(ព្រះសីហនុ)៖ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នាថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២១នេះ បានដឹកនាំប្រតិភូក្រសួង និងមន្ត្រីជំនាញចុះទៅពិនិត្យមើលការរៀបចំនៅអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ ក្នុងការត្រៀមលក្ខណៈទទួលភ្ញៀវទេសចរអន្តរជាតិ ដែលបានចាក់វ៉ាក់សាំង ការពារជំងឺកូវីដ-១៩ ពេញលេញ ចូលមកទស្សនាខេត្តព្រះសីហនុ ។

នាឱកាសនោះលោករដ្ឋមន្ត្រីទាំងពីរ ក៏បានផ្តល់នូវអនុសាសន៍ណែនាំដល់អ្នកគ្រប់គ្រងនៅព្រលានយន្តហោះអន្តរជាតិខេត្តព្រះសីហនុ ២ចំណុចរួមមាន ៖

* ទី១៖ សម្រាប់អាកាសយាន្តដ្ឋានអន្តរជាតិខេត្តព្រះសីហនុ ត្រូវជំរុញការអនុវត្តនីតិវិធីប្រតិបត្តិស្តង់ដារ SOP របស់ក្រសួងសុខាភិបាល ស្របតាមគន្លងប្រក្រតីភាពថ្មី សម្រាប់ច្រកទ្វារចេញ-ចូលអន្តរជាតិ ឱ្យមានប្រសិទ្ធិភាពខ្ពស់។

* ទី២៖ សម្រាប់ក្រុមហ៊ុនអាកាសចរណ៍ ត្រូវជំរុញការហោះហើរក្នុងស្រុក និងការតភ្ជាប់ផ្លូវអាកាសពីប្រទេសដែលជាប្រភពទីផ្សារទេសចរណ៍សំខាន់ៗរបស់កម្ពុជា បម្រើដល់ការទទួលទេសចរអន្តរជាតិ និងអ្នកដំណើរដែលបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ពេញលេញ ប្រកបដោយតម្លៃសមរម្យ គុណភាព និងសុវត្ថិភាពជូន ភ្ញៀវទេសចរ។

សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានសម្រេចអនុញ្ញាតឲ្យអ្នកដំណើរទាំងជនជាតិខ្មែរ និងជនជាតិបរទេសដែលធ្វើដំណើរចូលកម្ពុជា ហើយបានចាក់វ៉ាក់សាំងពេញលេញ (២ដូស) គឺមិនតម្រូវឲ្យធ្វើចត្តាឡីស័កទៀតទេ។ លើកលែងតែអ្នកដែល មិនទាន់ចាក់វ៉ាក់សាំងគឺត្រូវឲ្យធ្វើចត្តាឡីស័ក១៤ថ្ងៃដដែល។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ទៀតថា សម្រាប់អ្នកដំណើរដែលធ្វើដំណើរតាមផ្លូវអាកាសទាំងភ្នំពេញ ខេត្តព្រះសីហនុ និងខេត្តសៀមរាប, តាមផ្លូវទឹក និងតាមផ្លូវគោកជាដើម ត្រូវធ្វើតេស្តរហ័សដែលត្រូវរង់ចាំរយៈពេលត្រឹមតែ១៥នាទីប៉ុណ្ណោះ គឺអាចដឹងលទ្ធផលបាន។ បន្ទាប់ពីទទួលបានលទ្ធផលធ្វើតេស្តអវិជ្ជមាន ហើយនោះ អ្នកដំណើរចូលកម្ពុជា ទាំងអស់អាចធ្វើដំណើរដោយសេរីទូទាំងប្រទេសកម្ពុជា ដោយមិនកម្រិតតំបន់ ឬខេត្តសម្រាប់ដើរហើយនោះទេ។

សម្តេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ថា សម្រាប់អ្នកដែលមិនទាន់បានចាក់វ៉ាក់សាំងហើយចូលមកកម្ពុជា តម្រូវឲ្យធ្វើតេស្តដោយម៉ាស៉ីន PCR និងធ្វើចត្តាឡីស័ក រយៈពេល១៤ថ្ងៃដដែល។

សម្តេចនាយករដ្ឋមន្ត្រី ក៏បានណែនាំដល់ក្រសួងស្ថាប័នពាក់ព័ន្ធ សូមធ្វើការជាបន្ទាន់នូវការសម្រេចរបស់រាជរដ្ឋាភិបាល ដើម្បីអាចដំណើរការការសម្រេចនេះ ចាប់ពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១តទៅ។ សម្រាប់បងប្អូនដែលកំពុងធ្វើចត្តាឡីស័ក បន្ទាប់ពីទទួលបានការសម្រេចថ្មីនេះសូមឲ្យមានការលើកលែងការធ្វើចត្តាឡីស័ក ចាប់ពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ទៀតថា ការសម្រេចអនុញ្ញាតការមិនតម្រូវធ្វើចត្តាឡីស័ក ចំពោះអ្នកចាក់វ៉ាក់សាំង ពេញលេញ រួចនេះ គឺត្រូវជាមួយប្រទេសថៃ ឡាវ និងវៀតណាមផងដែរ។

សម្តេចតេជោ ហ៊ុន សែន បន្ថែមថា ការមិនតម្រូវឲ្យធ្វើចត្តាឡីស័កនេះ គឺឆ្លើយតបទៅនឹងបរិបទថ្មី ដែលយើងត្រូវបានដំណើរការសេដ្ឋកិច្ចឡើងវិញ ខណៈប្រជាពលរដ្ឋខ្មែរ យើង ត្រូវការធ្វើដំណើរចេញចូលប្រទេស ប៉ុន្តែព្រួយបារម្ភអំពីការធ្វើចត្តាឡីស័ក នៅពេលនេះបងប្អូនប្រជាពលរដ្ឋលែងព្រួយបារម្ភ ពីការធ្វើចត្តាឡីស័កទៀតហើយ៕