(ភ្នំពេញ)៖ កម្លាំងអាជ្ញាធរ និងសមត្ថកិច្ចរបស់ខណ្ឌដូនពេញ ក្រោមការសម្របសម្រួលពីព្រះរាជអាជ្ញារង លោក គុជ គឹម និងមានការបញ្ជាផ្ទាល់ពីលោកគួច ចំរើន អភិបាល នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៦នេះ បានចុះបង្ក្រាបទីតាំងបើកលេងល្បែងស៊ីសង ដោយខុសច្បាប់ ប្រភេទហ្គេមបាញ់ត្រីស្ថិតនៅផ្ទះលេខ៧២ ផ្លូវរថភ្លើង ភូមិ២ សង្កាត់ស្រះចក។

មន្រ្តីនគរបាលប៉ុស្តិ៍ស្រះចក បានឲ្យដឹងថា សម្រាប់ប្រតិបត្តិការនេះ កម្លាំងសមត្ថកិច្ច និងអាជ្ញាធរ បានដកហូតបានទូហ្គេមបាញ់ត្រី១គ្រឿង ដាវសាម៉ូរ៉ៃចំនួន២ដើម កៅអី៩ និងកង្ហាចំនួន៣គ្រឿង ដោយយកមករក្សាទុក នៅសាលាខណ្ឌរង់ចាំបំផ្លាញចោល។

សូមបញ្ជាក់ថា សម្រាប់ប្រតិបត្តិការបង្ក្រាបទីតាំងហ្គេម និងល្បែងស៊ីសងគ្រប់ប្រភេទ នៅលើទឹកដីខណ្ឌដូនពេញ ត្រូវបានអភិបាលខណ្ឌលោក គួច ចំរើន បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ ដល់កម្លាំងអាជ្ញាធរ និងសមត្ថកិច្ចទាំងអស់ចុះស្រាវជ្រាវ និងបង្ក្រាបមិនឲ្យសល់នោះទេ ពីព្រោះល្បែងទាំងនេះ វាជាមូលហេតុនាំឲ្យកើតឡើងបទល្មើសដូចជា គ្រឿងញៀន លួច ឆក់ ប្លន់ និងអំពើហិង្សាជាដើម៕