(ញូដេលី)៖ មនុស្សយ៉ាងហោចណាស់ ២៧នាក់បានស្លាប់ និង១៣នាក់ផ្សេងទៀតរងរបួស បន្ទាប់ពីរថយន្តក្រុងដែលពួកគេ ជិះបានធ្លាក់ចូលទៅក្នុងជ្រោះ នៅក្បែរផ្លូវធ្វើដំណើរនៃស្រុក Deogarh ស្ថិតនៅក្នុងរដ្ឋ Odhisa ភាគខាងកើតប្រទេសឥណ្ឌា។ នេះបើតាមការចេញផ្សាយមុននេះបន្តិច ដោយទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នៅព្រឹកថ្ងៃចន្ទ ទី១៨ ខែមេសា ឆ្នាំ២០១៦។

តាមពិតទៅគ្រោះថ្នាក់ចរាចរណ៍ដ៏អាក្រក់នោះ បានកើតឡើងតាំងពីយប់ថ្ងៃអាទិត្យមកម្ល៉េះ ដោយវាស្ថិតនៅចម្ងាយ២៦៤គីឡូម៉ែត្រ នៃភាគពាយ័ព្យរបស់ទីក្រុង Bhubaneswar របស់រដ្ឋ Odhisa។ រថយន្តក្រុងខាងលើនេះបានដឹកក្រុមល្ខោន អូប៉េរ៉ា ចំនួន៤០នាក់។ ប៉ូលិសបានអះអាងថា ផ្លូវធ្វើដំណើរនោះ ទំនងជាខ្ពស់ខ្លាំងពេក ហើយរថយន្តក្រុងទំនងជាបានបាត់បងម្ចាស់ការទៀត ពេលចុះចំណោត ទើបបានបណ្តាលឲ្យធ្លាក់ចូល ទៅក្នុងជ្រោះជម្រៅជាង ៥០ម៉ែត្រនោះតែម្តង៕