(ភ្នំពេញ)៖ របាយការណ៍របស់នាយកដ្ឋាន នគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ បានឲ្យដឹងនៅរយៈពេល៥ថ្ងៃចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៦នេះ គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស បានសម្លាប់មនុស្ស៥២នាក់ ចំនួននេះមានការថយចុះបើធៀបនឹងរយៈពេល៥ថ្ងៃដូចគ្នា កាលពីឆ្នាំ២០១៥ ដែលមានអ្នកស្លាប់រហូតដល់៥៥នាក់ ខណៈអ្នករងរបួសវិញ នៅឆ្នាំនេះមានអ្នករបួសចំនួន២៣៩នាក់ ចំណែកឆ្នាំមុនអ្នករងរបួស រហូតដល់៣៦២នាក់។

របាយការណ៍ដដែលបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍ទាំង៥ថ្ងៃនោះ បានកើតឡើងចំនួន១១៣លើក ចំនួននេះមានការថយចុះបើធៀបនឹងឆ្នាំមុន ដោយឆ្នាំមុនមានរហូតដល់១៥៨លើក ពោលគឺកើនឡើង២៨ភាគរយ ។ ដោយឡែកចំពោះមូលហេតុ ដែលនាំឲ្យគ្រោះថ្នាក់ចរាចរណ៍ភាគច្រើន បើកបរក្នុងល្បឿនលឿន ស្រវឹង ប្រជែង មិនគោរពសិទ្ធិ មិនប្រកាន់ស្តាំ បត់គ្រោះថ្នាក់ ងងុយដេក កត្តាយានយន្តជាដើម។

ចំណែកខេត្តដែលមានគ្រោះថ្នាក់ចរាចរណ៍ច្រើនជាងគេ គឺខេត្តព្រៃវែង៩លើកស្លាប់៨នាក់ ខេត្តតាកែវ៧លើកស្លាប់៨នាក់ ខេត្តកណ្តាល៧លើកស្លាប់៦នាក់ ខេត្តកំពង់ចាម ៨លើកស្លាប់៤នាក់ ខេត្តក្រចេះ៥លើកស្លាប់៤នាក់ ខេត្តកំពង់ឆ្នាំង៤លើកស្លាប់៣នាក់  ខេត្តកំពង់ស្ពឺ៧លើកស្លាប់៣នាក់ ខេត្តត្បូងឃ្មុំ៣លើកស្លាប់៣នាក់ និងខេត្តមួយចំនួនទៀត។

ជាមួយគ្នានេះ នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៦នេះ អ្នកស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ មានចំនួន៥នាក់ ខណៈអ្នករងរបួសធ្ងន់ស្រាលចំនួន៣២នាក់៕