(បន្ទាយមានជ័យ)៖ លោក យិត បុណ្ណា រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជានាយកគម្រោងសាងសង់អគារច្រកទ្វារអន្តរជាតិស្ទឹងបត់ និងលោក Perames Vudthitornetiraks គណៈប្រតិភូនីដា (NEDA) នៃប្រទេសថៃ រួមនិងអាជ្ញាធរពាក់ព័ន្ធរបស់ខេត្តបន្ទាយមានជ័យ បានបើកកិច្ចប្រជុំពិភាក្សាការងារ និងចុះ ត្រួតពិនិត្យដំណើរការនៃគម្រោងសាងសង់អគារច្រកទ្វារអន្តរជាតិស្ទឹងបត់ និងផ្លូវតភ្ជាប់ទៅផ្លូវជាតិលេខ៥ ស្ថិតនៅភូមិស្ទឹងបត់ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

នៅក្នុងឱកាសចុះត្រួតពិនិត្យ និងបើកកិច្ចប្រជុំនាពេលថ្មីៗនេះលោក តាន់ គឹមហួត តំណាងក្រុមហ៊ុនចម្រុះ C M Grand Development និងលោក Tan Kim Eng បានបញ្ជាក់ថា បច្ចុប្បន្ននេះគម្រោងអនុវត្តការងាររបស់ខ្លួនសម្រេចបាន ៣០.៣៧ភាគរយ យឺតជាងផែនការកំណត់ ហើយភាពយឺតយ៉ាវទាំងនេះគឺបណ្តាលមកពីការរីករាលដាលនៃជំងឺកូវីដ១៩ និងកត្តាអាកាសធាតុ។ ក្រុមហ៊ុនសាងសង់បានប្តេជ្ញានឹងបញ្ចប់គម្រោងសាងសង់ច្រកអន្តរជាតិនេះ តាមផែនការកំណត់។

លោក យិត បុណ្ណា និងគណៈប្រតិភូនីដា បានជំរុញឱ្យក្រុមហ៊ុនចម្រុះ CM និង TKE ខិតខំអនុវត្តគម្រោងឱ្យសម្រេចបានតាមផែនការកំណត់ ជាពិសេសត្រូវយកចិត្ត ទុកដាក់ និងគោរពតាមបទដ្ឋានបច្ចេកទេស និងប្លង់បច្ចេកទេសរបស់គម្រោង។

សូមបញ្ជាក់ថា គម្រោងច្រកទ្វារព្រំដែនអន្តរជាតិនេះ នឹងចូលរួមចំណែកយ៉ាងសំខាន់ និងមិនអាចខ្វះបានក្នុងការជម្រុញកំណើនសេដ្ឋកិច្ចជាតិ តាមរយៈការដឹកជញ្ជូន និងកាត់បន្ថយពេលវេលាក្នុងត្រួតពិនិត្យការដឹកជញ្ជូនទំនិញ និងសម្ភារៈវត្ថុនានាឆ្លងកាត់ប្រទេសទាំងពីរកម្ពុជា និងថៃ នៅក្នុងខេត្តបន្ទាយមានជ័យផងដែរ៕