(កោះកុង)៖ មន្ទីរសុខាភិបាលខេត្តកោះកុង នៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២១នេះ បានបើកយុទ្ធនាការដោយស្ម័គ្រចិត្តបរិច្ចាគឈាម ដើម្បីទុកជួយសង្គ្រោះជីវិតអ្នកជំងឺដែល ត្រូវការឈាម នៅមន្ទីរពេទ្យបង្អែកស្រុកស្រែអំបិល មានអ្នកចូលរួមបរិច្ចាគឈាម ៣៥០នាក់។

យុទ្ធនាការនេះធ្វើឡើងក្រោមវត្តមានលោកវេជ្ជបណ្ឌិត សុខ ប៉ូ ប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាម លោកវេជ្ជបណ្ឌិត ទៅ ម៉ឹង ប្រធានមន្ទីរសុខាភិបាល ខេត្តកោះកុង, លោក ជា ច័ន្ទកញ្ញា អភិបាលស្រុកស្រែអំបិល និងមានចូលរួមព្រះសង្ឃ យុវជន ស.ស.យ.ក យុវជនកាកបាទក្រហម និងកងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ។

លោកវេជ្ជបណ្ឌិត សុខ ប៉ូ បានឱ្យឲ្យដឹងថា ដើម្បីលើកកម្ពស់ការបរិច្ចាគឈាមដោយស្ម័គ្រចិត្ត និងមិនគិតពីកម្រៃដើម្បី រួមចំណែកជួយសង្គ្រោះជីវិតជនរងគ្រោះដោយ សប្បុរសធម៌ ក្នុងយុទ្ធនាការបរិច្ចាគឈាមដើម្បីសង្គ្រោះជីវិតថ្ងៃនេះ គឺជាប្រធានបទដ៏មានអត្ថន័យសម្រាប់យើងទាំងអស់គ្នា។ មជ្ឈមណ្ឌលផ្តល់ឈាមបានកត្រាទុកនូវ ព្រឹត្តិការណ៍ដ៏សំខាន់មួយនេះ និងអរគុណជាអនេកកប្បការគាំទ្រពេញទំហឹង ដើម្បីបុព្វហេតុមនុស្សធម៌ និងសូមឲ្យប្រជាពលរដ្ឋជួយអំពាវរនាវឲ្យមានការគាំទ្របន្តទៀត តាមរូបភាពក្នុងយុទ្ធនាការផ្សេងៗក្នុងពេលខាងមុខ។

លោកវេជ្ជបណ្ឌិត បានបន្តបន្ថែមថា ការបរិច្ចាគឈាមគឺតម្រូវឲ្យមានសុខភាពល្អ ហើយមានអាយុចាប់ពី១៨ ដល់៦០ឆ្នាំ មានទម្ងន់ពី៤៥គីឡូឡើង មានអេម៉ូក្លូប៊ីន លើសពី ១២.៥/១០០ml សម្ពាធឈាមពី ១០០mmHg /៦០mmHg ទៅ១៤០mmHg/ ៩០mmHg ហើយចន្លោះក្នុងពេលបរិច្ចាគឈាមរៀងរាល់៣ខែ សម្រាប់បុរស រៀងរាល់៤ខែសម្រាប់ស្ត្រី។

លោកវេជ្ជបណ្ឌិត សុខ ប៉ូ បានបញ្ជាក់ទៀតថា ស្ថានភាពតម្រូវការឈាមក្នុងឆ្នាំ២០២០កន្លងមក គឺត្រូវការឈាមមួយប្លោក ដើម្បីជួយសង្គ្រោះជីវិត អ្នកជំងឺរៀងរាល់ ៦នាទីម្តង តម្រូវការឈាមប្រចាំថ្ងៃសរុប ២០០ប្លោក នៅរាជធានីភ្នំពេញ ហើយតម្រូវការទូទាំង ប្រទេសមានប្រមាណជិត១០ម៉ឺនប្លោក ដែលលើសពីឆ្នាំមុនជិត ២០% ហើយមជ្ឈមណ្ឌលជាតិផ្តល់ឈាម បានគ្រប់ដណ្តប់ជាង៧០%នៃការផ្តល់ឈាម។ ការបរិច្ចាគឈាមទាំងអស់ គឺទុកសម្រាប់ជួយសង្គ្រោះជីវិត ដែលប្រទះការខ្វះឈាម ដោយមិនប្រកាន់ពូជសាសន៍និន្នាការនយោបាយណាមួយឡើយ៕