(ភ្នំពេញ)៖ អគ្គស្នងការដ្ឋាននគរបាលជាតិ កាលពីពេលថ្មីៗនេះ បានប្រកាសដាក់លេខទូរស័ព្ទ Hotline 117 ដើម្បីឲ្យប្រជាពលរដ្ឋរាយការណ៍នៅពេលមានបញ្ហាអ្វីកើតឡើងពិតប្រាកដ ពិសេសនៅពេលត្រូវជំនួយពីនគរបាលជាតិ នៅទូទាំងប្រទេស ២៤ម៉ោងលើ២៤ម៉ោង។
លេខទូរស័ព្ទ Hotline 117 នេះគឺជាមជ្ឈមណ្ឌលប្រចាំបញ្ជារបស់អគ្គស្នងការដ្ឋាននគរបាលជាតិ ដែលរង់ចាំទទួល និងឆ្លើយតបបន្ទាន់ភ្លាមៗ នៅពេលទទួលបាននូវសេចក្ដីរាយការណ៍សុំជំនួយពិតប្រាកដពីនគរបាលជាតិ ដូចជា បទល្មើសព្រហ្មទណ្ឌ, គ្រោះថ្នាក់ចរាចរណ៍, គ្រោះអគ្គិភ័យ ឬភាពអសកម្មមួយចំនួនរបស់មន្ដ្រីនគរបាលនៅតាមមូលដ្ឋានជាដើម។
ក្រោយប្រកាសឲ្យដំណើរការលេខទូរស័ព្ទ Hotline 117 នេះ មានប្រជាពលរដ្ឋជាច្រើននាក់ បានរាយការណ៍ពីបញ្ហាជាបន្តបន្ទាប់ ដែលពួកគាត់បានជួបប្រទះ និងទទួលបាន។
លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ប្រធាននាយកដ្ឋានវិទ្យុទាក់ទង បានបញ្ជាក់ថា «ក្រោយការកែប្រែរបៀបអនុវត្តការងារក្នុងមជ្ឈមណ្ឌលប្រចាំបញ្ជា ពិសេសក្រោយអង្គភាពសារព័ត៌មានជាច្រើន ជាពិសេសអង្គភាពព័ត៌មាន Fresh News បានជួយផ្សព្វផ្សាយមកនោះ ប៉ុន្មានថ្ងៃនេះលេខ ១១៧ មានការមមាញឹកគួរឱ្យកត់សម្គាល់»។
លោកឧត្តមសេនីយ៍ទោប្រធាននាយកដ្ឋាន បានចាត់ទុកថា នេះគ្រាន់ជាចំណុចចាប់ផ្តើមនៅឡើយ ពួកនៅមានភារកិច្ចជាច្រើនទៀតត្រូវកែប្រែ និងត្រូវអនុវត្ត ដើម្បីប្រាកដថាលេខ១១៧ គឺជាក្តីសង្ឃឹមរបស់ប្រជាជនទូទៅដែលត្រូវការ ជំនួយជាចាំបាច់បន្ទាន់។
លោកប្រធាននាយកដ្ឋាន សូមឲ្យពលរដ្ឋបន្តផ្តល់ព័ត៌មានពិត និងផ្សព្វផ្សាយលេខ ១១៧ ឱ្យបានទូលំទូលាយថា ពួកយើងខ្ញុំរង់ចាំទទួលព័ត៌មានពិតយកមកដោះស្រាយជូន ២៤/២៤ម៉ោង ប្រកបដោយស្មារតីទទួល ខុសត្រូវខ្ពស់ស្មោះត្រង់តាមវិជ្ជាជីវៈ៕