(សៀមរាប)៖ សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប នាថ្ងៃ០១ ខែធ្នូ ឆ្នាំ២០២១នេះ បានផ្ដល់អំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋដែលរស់នៅជាមួយមេរោគអេដស៍ចំនួន ១៥០នាក់ មកពីស្រុកចំនួន៣ មានស្រុកសូទ្រនិគម ស្រុកជីក្រែង និងស្រុកស្វាយលើ។

កម្មវិធីនេះបានរៀបចំនៅភោជនីយដ្ឋានពេញចិត្ត ស្រុកសូទ្រនិគម ក្រោមវត្តមានលោកស្រី ទាង អេង ទៀសីហា អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្តសៀមរាប តំណាងលោក ទៀ សីហា អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្តសៀមរាប។

លោកស្រី ទាង អេង ទៀសីហា បានផ្ដាំផ្ញើសារអប់រំសុខភាពរបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកក្របាទក្រហមកម្ពុជា ជូនដល់ប្រជាពលរដ្ឋកម្ពុជាគ្រប់រូប ដែលមានខ្លឹមសារដូចខាងក្រោម៖

១៖ ត្រូវអប់រំផ្សព្វផ្សាយពីបញ្ហាអេដស៍ និងជំងឺកូវីដ១៩ បានដល់សហគមន៍ និងជួយឧបត្ថម្ភគាំពារដល់អ្នកផ្ទុកមេរោគអេដស៍ អ្នកជំងឺអេដស៍ ក្នុងប្រធានបទ «រស់នៅធម្មតា រស់តាមបែបគន្លងថ្មី»

២៖ លើកទឹកចិត្តប្រជាពលរដ្ឋដែលបានប្រព្រឹត្ត ឬសង្ស័យថាខ្លួនបានប្រឈមនឹងការឆ្លងមេរោគអេដស៍ សូមប្រញាប់រួសរាន់ស្វែងរកសេវាផ្តល់ប្រឹក្សា និងធ្វើតេស្តឈាមរកមេរោគអេដស៍ដោយស្ម័គ្រចិត្ត និងរក្សាការសម្ងាត់នៅតាមសេវាសាធារណៈ សេវាអង្គការសង្គមស៊ីវិល សេវាឯកជន។ល។ ដើម្បីឆាប់បានដឹងពីស្ថានភាពផ្ទុកមេរោគអេដស៍ ដែលអាចប្រើប្រាស់ក្នុងការសម្រេចចិត្តទទួលបានសេវាថែទាំ និងព្យាបាលបន្តបានទាន់ពេលវេលា។

៣៖ ស្ត្រីមានផ្ទៃពោះទាំងអស់ សូមប្រញាប់រួសរាន់ទៅស្វែងរកសេវាថែទាំ និងពិនិត្យផ្ទៃពោះឲ្យបានត្រឹមត្រូវ និងទៀងទាត់តាមការណែនាំរបស់បុគ្គលិកពេទ្យ ដើម្បីទប់ស្កាត់ការចម្លងមេរោគអេដស៍ពីម្តាយទៅទារក។

៤៖ ត្រូវបញ្ឈប់ជាដាច់ខាតនូវគ្រប់ទម្រង់រើសអើង ឬមាក់ងាយទៅលើអ្នកផ្ទុកមេរោគអេដស៍ និងជំងឺអេដស៍ ព្រោះជាអំពើផ្ទុយទៅនឹងច្បាប់ ស្តីពី ការបង្ការ និងទប់ស្កាត់ការរីករាលដាលមេរោគអេដស៍ និងជំងឺអេដស៍នៅកម្ពុជា និងជាទង្វើអមនុស្សធម៌ផង។

៥៖ ប្រជាពលរដ្ឋទាំងឡាយដែលមានមុខរបរ ឬការប្រព្រឹត្តប្រឈមខ្ពស់នឹងការឆ្លងមេរោគអេដស៍ សូមប្រើប្រាស់ស្រោមអនាម័យឲ្យបាន១០០% នៅរៀងរាល់ពេលដែលមានទំនាក់ទំនងរួមភេទ។

៦៖ សូមចូលរួមជាកម្លាំងសាមគ្គីភាពរឹង ក្នុងការទប់ស្កាត់ការរីករាលដាលមេរោគអេដស៍ និងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ជាពិសេសមិនឲ្យកើតមានក្នុងសហគមន៍។

សូមបញ្ជាក់ថា អំណោយមនុស្សធម៌ដែលបានជូនម្នាក់ៗទទួលបានមុង១ ភួយ១ សារុង១ ក្រមា១ អាវយឺត២ មី១កេស ត្រីខ១យួរ ទឹកស៊ីអ៉ីវ១យួរ ទឹកដោះគោខាប់២កំប៉ុង សាប៊ូក្រអូ២ដុំ អង្ករ៣០គីឡូក្រាម និងថវិកា៥ម៉ឺនរៀល៕