោធិ៍សាត់ ត្រូវបានលោក ម៉ៅ ធនិន ប្រធានកិត្តិយស និង លោក ខូយ រីដា ប្រធានគណៈកម្មការ ព្រមទាំងសមាជិកសមាជិកា សាខាកាកបាទក្រហម ខេត្តពោធិ៍សាត់ បាននាំយកអំណោយ​មនុស្ស​ធម៌សង្គ្រោះបន្ទាន់ ទៅផ្តល់ជូន នារសៀលថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៦។

លោក ម៉ៅ ធនិន អភិបាលខេត្ត និងជាប្រធានកិត្តិយស សាខាកាកបាទក្រហមខេត្តពោធិ៍សាត់ថ្លែងថា បន្ទាប់ពីទទួលបាន សេចក្តីរាយការណ៍ពីអាជ្ញាធរ ឃុំស្រុក អំពីករណីគ្រោះធម្មជាតិខ្យល់កន្ត្រាក់ រលំផ្ទះ និងរបើកដំបូលរួចមក លោកបានណែនាំដល់ លោក ខូយ រីដា ប្រធានគណៈកម្មការ សាខាកាកបាទក្រហមខេត្ត និងក្រុមការងារ រៀបចំជាអំណោយមកសង្គ្រោះជាបន្ទាន់។

លោកបានបន្តថា នេះជាភារកិច្ច របស់អាជ្ញាធរដែនដី ពិសេសក្នុងនាមជាកាកបាទក្រហម ដែលជាអង្គភាពមនុស្សធម៌ តែងមានភារកិច្ច ចុះជួយដោះស្រាយទុក្ខលំបាក របស់បងប្អូនគ្រប់ពេលវេលា និង គ្រប់ទីកន្លែង។

លោកបានបន្តទៀតថា ទោះបីអំណោយទាំងនេះតិចតួចក្តី តែវាជួយសម្រាលបន្ទុក និងដោះស្រាយជីវភាពប្រចាំថ្ងៃ បានមួយគ្រាៗដែរ ដូចប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី​នៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលតែងតែណែនាំដល់អាជ្ញាធរមូលដ្ឋាន ឲ្យយកចិត្តទុកដាក់ ចុះជាប់ជាមួយប្រជាជន ស្គាល់សុខទុក្ខប្រជាជន ជាពិសេសជាមួយ​ប្រជាជន​ងាយរងគ្រោះ ហើយមិនត្រូវឲ្យប្រជាជនណាម្នាក់ ស្លាប់ដោយអត់បាយ ដោយមិនបានដឹង និងមិនមានការដោះស្រាយនោះទេ ។

អំណោយមនុស្សធម៌ របស់សាខាកាកបាទក្រហមខេត្ត ផ្តល់ជូនទាំង ៧គ្រួសារ ដែលជួបបញ្ហាដោយសារខ្យល់កន្ត្រាក់ បណ្តាលឲ្យរលំផ្ទះ និងរបើកដំបូលស័ង្កសី ដោយក្នុងមួយគ្រួសារទទួលបាន អង្ករ ២៥គីឡូក្រាម, កង់១, មី១កេស, តង់ខៀវ១, កន្ទេល១, ភួយ១, សារុង១, ក្រមា១, មុង១, ទឹកស៊ីអ៊ីវ១យួរ, ទឹកត្រី១យួរ និង ថវិកា១០ម៉ឺនរៀល ។ ដោយឡែកគ្រួសារក្រីក្រខ្វះខាតស្បៀង ចំនួន ៣គ្រួសារ ទទួលបានអង្ករ២៥គីឡូក្រាម, មី១កេស, ទឹកស៊ីអ៊ីវ១យួរ, ទឹកត្រី១យួរ និងថវិកា២៥ម៉ឺនរៀល ។ បន្ថែមពីនោះទៀតលោក ម៉ៅ ធនិន បានឧបត្ថម្ភថវិកា៥០ម៉ឺនរៀល ដល់ប្រជាការពារ និង អ្នកភូមិ ចូលរួមសហការគ្នារៀបចំ និងលើកផ្ទះឡើងវិញ, ព្រះគ្រូចៅអធិការវត្តនទីសេដ្ឋា ហៅវត្តបន្ទាយយួន ឧបត្ថម្ភដល់គ្រួសាររងគ្រោះ និងគ្រួសារក្រីក្រទាំង ១០គ្រួសារ ជាសម្ភារប្រើប្រាស់ និង ថវិកាមួយចំនួន៕