(ភ្នំពេញ)៖ ការសរសេរអត្ថបទឲ្យបានល្អ និងស៊ីជម្រៅ ច្បាស់ណាស់គឺត្រូវការបញ្ចូលនូវសម្រង់សម្ដី (Quote)របស់ប្រភព ជាមួយនឹងការស្រង់យកសាវតានៃសាច់រឿងមករំលេចតាមលំដាប់លំដោយ។ តែប្រសិនជានៅក្នុងព្រឹត្តិការណ៍ណាមួយនោះ គេមិនបាននិយាយអំពីសាវតានៃសាច់រឿង។ តើអ្នកព័ត៌មានត្រូវស្វែងរកសាច់រឿងដោយវិធីណា?

បើតាមការបញ្ជាក់ពី លោក ម៉ារ យ៉ារិទ្ធ ប្រធានមជ្ឈមណ្ឌលបណ្ដុះបណ្ដាល Fresh News (FTC), នៅពេលដែលព្រឹត្តិការណ៍មួយកើតឡើង ទោះប្រភពមិនបាននិយាយអំពីប្រវត្តិ ឬសាវតានៃសាច់រឿងក៏ដោយ អ្នកព័ត៌មានមានតួនាទីក្នុងការស្វែងរកសាច់រឿងបន្ថែមទៀតជូនដល់អ្នកអាន អាចជាការសម្ភាសប្រភពបន្ថែម ឬជាការស្រាវជ្រាវពីឯកសារផ្សេងៗ។ ជាងនេះទៅទៀតនៅក្នុងនាមជាអ្នកមានបទពិសោធន៍នៅក្នុងវិស័យសារព័ត៌មានជាង៣ទសវត្សមកហើយ លោក ម៉ារ យ៉ារិទ្ធ បានណែនាំឲ្យអ្នកព័ត៌មានចេះរក្សាទុកនូវឯកសារ ឬព័ត៌មានសំខាន់ៗផ្សេងៗ ដើម្បីកម្កល់ទុកប្រើប្រាស់ នៅពេលដែលព្រឹត្តិការណ៍ណាមួយត្រូវនឹងសាច់រឿងនោះកើតឡើង។

ជាមួយគ្នានេះព្រឹទ្ធាចារ្យក្នុងវិស័យសារព័ត៌មានខាងលើ ក៏បានបញ្ជាក់ដែរថា ប្រសិនបើមិនបានរក្សាទុកដើម្បីប្រើប្រាស់ទេនោះ ការសរសេររឿងអាចនឹងត្រូវចំណាយពេលយូរ ឬសរសេរមិនបានល្អជាដើម។ ពេលខ្លះដើម្បីឲ្យទាន់សភាពការណ៍ អ្នកព័ត៌មាន អាចចេញផ្សាយព័ត៌មានបឋមជាមុនសិន ឬជាប្រភេទព័ត៌មានវិវឌ្ឍសាច់រឿង (News Update) ជាមុន។ បន្ទាប់មកទើប ពួកគេធ្វើព័ត៌មានពេញលេញមួយ ដោយសង្ខេបអំពីសាវតានៃសាច់រឿង ព្រមជាមួយព្រឹត្តិការណ៍ និងលទ្ធផលនៃចុងបញ្ចប់នៃសាច់រឿង នៅក្នុងអត្ថបទតែមួយ។

លោក ម៉ារ យ៉ារិទ្ធិ គឺជាព្រឹទ្ធាចារ្យក្នុងវិស័យសារព័ត៌មានជាង៣ទសវត្សរ៍មកហើយៗបច្ចុប្បន្នលោកគឺជា ប្រធានមជ្ឈមណ្ឌលបណ្ដុះបណ្ដាល Fresh News (FTC) ។ លោកធ្លាប់បម្រើការជាអ្នកសរសេរព័ត៌មានក្នុងទីភ្នាក់ងារសារព័ត៌មានបរទេសល្បីៗជាច្រើនដូចជា UPI, AP និង VOA ជាដើម។ ក្រៅពីនោះលោក ម៉ារ យ៉ារិទ្ធិ ដែលមានរហ័ស នាម «អាត់ជួង» នៅកម្ពុជាក្នុងវិស័យសារព័ត៌មានរូបនេះ គឺជាអ្នកចូលរួមក្នុងការបង្កើតស្ថាប័នព័ត៌មាន និងដឹកនាំ ស្ថាប័នសារព័ត៌មាន ជាច្រើននៅកម្ពុជា។ លោកគឺជានិស្សិតខ្មែរដែលបានសិក្សាវិស័យវិជ្ជាជីវៈសារព័ត៌មានក្នុងសកលវិទ្យាល័យមីឈីហ្គែន University of Michigan និងសកលវិទ្យាល័យមែរីលែន University of Maryland ក្នុង សហរដ្ឋអាមេរិក។

សូមបញ្ជាក់ថា មជ្ឈមណ្ឌលបណ្តុះបណ្តាល Fresh News (Fresh News Training Center) ហៅកាត់ថា «FTC» ជាផ្នែកមួយរបស់អង្គភាពព័ត៌មាន Fresh News ដែលត្រូវបានបង្កើតឡើងនៅខែកញ្ញា ឆ្នាំ២០២១ ក្រោមគំនិតផ្ដួចផ្ដើមរបស់ លោក លឹម ជាវុត្ថា ដែលស្ថាបនិក និងជាអគ្គនាយកនៃអង្គភាពព័ត៌មាន Fresh News ។

FTC បាន និងកំពុងបើកវគ្គបណ្តុះបណ្តាលលើកដំបូង រយៈពេល៣ខែមានសិក្ខាកាមជាបុគ្គលិក Fresh News ប្រមាណ៣០រូបចូលរួម។ ក្រោយបញ្ចប់វគ្គសិក្សា សិក្ខាកាមទាំងអស់នឹងទទួលបានវិញ្ញាបនបត្របញ្ជាក់ការសិក្សា ចេញដោយអង្គភាពព័ត៌មាន Fresh News និងគ្រូបង្គោលផងដែរ។ នៅវគ្គបន្ទាប់ ឆាប់ៗនេះ FTC នឹងអនុញ្ញាតឱ្យសិស្ស-និស្សិត និងយុវជនដទៃទៀត ដែលមិនមែនជាបុគ្គលិក Fresh News ចូលរៀនថែមទៀត៕

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង៖
១៖ លោក ពេជ្រ ប៊ុនសាយ អគ្គនាយករងអង្គភាពព័ត៌មាន Fresh News និងជាអនុប្រធានប្រចាំការ FTC ទូរស័ព្ទលេខ : 089 960 090.
២៖ កញ្ញា ថាន រស្មី ប្រធានផ្នែកទំនាក់ទំនងសាធារណៈ 092 322 334