(​ញូ​ដេលី​)៖ រដ្ឋាភិបាល​នៃ​ប្រទេស​ឥណ្ឌា បាន​ប្រកាស​ឲ្យដឹង​ជា​បឋម​ថា ចំនួន​អ្នក​ស្លាប់​ដោយសារ​រលក​កម្ដៅ​ខ្លាំង​នៅ​ភាគខាងត្បូង​នៃ​ប្រទេស បាន​កើនឡើង​ដល់ ១១១​នាក់ ក្នុង​នោះ​ភាគច្រើន​ស្លាប់​ដោយសារ​ខ្សោះ​ជាតិ​ទឹក​នៅ​ក្នុង​ខ្លួន និង​គាំង​បេះ​ដួង នេះ​បើ​យោងតាម​ការចេញផ្សាយរ​បស់​សារព័ត៌មាន India Times ​ចេញផ្សាយ​នៅ​ថ្ងៃទី​១៨ ខែ​មេសា​។​

​តាម​ការព្យាករណ៍​អាកាសធាតុ​របស់​គេហទំព័​រ Weather បានឲ្យដឹងថា រលក​កម្ដៅ​នៅក្នុង​រដ្ឋ Telangana និង Andhra Pradesh ភាគខាងត្បូង​នៃ​ប្រទេស​ឥណ្ឌា បាន​កើនឡើង​ដល់ ៤៥​អង្សា​សេ ដែល​បណ្ដាលឲ្យ​មនុស្ស​នៅក្នុង​​រដ្ឋ​ទាំង​ពីរ​នេះ ស្លាប់​ប្រមាណ​ជា ១១១​នាក់ ហើយ​បើសិនជា​រលក​កម្ដៅ​នេះ មិន​អន់ថយ​នោះទេ អាច​នឹង​បណ្ដាល​ឲ្យ​មាន​មនុស្ស​ស្លាប់​បន្តទៀត​។​

​អាជ្ញាធរ ក៏​ដូច​ជា​រដ្ឋាភិបាល​ឥណ្ឌា បាន​ចេញ​សេចក្ដីប្រកាស​ឲ្យ​ពលរដ្ឋ​ដែល​រស់នៅ​តំបន់​ដែល​មាន​កម្ដៅ​កើនឡើង មាន​​ការប្រុងប្រយ័ត្ន ដោយ​ទទួលទាន​ទឹក និង​ងូតទឹក​ឲ្យបាន​ច្រើនដង ហើយ​បើ​តាម​អ្នកជំនាញ​បានបញ្ជាក់​ថា ការឡើង​កម្ដៅ​នេះ អាច​បណ្ដាលមកពី​បាតុភូត​អាកាសធាតុ El Nino​។​

​គួរ​បញ្ជាក់​ផង​ដែរ​ថា កាលពី​ឆ្នាំ​២០១៥ កន្លងទៅនេះ ប្រទេស​ឥណ្ឌា ក៏​បាន​ជួបប្រទះ​នូវ​បាតុភូត​ធម្មជាតិ​រលក​កម្ដៅ​ខ្លាំង​​នេះ​ផង​ដែរ ដោយ​បាន​សម្លាប់​មនុស្ស​ជាង ២,០០០​នាក់​៕​