(ភ្នំពេញ)៖ លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា​ស្វាមន៍សង្គមស៊ីវិល និង ប្រជាពលរដ្ឋខ្មែរ ទាំងអស់ក្នុងការចូលរួមការពារព្រៃឡង់ឲ្យក្លាយជាតំបន់អភិរក្ស ខណៈដែលព្រៃឈើ​នៅតំបន់នេះ មានការប៉ាន់ប្រមាណ​ថាសល់ប្រមាណ ៣០ម៉ឺនហិកតា។

ការបង្ហាញនូវការស្វាគមន៍ចំពោះសកម្មភាពថែរក្សាព្រៃឡង់​ពីសំណាក់ លោក សាយ សំអាល់ បានធ្វើឡើង បន្ទាប់ពីលោក រួមនិងលោក សក់ សេដ្ឋា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និង លោក ឆេង គឹមស៊ុន អគ្គនាយករដ្ឋបាលព្រៃឈើ នៃក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ បានជិះឧទ្ធម្ភាគចក្រ ជាមួយឯកអគ្គរដ្ឋទូតអាមេរិកលោក William A. Heidt ត្រួតពិនិត្យមើលតំបន់​ព្រៃឡង់ពេញ​មួយព្រឹក​ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៦។

លោក សាយ សំអាល់ បានបញ្ជាក់នៅក្នុងសន្និសីទកាសែតក្រោយបញ្ចប់ដំណើរហោះមើលព្រៃឡើងនេះថា រដ្ឋាភិបាលកម្ពុជា កំពុងតែយកចិត្តទុកដាក់ និងសិក្សាបន្ថែមទៀត លើតំបន់ព្រៃឡង់ ដើម្បីយកទៅពិភាក្សានៅក្នុងសិក្ខាសាលា ពិគ្រោះយោបល់នៅពេលឆាប់ៗខាងមុខនេះ។

លោក សាយ សំអាល់ បន្តថា តំបន់ព្រៃឡង់នៅតែមានការកាប់បំផ្លាញ និងហិនហោចដោយសារតែតំបន់នេះមិនទាន់ដាក់ចំណាត់ថ្នាក់ ជាតំបន់អភិរក្ស នៅតែមានការកាប់ទន្រ្ទាន​ពីសំណាក់​ប្រជាពលរដ្ឋ និងការទំនាក់ទំនងជា​មួយរដ្ឋបាល​ថ្នាក់ក្រោមជាតិ នៅមានកម្រិត។

រដ្ឋមន្រ្តីវ័យក្មេងរូបនេះ បានបន្ថែមថា រដ្ឋាភិបាល នឹងប្រឹងប្រែងធ្វើយ៉ាងណា​ឲ្យតំបន់ព្រៃឡង់​ក្លាយជាព្រៃ​អភិរក្សក្នុង​ពេលឆាប់ៗ​ខាងមុខនេះ។

លោក សាយ សំអាល់ រំពឹងទុកថា នៅពេលដែលព្រៃឡង់ក្លាយជាព្រៃអភិរក្សហើយនោះ នឹងមានសហគមន៍អន្តរជាតិផ្តល់ជំនួយហិរញ្ញវត្ថុដល់កម្ពុជា ដើម្បីបន្តសកម្មភាពការពារ និង អភិវឌ្ឍន៍កម្ពុជា ឲ្យរីកចម្រើនបន្ថែមទៀត។

លោក សាយ សំអាល់ មិនទាន់អាចបញ្ជាក់ពីទំហំព្រៃឈើ ដែលនៅសេសសល់ពីការកាប់បំផ្លាញ់ក្នុងតំបន់ព្រៃឡង់នៅឡើយនោះទេ តែលោកបានប៉ាន់ប្រមាណថា ព្រៃឈើនេះនៅសល់ប្រមាណ ៣០ម៉ឺនហិកតា។

លោក សាយ សំអាល់ បានបញ្ជាក់ផងដែរថា ក្រសួងបរិស្ថាន នឹងរៀបចំសិក្ខាសាលាពិគ្រោះយោបល់ជុំវិញការ ដាក់ព្រៃឡង់ជាតំបន់អភិរក្សនៅពេលឆាប់ៗខាងមុខនេះ ហើយសិក្ខាសាលានេះ នឹងមានការចូលរួមពីភាគីពាក់ព័ន្ធជាច្រើន ស្ថាប័នពីបណ្តាសង្គមស៊ីវិល និង ប្រជាពលរដ្ឋជាច្រើនចូលរួមផងដែរ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា ក្នុងពិធីបិទសន្និបាតបូកសរុបការងាររបស់ក្រសួងអប់រំកាលពីខែកន្លងទៅថា សម្តេចស្វាគមន៍ជានិច្ចចំពោះសង្គមស៊ីវិល និងប្រជាពលរដ្ឋ ដែលចង់ចូលរួមការពារតំបន់ព្រៃឡង់ ពីព្រោះថា ព្រៃឡង់មិនមែនជារបស់រាជរដ្ឋាភិបាលនោះទេ គឺជារបស់ជនរួមជាតិទាំងមូល ដូចនេះ ប្រជាពលរដ្ឋខ្មែរត្រូវរួមគ្នាការពារនិងអភិរក្សឲ្យបានគ្រប់ៗគ្នា៕