(ភ្នំពេញ)៖ ស្នងការនគរបាលរាជធានីភ្នំពេញ នាយឧត្តមសេនីយ៍ ជួន សុវណ្ណ នៅព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៦ បានជួបប្រជុំជាមួយកងកម្លាំងនគរបាល ទាំង១២ខណ្ឌ និងនគរបាលជំនាញ ស្តីពីលទ្ធផលនៃប្រតិបត្តិការការពារសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ នាឱបុណ្យចូលឆ្នាំប្រពៃណីជាតិ ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ។

សម្រាប់រាជធានីភ្នំពេញ នាអំឡុងបុណ្យចូលឆ្នាំប្រពៃណីជាតិ គឺមានភាពស្ងាត់ស្ងៀមដោយសារតែ ប្រជាពលរដ្ឋភាគច្រើន បានចាកចេញទៅស្រុកកំណើត និងទៅលេងនៅតំបន់ទេសចរណ៍នានាទូទាំងប្រទេស ជាពិសេសអង្គរសង្រ្តាន្ត នៅខេត្តសៀមរាប។

នៅចំពោះអធិការទាំង១២ខណ្ឌ នាយការិយាល័យជំនាញ និងនាយនគរបាលប៉ុស្តិ៍ទាំងអស់ នាយឧត្តមសេនីយ៍ ជួន សុវណ្ណ បានកោតសរសើរចំពោះការខិតខំប្រឹងប្រែង​ លើកិច្ចការពារសន្តិសុខ ជាពិសេសបទល្មើសនៅភ្នំពេញ នាបុណ្យចូលឆ្នាំនេះ ដែលធ្វើឲ្យមានស្ថានភាពល្អប្រសើរ ហើយបទល្មើសមានការថយចុះយ៉ាងច្រើន។

យ៉ាងណាក៏ដោយ នាយឧត្តមសេនីយ៍ស្នងការ ក៏បានណែនាំដល់នាយនគរបាលតាមប៉ុស្តិ៍ ត្រូវរាយការណ៍ឲ្យបានច្បាស់លាស់ ពីគ្រោះអគ្គិភ័យក្នុងទឹកដីរបស់ខ្លួន ដើម្បីងាយស្រួលដល់រថយន្តពន្លត់អគ្គិភ័យ ចេញទៅជួយអន្តរាគមន៍។

សូមបញ្ជាក់ថា នាអំឡុងបុណ្យចូលឆ្នាំនេះ នៅរាជធានីភ្នំពេញ មានហេតុការណ៍គ្រោះអគ្គិភ័យដ៏ខ្លាំងមួយបាន កើតឡើងនៅសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ដែលបានបំផ្លាញផ្ទះប្រជាពលរដ្ឋ ជាង៥០ខ្នង។

ក្រោយកិច្ចប្រជំុរួចមក នាយឧត្តមសេនីយ៍ស្នងការ បានប្រគល់រថយន្តមួយគ្រឿងដល់ការិយាល័យកណ្តាលចរាចរណ៍ សម្រាប់ប្រតិបត្តិការរក្សាសន្តិសុខ និងសណ្តាប់ធ្នាប់ផងដែរ៕