(ស្ទឹងត្រែង)៖ លោក ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២១នេះ ត្រូវបានសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ចាត់ឲ្យអញ្ជើញជាតំណាងក្នុងការនាំយកនូវវ៉ាក់សាំង ចំនួន៥០ម៉ឺនដូស និងរថយន្ដដឹកវ៉ាក់សាំង ចំនួន៣គ្រឿង ដែលជាការផ្ដល់ជូនរបស់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ជូនដល់រដ្ឋាភិបាល និងប្រជាជនឡាវ។ ពិធីប្រគល់ និងទទួលនេះ ត្រូវបានធ្វើឡើងនៅព្រំដែនកម្ពុជា-ឡាវ ក្នុងខេត្តស្ទឹងត្រែង។

តាមរយៈការថ្លែងសុន្ទរកថា លោក ម៉ម ប៊ុនហេង បានលើកឡើងថា ការផ្ដល់នូវជំនួយរបស់កម្ពុជា ជូនដល់មិត្តឡាវ នាឱកាសនេះ ដើម្បីជួយទប់ស្កាត់ការរាលដាលជំងឺកូវីដ-១៩ នៅក្នុង
ប្រទេសឡាវ គឺជាកាយវិការបង្ហាញនូវមនោសញ្ចេតនាជាបងប្អូន និងសាមគ្គីភាពរបស់ប្រជាជនកម្ពុជា ជាមួយប្រជាជនឡាវ នៅក្នុងកាលៈទេសៈ ដែលពិភពលោកទាំងមូលកំពុងជួបនឹងបញ្ហាប្រឈម ដែលមិនធ្លាប់មានពីមុនមក។

លោកបានអះអាងថា វ៉ាក់សាំងកូវីដ-១៩ ប្រភេទស៊ីណូវ៉ាក់ ចំនួន៥០០,០០០ដូស និងរថយន្តដឹកវ៉ាក់សាំង ចំនួន៣គ្រឿង ដែលជាជំនួយរបស់រាជរដ្ឋាភិបាល និងប្រជាជន នៃកម្ពុជា ជូនរដ្ឋាភិបាល និងប្រជាជន នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ សម្រាប់បម្រើឲ្យការឆ្លើយតបការរាតត្បាតនៃជំងឺកូវីដ-១៩ នៅប្រទេសឡាវ។ ខណៈនេះជាលើកទី៣ហើយ ដែលកម្ពុជា ផ្ដល់ជូនមិត្តឡាវ។

លោក ម៉ម ប៊ុនហេង ក៏បានឆ្លៀតគូសរំលេចផងដែរថា កម្ពុជា និងឡាវមានចំណងមិត្តភាពជាប្រពៃណី ជាបងប្អូនដ៏យូរអង្វែង ហើយបច្ចុប្បន្នប្រទេស
យើងទាំងពីរ ក៏មានកិច្ចសហប្រតិបត្តិការក្នុងក្របខណ្ឌទ្វេភាគី ពហុភាគី ក៏ដូចជាក្នុងអាស៊ាន ដើម្បីនាំមកនូវសន្តិភាព ស្ថិរភាព សន្តិសុខ ការអភិវឌ្ឍន៍ប្រកបដោយចិរភាព និងផលប្រយោជន៍នៃប្រជាជាតិយើងទាំងពីរ ក៏ដូចជាក្នុងតំបន់។

លោកជឿជាក់ថា ទំនាក់ទំនងល្អប្រសើរជាប្រពៃណី និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ (កម្ពុជា-ឡាវ) នឹងកាន់តែរីកចម្រើន រឹងមាំ នាំមកនូវភាពសុខដុម និងវឌ្ឍនភាពសេដ្ឋកិច្ច-សង្គម ជានិរន្តរ៍ ដល់ប្រជាជនយើងទាំងពីរ ដែលនឹងរួមចំណែកផងដែរ ដល់សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍនៅក្នុងតំបន់។

បន្ថែមពីនេះ តាងនាមប្រជាជនកម្ពុជា សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏សូមជូនពរដល់ប្រជាជនឡាវ ជាបងប្អូន សូមបានប្រកបដោយសុខុមាលភាព សុវត្ថិភាព និងទទួលបានជោគជ័យក្នុងការគ្រប់គ្រងការរាតត្បាត នៃជំងឺកូវីដ-១៩។ នេះជាអ្វីដែលជាការលើកឡើងបន្ថែមរបស់លោករដ្ឋមន្ដ្រី ម៉ម ប៊ុនហេង។

សូមជម្រាបថា ពាក់ព័ន្ធនឹងជំនួយនេះ លោក ប៊ុនហ្វែង ភូមិម៉ាឡៃស៉ីត រដ្ឋមន្ដ្រីក្រសួងសុខាភិបាលឡាវ តាងនាមរដ្ឋាភិបាល និងប្រជាជនឡាវ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ដែលបានផ្ដល់ជំនួយទាំងអស់ ក្នុងគ្រាដែលប្រទេសគេកំពុងជួបប្រទះ និងប្រឈមជាមួយជំងឺកូវីដ១៩។

លោក ប៊ុនហ្វែង ភូមិម៉ាឡៃស៉ីត បានអះអាងទៀតថា ជំនួយទាំងនេះ នឹងជាផ្នែកមួយសំខាន់ ចូលក្នុងការងារការពារទប់សកាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ដែលប្រទេសឡាវកំពុងតែប្រឈមមុខនាពេលបច្ចុប្បន្ន និងជាពិសេសការបង្កើនការការពារឲ្យសហគមន៍ និងការឈានទៅដល់ការផ្តល់ការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ ឲ្យបាន៥០ភាគរយ ក្នុងចុងឆ្នាំ២០២១នេះ៕