(ស្វាយរៀង)៖ លោក ឧត្តមសេនីយ៍ត្រី សែ វុទ្ធី មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៦នេះ បានជួបសំណេះសំណាលសួរសុខទុក្ខ និងជូនអំណោយឆ្នាំថ្មី ដល់នាយ នាយរង និងពលអាវុធហត្ថខេត្តដែលចូលនិវត្ត និងគ្រូសារពលីមរណៈចំនួន៥៣នាក់​ ដែលអតីតជានាយទាហាន នៃកងរាជអាវុធហត្ថខេត្តស្វាយរៀង។

សកម្មភាពនេះ បានធ្វើឡើងដោយមានការណែនាំពី នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ ជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ចំពោះការយកចិត្តទុកដាក់ និងគិតគូដល់កងកម្លាំងអាវុធហត្ថបើទោះបីពួកគាត់ចូលនិវត្តន៍ និងមានគ្រួសារទទួលមរណភាពក៏ដោយនោះ។

លោក ឧត្តមសេនីយ៍ត្រីសែ វុទ្ធី បានអញ្ជើញ នាយ នាយរង និងពលអាវុធហត្ថខេត្តដែលបានចូលនិវត្តនិងពលីមរណៈ ទាំងអស់ មកជួបសំណេះសំណាល ដើម្បីអបអរសាទរបុណ្យចូលឆ្នាំថ្មី ភ្ជាប់ជាមួយកាដូចំណងដៃ ក្នុងម្នាក់ៗទទួលបាន អង្ករ១បាវ មីយើង១កេះ ស្កសរ១គីឡូក្រាម ប៊ីចេង១គីឡូក្រាម ត្រីខកំប៉ុង១យូ ប្រាក់៥០.០០០រៀល គ្រប់ៗគ្នា។

លោកមេបញ្ជាការ បានលើកឡើងថា ជានិច្ចជាកាល នាយឧត្តមសេនីយ៍ សៅ សុខា តែងតែយកចិត្តទុកដាក់គិតគូរពីសុខទុក្ខ របស់អាវុធហត្ថគ្រប់ៗរូប បើទោះជាថ្ងៃនេះ នាយឧត្តមសេនីយ៍ មិនបានអញ្ជើញមកជួបបងប្អូនដោយផ្ទាល់ ប៉ុន្តែនាយឧត្តមសេនីយ៌ បានផ្តាំផ្ញើ សួរសុខទុក្ខ និងជូនពរបងប្អូនព្រមទាំងក្រុមគ្រួសារគ្រប់ៗគ្នា ពីចម្ងាយផងដែរ។

លោកមេបញ្ជាការ សែ វុទ្ទី បានបន្ថែមទៀតថា ក្នុងនាមលោក ជាមេបញ្ជាការ ពិតជាមានមោទនភាពខ្លាំងណាស់ ដែលបានឃើញ កម្លាំងអាវុធហត្ថទូទាំងខេត្ត មានសាមគ្គីភាពផ្ទៃក្នុងល្អ ឯកភាពគ្នាតែមួយ បំពេញភារកិច្ចសម្រេចបាន ស្នាដៃធំៗជាច្រើន ពិសេស ការបង្រ្កាបក្រុមជួញដូរគ្រឿងញៀនជាច្រើនករណី ដែលថ្មីៗនេះ បង្រ្កាបបានគ្រឿងញៀន នៅក្រុងបាវិតដែលជាជនជាតិចិន និងបានជួយពន្លត់គ្រោះអគ្គីភ័យ ទទួលបានការគោរព និងកោតសរសើរ ពីគ្រប់មជ្ឈដ្ឋាន។

ការសម្រេចបានស្នាដៃទាំងអស់នេះ ជាការរួមចំណែកមួយយ៉ាងសំខាន់ ក្នុងការចូលរួម ថែរក្សាសណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម ក្នុងខេត្តស្វាយរៀងយើងទាំងមូល។

លោក សែ វុទ្ធី បន្តទៀតថា សម្ភារដែលបានរៀបចំចែកជូនដល់បងប្អូននៅពេលនេះ សង្ឃឹមថាបានចូលរួមចំណែក ក្នុងការអបអរសាទរបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិយើង។ ជាចុងក្រោយ លោក សែ វុទ្ធី បានសំណូមពរដល់ នាយ នាយរង និងពលអាវុធហត្ថខេត្ត ទាំងអស់ សូមបន្តវប្បធម៌ សាមគ្គីភាពផ្ទៃក្នុង ឯកភាពគ្នាតែមួយ ប្រឹងប្រែងបំពេញភារកិច្ច បំរើ ការពារ សង្គ្រោះ ប្រជាពលរដ្ឋ គោរពច្បាប់និងសិទ្ធមនុស្ស លះបង់កម្លាំងកាយចិត្តចូលរួមថែរក្សា សណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម និងស្ថេរភាពនយោបាយកម្ពុជា ឲ្យកាន់តែល្អប្រសើរតទៅមុខទៀត កុំបីរុញរាឡើយ៕