(អេក្វាទ័រ)៖ គ្រោះធម្មជាតិរញ្ជួយដីកម្រិត ៧,៨ រ៉ិចទ័រ បានបណ្តាលឲ្យមនុស្សស្លាប់រហូតមកដល់ពេលនេះចំនួន ៧៧នាក់ និង ៥៨៨នាក់ទៀតរងរបួស ស្របពេលដែលកម្លាំងទាហានសរុប ១៣,៥០០នាក់ ត្រូវបានដាក់ពង្រាយដើម្បីធ្វើការជួយ សង្គ្រោះនៅតំបន់រងគ្រោះនានាជាបន្ទាន់។ នេះបើតាមការចេញផ្សាយព័ត៌មានទាន់ហេតុការណ៍ មុននេះបន្តិច នារសៀលថ្ងៃអាទិត្យ ទី១៧ ខែមេសា ឆ្នាំ២០១៦។

ហើយគ្រោះរញ្ជួយដីនោះក៏ បានធ្វើឲ្យអគារជាច្រើនក្នុងរដ្ឋធានី គ្វីតូ រងភាពរង្គោះរង្គើផងដែរ ដែលជាហេតុនាំឲ្យដាច់ចរន្តអគ្គិសនី និងផ្លូវថ្នល់ជាច្រើនរងការខូចខាត។ អាជ្ញាធរដោះស្រាយ គ្រាមានអាសន្នរបស់ប្រទេសអេក្វាទ័រ បានសម្រេចដាក់ខេត្តចំនួន ០៦នៅក្នុងប្រទេស អាមេរិកខាងត្បូងមួយនេះទៅក្នុងគ្រាមានអាសន្ន បន្ទាប់ពីគ្រោះធម្មជាតិរញ្ជួយដី កម្រិត៧,៨រ៉ិចទ័រ វាយប្រហារក្រុង Muisne ជាប់ឆ្នេរសមុទ្រ ចម្ងាយ៣០០គីឡូម៉ែត្រពី ទីក្រុង Guayaquil ភាគខាងជើងប្រទេស។

បន្ថែមពីលើនេះ តំបន់ឆ្នេរខ្សាច់ខាងលើនេះ បានទទួលរងការខូចខាតផ្នែកហេដ្ឋារចនាសម្ព័ន្ធយ៉ាងខ្លាំង ដោយក្នុងនោះសណ្ឋាគារធំៗចំនួនពីរនៅទីក្រុង Manta បានដួលរលំតែម្តង៕