(ប្រេស៊ីល)៖ សភាតំណាងរាស្ត្ររបស់ប្រទេសប្រេស៊ីល នៅមុននេះបន្តិច​បានព្រមព្រៀង ឲ្យធ្វើការចោទប្រកាន់​ប្រធានាធិបតីលោកស្រី ឌីលម៉ា រួសេហ្វ (Dilma Rousseff) ទៅតាមផ្លូវច្បាប់ហើយ។ នេះបើតាមការចេញផ្សាយរបស់ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នៅរសៀលថ្ងៃចន្ទ ទី១៨ ខែមេសា ឆ្នាំ២០១៦។

ការព្រមព្រៀងក្នុងសភា បានកើតឡើងបន្ទាប់ពីសមាជិកសភា ពីរភាគបី ឬស្មើនឹង ៣៤២សំឡេង បានគាំទ្រឲ្យមានចំណាត់ការមួយប្រឆាំង នឹងការល្មើសតួនាទីរបស់លោកស្រី Dilma Rousseff។ ដូច្នេះព្រឹទ្ធសភា នឹងធ្វើការវិនិច្ឆ័យចំពោះការចោទប្រកាន់នេះ នៅប៉ុន្មានសប្តាហ៍ទៀត។

លោកស្រី ឌីលម៉ា រួសេហ្វ ត្រូវបានក្រុមប្រឆាំងចោទប្រកាន់ថា បានកេងចំណេញនយោបាយយ៉ាងសម្បើម តាមរយៈការថ្លែងតាមបណ្តាញសង្គម ដោយលោកស្រីប្រធានាធិបតី កាលពីពេលថ្មីៗនេះថា អធិបតេយ្យភាពរបស់ប្រទេសប្រេស៊ីល ក៏ដូចជាឆន្ទៈរបស់ប្រជាជន កំពុងស្ថិតនៅក្នុងគ្រោះថ្នាក់ ជាពិសេសគឺសមិទ្ធិផលសង្គម និងសិទ្ធិរបស់ប្រជាជនគ្រប់ៗរូប។

គួរបញ្ជាក់ថា បញ្ហាពាក្យបណ្ដឹងនេះ ត្រូវបានលោកស្រី Rousseff ចោទប្រកាន់បក ទៅកាន់ក្រុមអ្នកប្រឆាំងវិញថា មានគំនិតចង់ធ្វើ "រដ្ឋប្រហារ" ខណៈពេលដែលក្រុមអ្នកតវ៉ា មកពីបក្សប្រឆាំងចំនួន ២៥,០០០នាក់បានប្រមូលផ្តុំនៅខាងក្រៅសភា៕