(ភ្នំពេញ)៖ ថ្នាក់ដឹកនាំ និងសមាជិកនៃគណបក្សប្រជាជនកម្ពុជាក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ សូមប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការប្រកាសគាំទ្រ ឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្រ្តី នាពេលអនាគត។

ញត្តិរបស់គណបក្សប្រជាជនកម្ពុជាក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ថា «យើងខ្ញុំទាំងអស់គ្នាជាថ្នាក់ដឹកនាំ និងសមាជិកនៃគណបក្សប្រជាជនកម្ពុជាក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ សូមគាំទ្រទាំងស្រុងចំពោះប្រសាសន៍ សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ហេដ្ឋារចនា-សម្ព័ន្ធផ្លូវ ៣៧ខ្សែ ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ និងសមិទ្ធផលនានាក្នុងខេត្តព្រះសីហនុ ប្រកាសគាំទ្រឯកឧត្តម ហ៊ុន ម៉ាណែត ជា បេក្ខភាពនាយករដ្ឋមន្រ្តី នាពេលអនាគត បន្តពី សម្តេចអគ្គមហាសេនាបតីជា។ឯកឧត្តម ហ៊ុន ម៉ាណែត ជាយុវជនគំរូដ៏ឆ្នើមរបស់គណបក្សពោរពេញដោយសមត្ថភាពសក្តានុពល និងទេពកោសល្យខ្ពស់ ព្រមទាំងមានគុណធម៌ និងសីលធម៌ល្អ ចូលរួមយ៉ាងសកម្មក្នុងបេសកកម្ម ដើម្បីបុព្វហេតុជាតិ មាតុភូមិ និងប្រជាជនកម្ពុជា»

ឯកឧត្តម ហ៊ុន ម៉ាណែត គឺជាយុវជន និងជាឥស្សរជនថ្នាក់ដឹកនាំខ្មែរដ៏ឆ្នើមមួយរូបរបស់កម្ពុជា ពោរពេញដោយសមត្ថភាព និងទេពកោសល្យខ្ពស់ ព្រមទាំងមានគុណធម៌ និងសីលធម៌ដ៏ល្អ ដែលទទួលបានការកោតសរសើរ, ការគោរព និងការស្រឡាញ់ពីសំណាក់ប្រជាជនទូទៅ, មន្រ្តីរាជការ និងកងកម្លាំងប្រដាប់អាវុធ ហើយបាន និងកំពុងរួមចំណែកដឹកនាំ និងចូលរួមយ៉ាងសកម្មក្នុងបេសកកម្មដើម្បីបុព្វហេតុជាតិ មាតុភូមិ និងប្រជាជនកម្ពុជា។

យើងខ្ញុំទាំងអស់គ្នាមានជំនឿយ៉ាងមុតមាំថា ឯកឧត្តម ហ៊ុន ម៉ាណែត ពិតជាឥស្សរជនដែលស័ក្តិសមជាអនាគតនាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីបន្តវេនដឹកនាំការពារបូរណភាពទឹកដី សុខសន្តិភាព និងស្ថិរភាពសង្គម, ការលើកកម្ពស់កិត្យានុភាពជាតិ និងការអភិវឌ្ឍជាតិឱ្យកាន់តែមានភាពរីកចម្រើនលើគ្រប់វិស័យ ដើម្បីវិបុលភាព សេចក្តីសុខ និងសុភមង្គលរបស់ប្រជាជនកម្ពុជា៕